រុស្សីបញ្ជូនក្រុមអ្នកមុជទឹកឱ្យចុះទៅពិនិត្យមើលការខូចខាតស្ពានគ្រីមេ
រុស្ស៊ី៖ក្រុមអ្នកមុជទឹករុស្ស៊ី នៅថ្ងៃអាទិត្យទី៩ ខែតុលា ឆ្នាំ២០២២ នេះ បានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួនមុជទឹកចុះទៅពិនិត្យ មើល ការខូចខាតដ៏ខ្លាំងខ្លានៃស្ពានគ្រីមេ។ ស្ពានគ្រីមេ ដែលជា និមិត្តសញ្ញា ដ៏រឹងមាំនៃការតភ្ជាប់គ្នារវាងគ្រីមេនិងរុស្ស៊ី និងជាផ្លូវ ផ្គត់ផ្គង់ដ៏សំខាន់ដល់កងកម្លាំងរុស្ស៊ីដែលកំពុងប្រយុទ្ធនៅភាគខាងត្បូងអ៊ុយក្រែន ត្រូវរងការបំផ្ទុះបំផ្លាញកាលពីថ្ងៃសៅរ៍ ទី៨ ខែតុលា។
ទីភ្នាក់ងារសារព័ត៌មាននៅក្នុងស្រុករបស់រុស្ស៊ី បានស្រង់សម្ដី ឧបនាយករដ្ឋមន្ដ្រីរុស្ស៊ី លោក Marat Khusnullin ថា ក្រុមអ្នក មុជទឹកនឹងមុជចុះទៅពិនិត្យការខូចខាតរបស់ស្ពានគ្រីមេពេញមួយថ្ងៃអាទិត្យនេះតែម្ដង ហើយប្រតិបត្តិការក្រោមទឹកនេះ ធ្វើឡើងទន្ទឹមគ្នា នឹងការត្រួតពិនិត្យស្ថានភាពស្ពាននៅលើខ្សែទឹកដែរ។
លោក Sergei Aksyonov ទេសាភិបាលរុស្ស៊ីប្រចាំនៅតំបន់គ្រីមេ បានប្រាប់ថ្លែងប្រាប់អ្នកយកព័ត៌មានថា៖ «សភាពការណ៍ស្ថិតនៅ ក្នុង ស្ថានភាពអាចគ្រប់គ្រងបាន»។ ការបំផ្ទុះស្ពានគ្រីមេនេះ បើ តាម លោក លោក Sergei Aksyonov វាបានជារឿងអាក្រក់ ប៉ុន្តែជា លេស ល្អសម្រាប់ការសងសឹកត្រឡប់ទៅវិញ»។
ជាការកត់សម្គាល់ ចាប់តាំងពីមានហេតុការណ៍បំផ្ទុះស្ពាន នៅព្រឹក ថ្ងៃសៅរ៍ ទី៨ ខែតុលា នៅមិនទាន់មាននរណា ភាគីណា ឬប្រទេស ណាចេញមុខទទួលខុសត្រូវនៅឡើយទេ។ ប៉ុន្តែហេតុការណ៍នេះ ត្រូវបានអបអរសាទរយ៉ាងខ្លាំងពីសំណាក់ប្រធានាធិបតីអ៊ុយក្រែន លោក វ្លូឌីមៀ ហ្សាឡេនស្គី ព្រោះវាកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ ពីខួបកំណើតចម្រើនវ័យ៧០ឆ្នាំរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន។
របាយការណ៍ពីអាជ្ញាធររុស្ស៊ីឱ្យដឹងថា មានមនុស្សយ៉ាងហោច ណាស់ បីនាក់បានស្លាប់ នៅក្នុងហេតុការណ៍បំផ្ទុះស្ពានគ្រីមេនេះ។ កម្លាំងបំផ្ទុះនេះ បានរាលដាលទៅដល់ស៊ីទែនដឹកប្រេងនៅលើ ស្ពាន រទេះភ្លើងក្បែរនោះ បណ្ដាលឱ្យផ្ទុះឆេះស៊ីទែនដឹកប្រេងចំនួនប្រាំពីរ៕
ដោយ៖កែវ កិរិយា