អភិបាលរងខេត្តកំពង់ឆ្នាំងបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះបន្តសកម្មភាពចុះល្បាតនិងបង្ក្រាប បទល្មើសនេសាទនៅក្នុង ភូមិសាស្ត្រស្រុកបរិបូណ៌និងស្រុកជល់គីរី កាប់បំផ្លាញរបាំងសាច់អួននិងរបាំងស្បៃមុងខុសច្បាប់ចំនួន ០៨កន្លែងមានប្រវែង ៥៥០ម៉ែត្រ
កំពង់ឆ្នាំង ៖ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង លោក លី ឡា នាយខណ្ឋរដ្ឋបាលជលផលកំពង់ឆ្នាំងនៃមន្ទីរកសិកម្មខេត្ត ដោយអនុវត្តតាមបទបញ្ជាប្រមុខរាជរដ្ឋាភិបាល និងបទបញ្ជាររបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ បានដឹកនាំកម្លាំងសម្ថកិច្ចចម្រុះ សហការជាមួយគណៈបញ្ជាការឯកភាពស្រុកបរិបូរណ៍ និងស្រុកជល់គីរី បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផល នៅចំណុចក្រចាប់ និងចំណុចបឹងធំ ក្នុងស្រុកបរិបូរណ៍និងស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង។
ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ខាងលើនេះបានប្រើប្រាស់កម្លាំងសរុបចំនួន ៣១នាក់ និង មធ្យោបាយកាណូតស្មាច់ចំនួន០៥ គ្រឿង។
ជាលទ្ធផលកម្លាំងសមត្ថកិច្ចយើងបាន បំផ្លាញចោលវត្ថុតាងរួមមាន៖ របាំងសាច់អួនចំនួន១ករណីស្មើនឹង ២ កន្លែងប្រវែង ៣០០ម៉ែត្រ លបលូសាច់អួនចំនួន ៤មាត់ និងរបាំងស្បៃមុងចំនួន ០១ករណី ស្មើនឹង ០៦កន្លែង មានប្រវែង ២៥០ម៉ែត្រ លូស្បៃមុងចំនួន ០៦មាត់ បង្គោលសរុបចំនួន ៤០០ដើម និងបាន ចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិវិញចំនួន ៦០គីឡូក្រាមផងដែរ។
យោងតាមការបញ្ជាក់ពី លោក លី ឡា នាយខណ្ឌជលផលកំពង់ឆ្នាំង បានឲ្យដឹងផងដែរថា ជាទិសដៅរបស់មន្ទីរ និងរបស់គណៈបញ្ជាការឯកភាពខេត្ត កម្លាំងខណ្ឌរដ្ឋបាលជលផល និង នាយសង្កាត់រដ្ឋបាលជលផល គ្រប់ស្រុកត្រូវសហការបង្ក្រាបបទល្មើសនេសាទនៅ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានជាប្រចាំដោយមិនត្រូវឲ្យមានបទល្មើសនេសាទកើតមានអនាធិបតេយ្យនោះឡើយ។
ករណីនេះបើមានបទល្មើសនេសាទនៅក្នុងសង្កាត់ ឬផ្នែកជលផលណាមួយ ដោយការទ្វេសប្រហែស ឬ សមគំនិតត្រូវទទួលខុសត្រូវចំពោះមុខ គណបញ្ជាការឯកភាពរដ្ឋបាលខេត្ត ៕ សុខ គឹមសៀន