រដ្ឋបាលក្រុងកំពង់ឆ្នាំង សំណូមពរដល់អាជីវករ និងពលរដ្ឋមន្ត្រីរាជការសូមចូលរួមប្រមូលសំរាមសំអាតដើម្បីបរិស្ថានល្អទីក្រុងស្អាត យើងទាំងអស់គ្នា
កំពង់ឆ្នាំង ៖ លោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារមន្ត្រីរាជការក្នុងក្រុង និងសង្កាត់ផ្សារឆ្នាំង ចុះប្រមូលសម្អាតសំរាមបាន ៣០បេ នៅមាត់ច្រាំងទន្លេផ្សារក្រោម ក្នុងសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងដែលប្រជាពលរដ្ឋនិងអាជីវករមួយចំនួនបានបោះចោលរៀងរាល់ថ្ងៃនៅមាត់ច្រាំងទន្លេ ធ្វើឱ្យតំបន់ខាងលើមានបរិស្ថានមិនល្អក្នុងទឹកទន្លេ។
ដោយឡែកនៅជុំវិញបរិវេណសាលាបឋមសិក្សាក្រុងកំពង់ឆ្នាំង ជាប់វិមានឯករាជ្យ នៅព្រឹកថ្ងៃទី០៦ ខែតុលានេះដែរ លោកអភិបាលក្រុងកំពង់ឆ្នាំង ក៏បានសហការជាមួយលោកនាយកសាលា និងលោកគ្រូអ្នកគ្រូ សិស្សានុសិស្សជាង ៩០០នាក់ ចូលរួមប្រមូលសំរាមសំអាតតាមដងផ្លូវជុំវិញបរិវេណសាលាបឋមសិក្សាគំរូក្រុងកំពង់ឆ្នាំងផងដែរ។
ទាក់ទងនឹងបញ្ហាសំរាម ប្រជាពលរដ្ឋរស់នៅតំបន់មាត់ទន្លេបានឲ្យដឹងថាសំរាមខាងលើនេះមួយចំនួនត្រូវបានអ្នកមកលេងកម្សាន្តនៅមាត់ទន្លេជាអ្នកបោះចោល និងមួយចំនួនទៀត ជាអាជីវករលក់ដូរនៅផ្សារចំណុចនោះផងដែរ តែអ្វីដែលគេរិះគន់វិញនោះ គឺអាជ្ញាធរក្រុង និងខេត្តទៅវិញ ដែលពុំទាន់មានវិធានការតឹងរឹងចំពោះករណីនេះ ព្រោះថា នៅចំណុចដើមពោធិ៍មាត់ទន្លេផ្សារ ក្រោម គឺមាននគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារឆ្នាំងមួយក្រុមនៅទីនោះដែរ បើប្រគល់ភារកិច្ចឲ្យគាត់ត្រួតពិនិត្យឃ្លាំមើល និងផាកពិន័យនោះនឹងអាចទប់ស្កាត់បាន ។
ក្នុងករណីនេះដែរ អភិបាលក្រុងកំពង់ឆ្នាំង លោក ហ៊ីង ភ័ព្វមិនា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរទាំងអស់ សូមមេត្តាចូលរួមទុកដាក់សំរាមនិងប្រមូលសំរាមទុកដាក់បានសមរម្យ ដើម្បីឲ្យរថយន្តរបស់ក្រុមហ៊ុនអនាម័យប្រមូលសំរាមរបស់ក្រុងកំពង់ឆ្នាំងដឹកឲ្យបានត្រឹមត្រូវ និងសូមកុំឲ្យបោះចោលពាសវាល ពាសកាល ដែលនាំឲ្យទីក្រុងយើងបាត់បង់បរិស្ថាន និងបាត់បង់សោភ័ណភាព ។
នៅក្នុងបញ្ហាសំរាមនេះដែរឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក៏បានដាក់ផែនការឲ្យលោកអភិបាលក្រុងកំពង់ឆ្នាំង រៀបចំកម្មវិធីមួយ អញ្ជើញប្រជាពលរដ្ឋ និងមន្ត្រីរាជការក្នុងខេត្ត ក្រុងចូលរួមធ្វើអនាម័យមួយពេល ដើម្បីប្រមូលសំរាមតាមមាត់ទន្លេ ក្នុងទឹកទន្លេ និងក្នុងក្រុងកំពង់ឆ្នាំង ដើម្បីត្រៀមរៀបចំពិធីបុណ្យអុំទូកបណ្ដែតប្រទីប អុជកាំជ្រូច របស់ខេត្តកំពង់ឆ្នាំង នៅក្នុងខែ១១ ខាងមុខនេះ ដើម្បីឱ្យប្រជាពលរដ្ឋភ្ញៀវជាតិអន្តរជាតិយើងទទួលបានការសប្បាយរីករាយនិងគយគន់មើលទេសភាពបរិស្ថានល្អទីក្រុងស្អាតសម្រាប់ខេត្តកំពង់ឆ្នាំងយើង៕ សុខ គឹមសៀន