រុស្ស៊ីតែងតាំងមេបញ្ជាការទ័ពថ្មីសម្រាប់សង្គ្រាមនៅអ៊ុយក្រែន

រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃសៅរ៍ ទី៨ ខែតុលា ឆ្នាំ២០២២ បានតែងតាំងមេបញ្ជាការទ័ពថ្មី សម្រាប់តតាំងជាមួយអ៊ុយក្រែន នៅលើសមរភូមិសង្គ្រាម។ លោក Sergei Surovikin អាយុ៥៥ឆ្នាំ ជាឧត្តមសេនីយ៍រុស្ស៊ីមួយរូបដែលមានបទពិសោធយូរឆ្នាំនៅក្នុងការធ្វើសង្គ្រាម និងល្បីឈ្មោះថា មានចរិតម៉ឹងម៉ាត់។

លោក Sergei Surovikin ត្រូវគេស្គាល់ថាជាមេទ័ពដែល ជំនាញ ខាងធ្វើសង្គ្រាមវាយលុកដោយថ្មើរជើង និងធ្លាប់មានបទពិសោធ ដឹកនាំបញ្ជាទ័ពអាកាសរុស្ស៊ីផងដែរ។

លោកធ្លាប់ដឹកនាំកងទ័ពរុស្ស៊ីធ្វើអន្តរាគមន៍ក្នុងប្រទេសស៊ីរី នៅឆ្នាំ២០១៥។ កាលណោះ សូម្បីតែមេបញ្ជាការកងទ័ព របស់ អាមេរិក ក៏ធ្លាប់ពិគ្រោះយោបល់ជាមួយលោក ឧត្តមសេនីយ៍ រុស្ស៊ីរូបនេះផងដែរ ដើម្បីជៀសវាងការប៉ះទង្គិចគ្នា។
ការតែងតាំងមេបញ្ជាការទ័ពថ្មីពីសំណាក់ទីក្រុងមូស្គូនាពេលនេះ ធ្វើឡើងខណៈពេលដែលកងទ័ពរុស្ស៊ីនៅអ៊ុយក្រែនកំពុងតែរងការវាយបកវិញយ៉ាងដំណំពីកងទ័ពអ៊ុយក្រែន ដោយសារតែកងទ័ពរុស្ស៊ី អសមត្ថភាព ខ្សោយយុទ្ធសាស្ត្រធ្វើសង្គ្រាម ទាំងការចល័តទ័ពថ្មើរ ជើង ទាំងការចល័តអាវុធយុទ្ធភណ្ឌកាំភ្លើងធំ និងទាំងការវាយលុក តាមអាកាស។
កាលពីខែមិថុនា ឆ្នាំ២០២២ ប្រធានទីភ្នាក់ងារចារកម្មយោធារបស់ អ៊ុយក្រែន ធ្លាប់លើកឡើងថា៖ «លោក Sergei Surovikin ជាមេទ័ពដែលជំនាញ ចេះធ្វើសង្គ្រាមដោយយន្តហោះទម្លាក់ គ្រាប់បែក និងមីស៊ីល»។ បើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី លោក Sergei Surovikin នឹងដឹកនាំ «ប្រតិបត្តិការយោធាពិសេស» នៅអ៊ុយក្រែន ចាប់ពីពេលនេះតទៅ៕
ដោយ៖កែវ កិរិយា

ads banner