ប្រជាពលរដ្ឋរាប់សិបម៉ឺននាក់ បានមកចូលរួមទស្សនាកម្សាន្តសប្បាយ ក្នុងពិធីបើកការប្រណាំងទូក និងបណ្តែតប្រទីប ក្នុងថ្ងៃចេញព្រះវស្សា ដែលប្រារព្ធធ្វើនៅតាមបណ្តោយដងស្ទឹងសង្កែ ក្រុង-ខេត្តបាត់ដំបង
បាត់ដំបង ៖ មានប្រជាពលរដ្ឋមកពីគ្រប់ទិសទីទាំងក្នុងខេត្ត និងក្រៅខេត្តជាច្រើនម៉ឺននាក់បានមកចូលរួមទស្សនាកម្សាន្តសប្បាយក្នុងថ្ងៃដំបូង នៃការបើកការប្រណាំងទូក “ថ្ងៃទី១” ក្នុងថ្ងៃចេញព្រះវស្សា ដែលរដ្ឋ បាលខេត្តបាត់ដំបង បានរៀបចំប្រារព្វធ្វើមានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី០៩ដល់ថ្ងៃទី១០ខែតុលា ឆ្នាំ២០២២ ដើម្បីបើកឱកាសជូនប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជាបងប្អូនប្រជាពលរដ្ឋតាមបណ្តាខេត្តផ្សេងៗបានកម្សាន្តសប្បាយរីករាយ និងចូលរួមក្នុងការថែរក្សានូវប្រពៃណីជាតិយើង ។ នេះគឺជាការថ្លែងគូសបញ្ជាក់ របស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅក្នុងឱកាសថ្ងៃបើកការប្រណាំងទូកថ្ងៃដំបូងរបស់ខេត្ត នារសៀលថ្ងៃទី០៩ ខែតុលា ដោយមានវត្តមានជាអធិបតី ពីឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ។
ឯកឧត្តម សុខ លូ បានថ្លែងទៀតថា៖ ទាំងនេះពិតជាបានបង្ហាញឱ្យឃើញពីទឹកចិត្តស្រឡាញ់និងការចូលរួមគាំទ្រដល់វិស័យកីឡា។ ជាពិសេស គឺបានលើកស្ទួយវប្បធម៌ កេរ្តិ៍ដំណែលប្រពៃណីរបស់បុព្វបុរសខ្មែរ ព្រមទាំងឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព មិត្តភាពនិងបង្កការសប្បាយរីករាយដល់ប្រជាពលរដ្ឋ ដែលបានសម្រាកពីការនឿយហត់ក្នុងការងារប្រកបការងារនិងបង្កបង្កើនផលផ្សេងៗផងដែរ ។
ឯកឧត្តមអភិបាលខេត្ត បានសំដែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការថ្លែងសារពិសេស នាថ្ងៃ១៥ខែកញ្ញា ឆ្នាំ២០២២ ដែលបានបញ្ជាក់ ពីមូលហេតុនៃការលុបចោលពិធីបុណ្យអុំទូក ឆ្នាំ២០២២នៅរាជធានីភ្នំពេញ ។ ប៉ុន្តែសម្តេចតេជោបានអនុញ្ញាតឱ្យតាមបណ្ដាខេត្ត អាចរៀបចំពិធីបុណ្យអុំទូក នៅតាមខេត្តរបស់ខ្លួនបាន។ ដែលជាទូទៅពិធីប្រណាំងទូកនៅខេត្តបាត់ដំបង តែងតែរៀបចំធ្វើឡើងឲ្យត្រូវចំនឹងថ្ងៃចេញព្រះវស្សា គឺថ្ងៃ១៤-១៥កើត ខែអស្សុជ និងដើម្បីផ្សារភ្ជាប់ទៅតាមលំអាន នូវ ទំនៀមទំលាប់ប្រពៃណី និងវប្បធម៌របស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបង។ហើយក៏ជាលើកទី២០ផងដែរ ដែលខេត្តបានរៀបចំធ្វើជារៀងរាល់ឆ្នាំ តែត្រូវខកខាន រយៈពេល០២ឆ្នាំ ដោយ សារតែការរាតត្បាតជាសាកលពីជំងឺកូវីដ-19។
ឯកឧត្តម សុខ លូ ក៏បានសំដែងនូវការដឹងគុណ និងអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះសម្តេចក្រឡាហោម សខេង អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងលោកជំទាវ ដែលតែងតែគិតគូរយកចិត្តដាក់គាំទ្រ និងឧបត្ថម្ភដល់ដំណើរការប្រណាំងទូកនៅខេត្តបាត់ដំបងជារៀងរហូតមក ។
គួរបញ្ជាក់ផងដែរថា៖ ក្នុងព្រឹត្តិការណ៍នៃបុណ្យអុំទូក បណ្ដែតប្រទីបខេត្តបាត់ដំបង នាឆ្នាំនេះគណៈកម្មការខេត្តបានរៀបចំទូកចូលរួមប្រកួតប្រណាំង សរុបចំនួន ៣៥ទូក និង កីឡាករសរុប ចំនួន ១.២០៣នាក់។
ក្នុងពិធីបុណ្យអុំទូកឆ្នាំ២០២២ ក៏មានការបង្ហោះម៉ូតូហោះ ParaMoto, បណ្ដែតប្រទីប, បង្ហោះគោម, បាញ់កាំជ្រួច,ការតាំងពិព័រណ៍ផលិតផល រួមនិងការប្រគុំតន្ត្រី ដើម្បីបម្រើការកម្សាន្ត និងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានបានមកទស្សនាកម្សាន្ត ព្រមទាំងចូលរួមទស្សនានូវសមិទ្ធផលនានា នៅក្នុងក្រុង-ខេត្តបាត់ដំបង ផងដែរ៕ (អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)