ក្រសួងសុខាភិបាល រំឭក ពលរដ្ឋ ឱ្យ ប្រុង ប្រយ័ត្ន ចំពោះ ផល ប៉ះពាល់ ដោយទឹក ជំនន់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃអាទិត្យទី០៩ ខែតុលា ឆ្នាំ២០២២នេះ បានក្រើនរំឭក ដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះបញ្ហាសុខភាពក្នុង ពេលដែលប្រទេសកម្ពុជា កំពុងរងការគំរាមកំហែង ដោយសារទឹកជំនន់ ។ សេចក្ដី ក្រើន រំឭកនេះ បើ តាម ក្រសួង សុខាភិបាល ធ្វើ ឡើង ដើម្បី កាត់ បន្ថយ ឱ្យ បាន ជា អតិបរិមា នូវ ផល ប៉ះពាល់ សុខភាព អាយុជីវិត ជនរង គ្រោះ និង មូលដ្ឋាន សុខាភិបាល ។

សម្រាប់ ទីតាំង ដែល ទឹក ជំនន់ មិន ទាន់ ទៅ ដល់ ក្រសួង សុខាភិបាល កម្ពុជាណែនាំ ដល់ ពលរដ្ឋត្រូវ តាមដាន ស្ថានភាព ទឹក ជំនន់ ត្រៀម ទីទួល សុវត្ថិភាពនិង ស្បៀង អាហារ ធ្វើ របង ព័ទ្ធ ជុំ វិញ ស្រះ ឬ កន្លែង ដែល មាន ទឹកជ្រៅ ត្រូវ ថែ រក្សា បរិស្ថាន ឱ្យ បាន ស្អាត និង សាងសង់ បង្គន់ ព្រម ទាំង ត្រូវ ធ្វើ ឱ្យ ប្រសើរ បើ បង្គន់ ទាប ត្រូវ ធ្វើ ឱ្យ ខ្ពស់ ដើម្បី ការពារ ទឹក ជំនន់ ។

ចំណែក ទីកន្លែង ដែល កំពុង រង ផល ប៉ះពាល់ ដោយ ទឹក ជំនន់ ក្រសួង រំឭក ពលរដ្ឋ មិន ត្រូវ ចូល ទៅ ក្នុង ផ្ទះ ចាស់ ឬ អគារ ទ្រុឌទ្រោម ព្រោះ អាច ស្រុត បាក់បែក បង្ក ឱ្យ មាន គ្រោះ ថ្នាក់ ។ មិន ត្រូវ ប៉ះពាល់ គ្រឿង ប្រើ ប្រាស់ អគ្គិសនី ដោយ ដៃ សើមឬ កំពុង ឈរ នៅ ក្នុង ទឹក, នៅ ពេល ធ្វើ ដំណើរ ដោយ ជិះ ទូក ឬ កាណូត នៅ ពេល យប់ ត្រូវ មាន ភ្លើង បំភ្លឺ ។ ត្រូវ សម្រាន្ត ក្នុង មុង គ្រប់ ពេល ដើម្បី ការពារ ជំងឺ គ្រុន ឈាម គ្រុន ចាញ់ គ្រុន ឈឺ ក និង ជំងឺ ផ្សេង នានា ។

សេចក្ដី ក្រើន រំឭក ដដែល ទទូូច ឱ្យ ពលរដ្ឋ ប្រុង ប្រយ័ត្ន ជៀស វាង នូវ គ្រោះ ថ្នាក់ លង់ ទឹក ត្រូវ ការពារ កុមារ តូច ៗ មិន ឱ្យ ចុះ ទឹក ពន្យល់ កុមារ ពី គ្រោះ ថ្នាក់ នៃ ការ លង់ ទឹក នាំ កុមារ ទៅ កន្លែង ខ្ពស់ និង មាន អ្នក ថែ ទាំ ប្រើ អាវ ពោង ឬ ប៊ីដុងជ័រ គ្រប់ ពេល កុមារ ចេញ ពី ផ្ទះ។ ពេលធ្វើ ដំណើរ តាម ទូក ឬ កាណូត មិន ត្រូវ ដាក់ មនុស្ស ហួស កម្រិត ហើយ ប្រសិន បើ មាន ករណី មនុស្ស លង់ ទឹក ត្រូវ ហៅ ជំនួយ ជា បន្ទាន់ ។

បន្ថែមពី លើ នេះ ពលរដ្ឋត្រូវ ប្រុង ប្រយ័ត្ន ចំពោះ គ្រោះ ថ្នាក់ ដោយ សារ ពស់ ចឹក ឬ សត្វ អសិរពិស ផ្សេង ៗ ដោយ ពិនិត្យ ឱ្យ បាន ត្រឹម ត្រូវ មុន ទៅ កាន់ ទីទួល សុវត្ថិភាព ឬ មុនទៅ ធ្វើ ការ ជិត គំនរ អុស និង គំនរ ឈើ។ ការ ធ្វើ ដំណើរ ពេល យប់ ឬ ពេល ធ្វើ ការងារ ត្រូវ ស្លៀក ខោ ជើង វែង ស្បែក ជើង កវែង ជៀសវាង កន្លែង ដែល មាន ស្មៅ ស៊ុបទ្រប់ និង ដាច់ ខាត មិន ត្រូវ យក ដៃ ទៅ ចាប់ពស់ ឬ សត្វ អសិរពិស។ ក្នុង ករណីដែល មាន សមាជិក គ្រួសារ ឬ នរណា ម្នាក់ មាន គ្រោះ ថ្នាក់ ដោយ សារ ពស់ ចឹក ឬ សត្វ អសិរពិស ទិច ឬ ខាំ ត្រូវ បញ្ជូន ជា ប្រញាប់ ទៅ មណ្ឌល សុខភាព ឬ មន្ទីរ ពេទ្យ ដែល នៅ ជិត បំផុត ដើម្បី ទទួល ការ ពិនិត្យ និង ព្យាបាល។

មួយ វិញ ទៀត ដើម្បី ជៀស វាង នូវ បញ្ហា រាករូស រាគមួល ពុល ចំណី អាហារ ឬ ជំងឺ ផ្សេង ៗ ទៀត បង្កឡើង ដោយទឹក ក្រសួង សុខាភិបាល ណែនាំ ឱ្យ ពល់រដ្ឋ បរិភោគ ទឹក ស្អាត ដោយ ប្រើ ធុង ចម្រុះ ដាំ ទឹក ឱ្យ ពុះ ឬ ប្រើ ប្រាស់ ទឹក ដោយ ប្រើ ថ្នាំ ក្លរីន ឬ ក្លរ៉ាមីន, លាង សម្អាត បន្លែ និង ផ្លែ ឈើ ចម្អិន អាហារ ឱ្យ បាន ត្រឹម ត្រូវ និង ឆ្អិន ល្អ គ្រប អាហារ ឱ្យ បាន ជិតដើម្បី ការពារ រុយរោម និង ធូលី ព្រម ទាំង សម្អាត កន្លែង ធ្វើ ម្ហូប សម្ភារៈ ផ្ទះ បាយ ឱ្យ បាន ស្អាត និង លាង សម្អាត ដៃ ឱ្យ បាន ស្អាត និងញឹកញាប់ ជាមួយ សាបូ នៅ មុន និង ក្រោយ បរិភោគ អាហារ និង ក្រោយ ចេញ ពី បង្គន់ ។

បើ តាម ក្រសួង សុខាភិបាល បើ ទោះបី ជា ទឹកក ស្រក ទៅ វិញ ហើយ ក៏ ដោយ ពលរដ្ឋត្រូវ បន្ត អនុវត្ត តាម ការណែនាំ ខាង លើ ឱ្យ បាន ខ្ជាប់ ខ្ជួន ដដែល។ បន្ថែម ពី លើ នេះ ត្រូវ ធ្វើ អនាម័យ បរិស្ថាន ជុំ វិញ ផ្ទះ និង ក្នុង ផ្ទះ ព្រោះ ក្រោយ ពេល ទឹក ស្រក ទៅ វា បន្សល់ នូវ ភាព កខ្វក់ និង មេរោគ ជា ច្រើន រស់ នៅ ក្នុង ទឹក ជៀសវាង នូវ ការ ដក់ ទឹក ជុំវិញ ផ្ទះ និង ក្នុង ផ្ទះ នាំ ឱ្យ មាន ដង្កូវ ទឹក កើត មូស ខ្លា និង មូស ដែក គោល ដែល អាច បង្ក ឱ្យ មាន ជំងឺ គ្រុន ឈាម និង គ្រុន ចាញ់ ។ ក្រសួង ណែនាំ ពលរដ្ឋ ឱ្យ ស្ដារ និង សម្អាត អណ្ដូង ទឹក ឡើង វិញ មុន នឹង ប្រើ ប្រាស់ ព្រម ទាំង ជួស ជុល និង សង់ បង្គន់ ឡើង វិញ ដោយ ជានិច្ចជាកាល ត្រូវ បន្ទោរ បង់ ក្នុង បង្គន់ គ្រប់ ពេល។
ក្នុង ករណី មាន បញ្ហា សុខភាព ឬ មាន ជំងឺ ឬ សង្ស័យ ថា មាន បញ្ហា សុខភាព ណាមួយ ក្រសួង សុខាភិបាល កម្ពុជា ប្រាប់ ពលរដ្ឋ ឱ្យ ស្វែង រក ការ ពិគ្រោះ ពិនិត្យ និង ព្យាបាល ជំងឺ ជា បន្ទាន់ នៅ ប៉ុស្តិ៍ សុខភាព ក្បែរ ទីទួល សុវត្ថិភាព ឬ មណ្ឌល សុខភាព ឬ មន្ទីរ ពេទ្យ ដែល នៅ ជិត បំផុត ឬ ទាក់ទង តាម ទូរសព្ទ លេខ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕ ដោយ៖ កែវ កិរិយា

ads banner