ទេសរដ្ឋមន្ត្រី គន់ គីម បានចុះជួបអាជ្ញាធរខេត្តជុំវិញបឹងទន្លេសាប ដើម្បីរៀបចំផែនការស្តារការដាំដុះ ក្រោយទឹកស្រកទៅវិញ
ភ្នំពេញ៖ ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោហ៊ុនសែននិង ជាប្រតិបត្តិករផ្ទាល់លើសមរភូមិគ្រោះមហន្តរាយនិងអនុវត្តតាមបទបញ្ជាសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលនោះ នៅថ្ងៃទី៩ខែតុលា ឆ្នាំ ២០២២ឯកឧត្តមទេស រដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានធ្វើដំណើរពីខេត្តមួយទៅមួយខេត្តនៅជុំវិញបឹងទន្លេសាបដើម្បីជួបពិភាក្សាជាមួយអាជ្ញាធរខេត្តទាំងនោះនិងបានដាក់ចេញនូវវិធានការមួយចំនួនដើម្បីស្តារការដាំដុះរបស់ប្រជាពលរដ្ឋឡើងវិញ។

ក្នុងជំនួបប្រជុំជាមួយអាជ្ញាធរក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាប ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីមបានលើកនូវ ប្រសាសន៍ជាបទបញ្ជា ដាច់ណាត់របស់សម្តេចតេជោក្នុងកិច្ចអន្តរាគមន៍ស្តារការដាំដុះឡើងវិញរបស់ប្រជាពលរដ្ឋក្រោយពេលទឹកស្រកចុះទៅវិញ។

ឯកឧត្តមបានបញ្ជាក់ថា សម្តេចតេជោប្រសូត្រចេញពីគ្រួសារកសិករ លោកក្តាប់បាននិងមានការយល់ដឹងស៊ីជម្រៅណាស់ពីការ លំបាក និងតម្រូវការរបស់ប្រជាកសិកដូច្នេះសម្តេចបានដាក់ចេញនូវទិសដៅអាទិភាពបន្ទាន់សម្រាប់ប្រតិបត្តិការត្រៀមផ្តល់ពូជស្រូវ និងដំណាំរួមផ្សំជូនដល់ប្រជាពលរដ្ឋសម្រាប់ស្តារជីវភាពឡើងវិញ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា«សម្តេចតេជោលោកជាអ្នកប្រសូតក្នុងត្រកូលកសិករជាអ្នកផ្សារភ្ជាប់ខ្លួនជានិច្ចជាមួយកសិករដូច្នេះទុក្ខលំបាករបស់កសិករគឺជាទុក្ខលំបាករបស់លោកហើយលោកយល់ច្បាស់ណាស់ពីស្ថានភាពរបស់កសិករ។កសិកម្មជាដង្ហើមជីវិតរបស់កសិករដូច្នេះត្រូវធានាដល់ការដាំដុះឡើង វិញរបស់កសិករក្រោយពេលទឹកស្រកការស្តារលទ្ធកម្មដាំដុះរបស់កសិករជារឿងចាំបាច់ណាស់សម្រាប់ការទ្រទ្រង់ស្បៀងអាហារក្នុងគ្រួសារនីមួយៗ ក៏ដូចជាស្ថេរភាពស្បៀងសម្រាប់ប្រទេសផងដែរ»។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានណែនាំមន្ទីរកសិកម្មនិងមន្ទីរធនធានទឹកនិងឧតុនិយមសហការគ្នាសិក្សាឱ្យបានម៉ត់ចត់អំពីភូមិសាស្រ្តនីមួយៗដែលត្រូវស្តារឡើងវិញក្នុងពេលស្ថានភាពអាកាសធាតុបន្តប្រឈមនិងអាចអូសបន្លាយរងគ្រោះដោយទឹកជំនន់។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ត្រូវតែសិក្សាអំពីការស្តារនិងផ្តល់ពូជស្រូវ ជូនប្រជាកសិករ ដែល ប៉ះពាល់ធ្ងន់ធ្ងរក្រោយទឹកជំនន់ស្រកទៅវិញ។
យោងតាមរបាយការណ៍ បានបង្ហាញថា ខេត្តសៀមរាប មានស្រុក ចំនួន ៩ បានរងប៉ះពាល់ដោយទឹកជំនន់ ក្នុងនោះមានដំណាំស្រូវ ប៉ះពាល់ ៣២,៤៦៥ហិកតា ស្មើនឹង ២៥,៦២៣គ្រួសារ។ ក្នុងនោះ ដំណាំស្រូវខូចខាត មាន ២,៧៨៣ហិកតា ខណៈទំហំការខូចខាត នេះ គ្រោង ធ្វើការស្តារឡើង ជំហានដំបូង ១,៥០០ហិកតា។
ដោយឡែកខេត្តកំពង់ធំ បានរងផលប៉ះពាល់ដំណាំស្រូវសរុប ២៧,៣៤៥ ហិកតា ខូចខាត ៩,៥០០ហិកតា ស្មើនឹង ១៥,២២៣គ្រួសារ។

សូមបញ្ជាក់ថា នៅយប់ថ្ងៃទី៨ ខែតុលាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានដាក់ចេញ បទបញ្ជាឱ្យឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីស្តីទីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមបញ្ចេញស្រូវពូជ និងពូជដំណាំ រួមផ្សំផ្សេងៗ ស្តារការដាំដុះរបស់ប្រជាពលរដ្ឋឡើងវិញ ក្រោយពេលទឹកស្រក៕ដោយ៖ សេឌី