អង្គការទស្សនៈពិភពលោកបញ្ចេញផ្សាយរបាយការណ៍ស្តីពីការធ្វើទីផ្សារឌីជីថលផ្សព្វផ្សាយផលិតផលជំនួសទឹកដោះម្ដាយ

ភ្នំពេញ៖របាយការណ៍មួយរបស់អង្គការទស្សនៈពិភពលោក (World Vision) ដែលបង្ហោះផ្សាយនៅលើទំព័រហ្វេសប៊ុក របស់ ខ្លួន នៅថ្ងៃទី៨ តុលា ឆ្នាំ២០២២ ដោយបានបង្ហាញពីឥទ្ធិពល នៃប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលធ្វើឱ្យកើនឡើងទីផ្សារឌីជីថលនៃ ផលិតផលជំនួសទឹកដោះម្ដាយនៅក្នុងប្រទេសកម្ពជា។
មានការរកឃើញចន្លោះប្រហោងមួយចំនួននៅក្នុងមាត្រា១៣ នៃ អនុក្រឹត្យលេខ១៣៣ ទាក់ទងនឹងការរំលោភបំពានក្រម ប្រតិបត្តិ នេះតាមអនឡាញ និងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសម្រាប់ ធ្វើទីផ្សារឌីជីផលផលិតផលជំនួសទឹកដោះម្ដាយដូចជា៖ ការផ្សាយពាណិជ្ជកម្មតាមហ្វេសប៊ុក ដោយផ្ដោតលើបុគ្គលមានប្លុក (blogs) ឬវីឡុក(Vlogs) ទស្សនាវដ្តីអនឡាញ និងការលក់បញ្ចុះ តម្លៃតាមអ៊ិនធឺណេតជាដើម។ នេះបើតាមរបាយការណ៍ដដែល។

តាមរយៈមាត្រា១៣ នៃអនុក្រឹត្យលេខ១៣៣ ហាមឃាត់ការ ធ្វើទី ផ្សារផលិតផលជំនួសទឹកដោះម្ដាយ នៅតាមកន្លែងដាក់លក់ ក្នុងមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ឬទីកន្លែង។

នៅក្នុងការវិភាគដោយអង្គការសុខភាពពិភលោក(WHO) អង្គការ យូនីសេហ្វ(UNICEF) និងស្ថាប័នផ្សេងទៀត អនុក្រឹត្យលេខ ១៣៣ មិនបានបញ្ជាក់អំពីការហាមឃាត់ ការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធ ផ្សព្វផ្សាយសង្គមនោះទេ។

ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នក ប្រើ ប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានប្រាប់នៅល្ងាចថ្ងៃសៅរ៍ ទី៨ខែតុលាថា ខាងក.ប.ប វិធានការ ចំពោះការផ្សព្វផ្សាយផលិតផលណាដែលមានខ្លឹមសារខុសពីការរំពឹងទុករបស់អ្នកប្រើប្រាស់ គឺអាជ្ញាធរនឹងកោះហៅពួកគាត់មក។ ហើយការផ្សាយបែបនេះ ពេលខ្លះខាងក.ប.ប មិនបានទទួល ព័ត៌មាន ប៉ុន្តែត្រូវការទទួលបានបណ្ដឹងពីអ្នកប្រើប្រាស់ដែល ស៊ែរ នៅលើទំព័រហ្វេសប៊ុក ឬក៏គេហទំព័ររបស់អគ្គនាយកដ្ឋាន បន្ទាប់ មកនឹងមានការចាត់វិធានការដោយមើលទៅតាមខ្លឹមសារដែលពួកគាត់ផ្សព្វផ្សាយ។

លោកបន្តថា៖ «ប្រសិនបើម្ដាយនោះយកទៅប្រើប្រាស់ ដោយមិន បាន ពិនិត្យមើលជាក់ស្ដែង ដោយសារខ្មែរយើងឆាប់ជឿពេក ដូច្នេះ អត់បានវាយតម្លៃទៅលើព័ត៌មានគ្រប់ហេតុផលដែលគេផ្សាយ ហើយគេអួតចឹងទៅ ហើយមានតម្លៃថោក»។

ឯកឧត្តមបានបន្ថែមថា បន្ទាប់មកវាឱ្យធ្វើកុមារ ឬទារក ដែលបាន ប្រើប្រាស់ម្សៅទឹកគោះដែលខ្វះសារធាតុបំប៉ន ក្នុងរយៈពេលបីខែ ទៅ រយៈពេលមួយឆ្នាំ គឺមានផលប៉ះពាល់ខ្លាំងមែនទែន ផ្នែកអាហារូបត្ថម្ភ ជាដើម។
លោកបញ្ជាក់ថា៖ «ចឹងកុំឱ្យឆាប់ជឿពេក បើឃើញគេផ្សាយចឹង ឱ្យមានការពិចារណាសិន។ ពិចារណាហើយចាំសម្រេចចិត្តទៅទិញ បើមិនច្បាស់ទេអាចសួរអាជ្ញាធរពាក់ព័ន្ធ»។

ចំណែក អ្នកស្រី មាស សាអ៊ីម អនុប្រធានផ្នែកសិទ្ធិស្ដ្រីនិងកុមារនៃ សមាគមអាដហុក បានប្រាប់ថា នេះជាសិទ្ធិក្នុងការផ្សាយ ពាណិជ្ជកម្ម របស់ក្រុមហ៊ុនលក់ផលិតផលទឹកដោះគោ។ ប៉ុន្តែការ ផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនទាំងនេះ ត្រូវតែប្រកបដោយការ គិតគូរខ្ពស់ពីសុខភាពរបស់កុមារ ម្ដាយនិងទារក ហើយនិង មនុស្ស ជាតិជំនាន់ក្រោយ ពីព្រោះមានរបាយការណ៍ជាច្រើនរកឃើញថា ទឹកដោះម្ដាយមានគុណប្រយោជន៍ អត្ថប្រយោជន៍ខ្ពស់សម្រាប់កុមារ ហើយក៏វាជួយដល់សុខភាពរបស់ម្ដាយដែលបានបំបៅដោះកូនផងដែរ។
អ្នកស្រី មាស សាអ៊ីមបញ្ជាក់ថា៖ «ខ្ញុំយល់ឃើញថា ប្រសិនបើការ ផ្សាយដែលគិតពីសេដ្ឋកិច្ចរបស់ជាតិ គិតពីឧត្តមប្រយោជន៍របស់ កុមារ គិតពីសុខភាពម្ដាយ និងទារក យើងគួរផ្សាយដែលប្រកប ដោយក្រមសីលធម៌ និងកុំឲ្យវាលេចធ្លោហួសហេតុពេក យើងគួរ លើកទឹកចិត្តឲ្យមានការបំបៅដោះទឹកម្ដាយ ជៀសជាងការ ប្រើប្រាស់សារធាតុផ្សេងជំនួស»។

អ្នកស្រីបន្ថែមថា យើងស្នើសុំឲ្យស្ថាប័នដែលពាក់ព័ន្ធ មានការត្រួត ពិនិត្យបន្ថែមទៀតឱ្យបានត្រឹមត្រូវពេញលេញ ហើយវាមិន ប៉ះពាល់ ដល់សុខភាពកុមារ ជៀសជាងឲ្យការខិតខំផ្សាយរបស់ក្រុមហ៊ុន ឬបុគ្គលល្បីទាំងនោះ ដែលលក់ផលិតផលមិនគិតពីគុណភាព និងផលប៉ះពាល់ទៅថ្ងៃក្រោយ។

តាមរយៈរបាយការណ៍ឆ្នាំ២០២២ របស់អង្គការសុខភាពពិភព លោក (WHO) កម្ពុជាត្រូវបានចាត់ទុកថាជាប្រទេសមួយក្នុងចំណោម ប្រទេសដែលសកម្មបំផុត ក្នុងការប្រើប្រាស់អ្នកមានឥទ្ធិពលលើ ប្រព័ន្ធ ផ្សព្វផ្សាយសង្គម ដើម្បីផ្សព្វផ្សាយផលិតផលជំនួស ទឹកដោះម្ដាយ។ ការបង្ហោះវីដេអូអំពីរឿងរ៉ាវជីវិតរបស់អ្នកមាន ឥទ្ធិពលតារាល្បីត្រួវបានចែករំលែកបន្ត តាមរយៈប្រព័ន្ធ ផ្សព្វផ្សាយសង្គម។
ការធ្វើដូច្នេះភ្ជាប់មុខបុគ្គលនោះទៅនឹងម៉ាកយីហោ មានប្រសិទ្ធភាព ក្នុងការផ្សព្វផ្សាយផលិតផលនៃម៉ាកយីហោនោះ អ្នកប្រើប្រាស់ ក៏ងាយនឹងប្រកាន់យកជំនឿ អាកប្បកិរិយា និងឥរិយាបថ នៅពេល ដែលពួកគេជឿថា ខ្លួននិងអ្នកមានឥទ្ធិពលនោះមានចំណូលចិត្ត គុណតម្លៃ និងចរិតលក្ខណៈដូចគា្ន។
សូមបញ្ជាក់ថា ភាគរយនៃកុមារនៅកម្ពុជាបានបៅទឹកដោះម្តាយ ទាំងស្រុងសម្រាប់រយៈពេលប្រាំមួយខែដំបូងនៃជីវិតរបស់ពួកគេបានថយចុះពី៧៤ភាគរយក្នុងឆ្នាំ២០១០ មកត្រឹម ៥១ភាគរយ នៅ ឆ្នាំ២០២១ (CDHS ២០១០-២០២១)៕
ដោយ៖ជា សុខនី

ads banner