អភិបាលខេត្តព្រះវិហារ ក្រើនរំលឹកដល់មន្ទីរព័ត៌មានខេត្ត បន្តពង្រឹងសមត្ថភាពមន្ត្រីក្នុងការផលិតព័ត៌មានឲ្យត្រូវតាមវិជ្ជាជីវៈ និងត្រូវចេះវាយបកលើព័ត៌មានក្លែងក្លាយ ដើម្បីលើកស្ទួយវិស័យព័ត៌មានក្នុងខេត្ត ឲ្យកាន់តែប្រសើរឡើង
ខេត្តព្រះវិហារ៖ ប្រសាសន៍ដាស់តឿន ក្រើនរំលឹករបស់ អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្ត នារសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ នៅមន្ទីរព័ត៌មានខេត្តព្រះវិហារ ។
នៅក្នុងពិធីនេះផងទៀត ក៏មានការចូលរួមពីសំណាក់ ប្រធានមន្ទីរព័ត៌មានខេត្ត លោកស្រី ហែម សុគុណពិសី ,ទីប្រឹក្សាក្រសួងព័ត៌មាន មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្ត ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ-អង្គភាព និងថ្នាក់ដឹកនាំកងកម្លាំងទាំងបីរបស់ខេត្តព្រះវិហារ ផងដែរ ។
ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ លោកស្រី ហែម សុគុណពិសី បានរាយការណ៍ជូន ថ្នាក់ដឹកនាំខេត្ត ក្នុងការដឹកនាំមន្ទីរព័ត៌មានខេត្ត អស់រយៈពេល ៥ឆ្នាំ កន្លងមកនេះ អំពីការកសាងសមិទ្ធផលនានា ការផលិតព័ត៌មាន ការផ្សព្វផ្សាយព័ត៌មាន និងការអភិវឌ្ឍន៍វិស័យព័ត៌មាន ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីជំរុញការលើកកិត្យានុភាពមុខមាត់ របស់ខេត្តព្រះវិហារ ឲ្យបានកាន់តែល្បីសុះសាយ និងល្អប្រសើរឡើងថែមទៀត ។
អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានថ្លែង កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដែលមន្ទីរព័ត៌មានខេត្ត សម្រេចបាននាពេលកន្លងមក ដោយបានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ នូវគ្រប់សកម្មភាពថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក និងការរីកដុះដាលសមិទ្ធផលនានា នៅក្នុងភូមិសាស្រ្តខេត្តព្រះវិហារ ទាំងមូល ។
ឯកឧត្តមអភិបាលខេត្ត បានបន្តកោតសរសើរ ចំពោះមន្ត្រីជំនាញនៅក្នុងអង្គភាព នៃមន្ទីរព័ត៌មានខេត្ត ដែលបានខិតខំបំពេញការងារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចុះយកព័ត៌មាន ការផ្ដិតយករូបភាពមកផ្សព្វផ្សាយ ប្រកបដោយគុណភាព សំបូរបែប ទាន់ពេលវេលា និងជឿទុកចិត្តបាន ពិសេស ការទប់ស្កាត់នូវព័ត៌មានមិនពិត ។
ឯកឧត្តម គីម រិទ្ធី បានណែនាំ ដល់ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តព្រះវិហារ ត្រូវបន្តយកចិត្តទុកដាក់ អនុវត្តនូវភារកិច្ចស្នូល ក្នុងការផ្សព្វផ្សាយព័ត៌មានឲ្យបានទូលំទូលាយ ដើម្បីបង្ហាញដល់សាធារណជន ឲ្យបានយល់កាន់តែច្បាស់ អំពីសមិទ្ធផល និងកិច្ចអភិវឌ្ឍន៍ ប្រកបដោយភាពទទួលខុសត្រូវ របស់រដ្ឋបាលខេត្ត ក៏ដូច ប្រទេសជាតិ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើម និងប្រកបដោយភាពឈ្លាសវៃ ។
អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានថ្លែង ចាត់ទុកវិស័យព័ត៌មាន គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការផ្សព្វផ្សាយដោយសុឆន្ទៈ ក្នុងការធ្វើសេចក្តីសម្រេចនានា ការបង្ហាញពីសកម្មភាពសង្គម ព្រឹត្តិការណ៍ជាតិ អន្តរជាតិ និងការផ្តល់នូវចំណេះដឹងដ៏មានសក្តានុពលទៅគ្រប់មជ្ឈដ្ឋានទូទៅ ។ ឯកឧត្តមថា សកម្មភាពនានានៃអង្គភាពមន្ទីរព័ត៌មានខេត្ត ក៏ដូចជាវិស័យព័ត៌មាន និងសោតទស្សន៍ ទោះជាស្ថិតក្នុងបរិបទកូវីដ-១៩ក៏ដោយ ក៏វិស័យព័ត៌មានក្នុងខេត្តព្រះវិហារ បានអនុវត្តន៍ការងារបានយ៉ាងល្អប្រសើរ ផងដែរ ។
ឯកឧត្តមអភិបាលខេត្តព្រះវិហារ បានស្នើដល់មន្ទីរព័ត៌មានខេត្ត មន្ត្រីជំនាញ និងវិស័យព័ត៌មាន ឲ្យបន្តពង្រឹងសមត្ថភាពក្នុងសរសេរ ការថតរូប ការផលិតព័ត៌មាន និងការផ្សព្វផ្សាយ ឲ្យត្រូវទៅតាមវិជ្ជាជីវៈជាអ្នកព័ត៌មាន និងត្រូវចេះសរសេរវាយបក លើព័ត៌មានណាដែលមិនពិត ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យព័ត៌មានក្នុងខេត្ត ឲ្យកាន់តែប្រសើរឡើង ថែមទៀត ៕ ដោយ៖ឡុង សំបូរ