ឯកឧត្ដមបណ្ឌិត លី ឆេង បញ្ជាក់ថា សន្តិភាព ជាគ្រឹះ នៃចំណេះដឹងរបស់យុវជន
ភ្នំពេញ ឯកឧត្ដមបណ្ឌិត លី ឆេង បញ្ជាក់ថា សន្តិភាពជាគ្រឹះ នៃចំណេះដឹងរបស់យុវជន ហើយ ប្រសិនបើប្រទេសជាតិគ្មាន សុខសន្តិភាពក្មួយៗជាយុវជនក៍មិនបានរៀនសូត្រនោះទេ ឯកឧត្ដមបណ្ឌិត លី ឆេងតំណាងរាស្រ្តមណ្ឌលភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធីគ្រុប បានថ្លែងដូចនេះក្នុងពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជូនដល់សិស្ស ប៊ែលធីថ្នាក់ទី១២ ជំនាន់ទី១៦ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុង ឆ្នាំសិក្សា ២០២០-២០២១ ចំនួន ១,៥០៧នាក់ នៅសាលសន្និសីទ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី២ (ស្ពាន អាកាសចោមចៅ)ព្រឹកថ្ងៃទី៨តុលា។
បើតាម លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅបានឲ្យដឹងថា៖ បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិ មាន ២៦សាខា (២៤សាខា កំពុងដំណើរការ និង ២សាខាកំពុងសាងសង់) ដែលមានបុគ្គលិកបម្រើការសរុបចំនួន ២,៣០២នាក់ (នារី ៩៧៨នាក់) និងមានសិស្សានុសិស្សកំពុងសិក្សា សរុបចំនួន ៥៧,០៣៩នាក់ (នារី ២៥,៥៦៨នាក់)។
គិតត្រឹមឆ្នាំសិក្សា២០២០–២០២១ សាលា ប៊ែលធី អន្តរជាតិ មានសិស្សថ្នាក់ទី១២ ដែលបានប្រឡងបញ្ចប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចំនួន១៤,៨៣៨នាក់ (ដប់បួនពាន់ ប្រាំបីរយសាមសិបប្រាំបីនាក់) ក្នុងនោះ ជាប់ ១២,៦៣១នាក់ (ដប់ពីរពាន់ ប្រាំមួយរយសាមសិបមួយនាក់) ស្មើនឹង ៨៥.១៣% និងទទួលបាន សិស្សនិទ្ទេសA ចំនួន ២១១នាក់ មានសិស្សពូកែទូទាំងរាជធានី ចំនួន ៩០នាក់ និងទូទាំងប្រទេស ចំនួន ២០នាក់។ ចំពោះសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងទទួលបានសញ្ញាបត្រចំនួនពីរ៖១-ចេញដោយ សាលា ប៊ែលធី អន្តរជាតិ និង ២–ចេញដោយក្រសួងអប់រំ យុវជន និងកីឡា ហើយសញ្ញាបត្រទាំងពីរនេះ ត្រូវបាន ដាក់បញ្ចូល (Upload) ទៅក្នុងវែបសាយរបស់ប៊ែលធី ដើម្បីទុកជាកាលប្បវត្តិសម្រាប់សិស្សគ្រប់រូបទាញយក (Download) ប្រើប្រាស់ជាផ្លូវការផងដែរ។
ឯកឧត្ដមបណ្ឌិត លី ឆេង បានបន្តថា ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព សេរីភាព និងការអភិវឌ្ឍលើគ្រប់វិស័យមានហេដ្ឋារចនាសម្ពន្ធ័ផ្លូវស្ពានសាលារៀននិងវិទ្យាល័យគ្រប់ឃុំបង្កលក្ខណៈងាយស្រួលដល់យុវជនជំនាន់ក្រោយបានចូលរៀនគ្រប់ៗគ្នានឹងបន្តសិក្សានៅក្រៅប្រទេស។ ជាពិសេសប្រមុខរាជរដ្ឋាភិបាលបានចាត់វិធានការទាន់ពេលវេលាក្នុងការស្វែងរកជំនួយនិងបញ្ជាទិញវ៉ាក់សាំងកូវីដ១៩ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនិងបន្តអំពាវនាវដល់ប្រជាពលរដ្ឋអញ្ជើញទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូសតាមវិធានការរបស់ក្រសួងសុខាភិបាល ដែលមានមន្ទីរពេទ្យនៅគ្រប់ទីកន្លែងទូទាំងប្រទេស។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត លី ឆេង បានថ្លែងកោតសរសើរចំពោះក្មួយៗ ដែលបានខិតខំ យកចិត្តទុកដាក់ប្រឹងប្រែងសិក្សារៀនសូត្ររយៈពេល ១២ឆ្នាំកន្លងមកនេះ ជាពិសេសគោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សីលធម៌ និងគុណធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គមជាតិ រហូតទទួលបានជោគជ័យប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលនេះ។ ឯកឧត្តម បណ្ឌិត ក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ឲ្យខិតខំយកចិត្ត ទុកដាក់បន្តការសិក្សារៀនសូត្របន្ថែមទៀតនៅថ្នាក់ឧត្តមសិក្សា ដោយធ្វើការជ្រើសរើសនូវមុខវិជ្ជាណាដែលខ្លួនស្រឡាញ់ ពេញចិត្ត ដើម្បីធ្វើជាអាជីពខ្លួនឯងទៅថ្ងៃអនាគត និងប្រកួតប្រជែងដណ្តើមទីផ្សារការងារជាមួយបណ្តាយុវជនទាំងអស់ ទាំងក្នុងតំបន់អាស៊ាននិងពិភពលោក ជាពិសេសដើរឲ្យទាន់នូវការរីកចម្រើនផ្នែកបច្ចេកវិទ្យាសម័យបដិវត្តឧស្សាហកម្ម៤.០។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត ប្រធានគណៈអធិបតីក៏បានចូលរួមអបអរសាទរ និងប្រគល់សញ្ញាបត្រដល់ សិស្សជ័យលាភីទាំង ១,៥០៧នាក់ នាពេលនោះផងដែរ៕
































