ប្រធានាធិបតីរុស្ស៊ី ចាត់ទុកការបំផ្ទុះស្ពានគ្រីមេជា «អំពើភេរវកម្ម»

រុស្ស៊ី៖ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន នៅថ្ងៃអាទិត្យ ទី៩ ខែតុលាបានចោទប្រកាន់អ៊ុយក្រែនថាជាអ្នកនៅពីក្រោយការបំផ្ទុះស្ពានគ្រីមេ និងហៅហេតុការណ៍នេះថាជា «អំពើភេរវកម្ម»។ ការចោទប្រកាន់របស់លោកពូទីនដូច្នេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយពេលដែលស្ពានគ្រីមេត្រូវបំផ្លិចបំផ្លាញដោយសារការផ្ទុះរថយន្តដឹកទំនិញមួយគ្រឿងដែលធ្វើដំណើរនៅលើស្ពាននោះ កាលពីព្រឹក ថ្ងៃទី៨ ខែតុលាឆ្នាំ២០២២។

បើតាមលោក ពូទីន ការបំផ្ទុះស្ពានគ្រីមេនេះ ច្បាស់ណាស់គឺជាការ វាយប្រហារភេរវកម្មដែលមានគោលបំណងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដ៏សំខាន់របស់រុស្ស៊ី។ ចំពោះហេតុការណ៍បំផ្ទុះស្ពានគ្រីមេ លោកពូទីនថ្លែងដោយសង្ខេបយ៉ាងខ្លីថា៖ «អ្នកនិពន្ធ អ្នកសម្ដែង និងអតិថិជន នៅក្នុងរឿងនេះ គឺទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ របស់ អ៊ុយក្រែន»។
នេះគឺជាការថ្លែងដំបូងបង្អស់របស់លោកពូទីន ចំពោះហេតុការណ៍ បំផ្ទុះស្ពានគ្រីមេ ដែលត្រូវបានផ្សព្វផ្សាយដំបូងដោយគេហទំព័រ វិមានក្រឹមឡាំងនិងក្រោយមកមានចាក់បញ្ចាំងឃ្លីបវីដេអូនៅលើកម្មវិធីព័ត៌មានពេលយប់របស់ប៉ុស្តិ៍ទូរទស្សន៍រដ្ឋរុស្ស៊ី។

ក្រោយការផ្សព្វផ្សាយនេះ សារព័ត៌មានរដ្ឋរបស់រុស្ស៊ី RIA Novosti បានស្វែងរកការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យវិមានក្រឹមឡាំងថាតើរុស្ស៊ីនឹងឆ្លើយតបចំពោះ «ការវាយប្រហារភេរវកម្ម» នេះ ដោយប្រើអាវុធ នុយក្លេអ៊ែរឬយ៉ាងណា? អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitri S. Peskov តបត្រឡប់មកវិញយ៉ាងខ្លីថា «ទេ»។

ចាប់តាំងពីរងការបំផ្ទុះនៅថ្ងៃសៅរ៍ រុស្ស៊ីបានចាត់ចែងក្រុមការងារ ឆ្លើយតបបន្ទាន់មួយដើម្បីពិនិត្យនិងវាយតម្លៃពីការខូចខាតនៃស្ពានគ្រីមេ ទាំងការខូចខាតនៅលើស្ពាន លើផ្ទៃទឹក និងក្រោមទឹក។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីបានរាយការណ៍ដោយប្រើពាក្យពេចន៍ស្រាលៗថា ស្ពានគ្រីមេគ្រាន់តែ «រងការខូចខាត» ប៉ុណ្ណោះ ហើយ ចៀសវាង មិនប្រើពាក្យ «រងការបំផ្លាញ» ឡើយ។
បើតាមរូបភាពដែលត្រូវផ្សព្វផ្សាយនៅ លើសារព័ត៌មាននានា ទូទាំង ពិភពលោក ស្ពានគ្រីមេដែលរងកម្លាំងផ្ទុះពីរថយន្តដឹកទំនិញ និង ស៊ីទែនដឹកប្រេងចំនួនប្រាំពីរ បានបណ្ដាលឱ្យស្ពានមួយផ្នែក បាក់ ធ្លាក់ចូលទៅក្នុងទឹក។
អ្នកជំនាញរុស្ស៊ីធ្លាប់បានបញ្ជាក់ឱ្យដឹងថា គេត្រូវការពេល យ៉ាង ហោចណាស់ពីរខែ ដើម្បីជួសជុលស្ពានគ្រីមេត្រង់កន្លែង ដែលរង ការបំផ្ទុះនេះ មុននឹងអាចដាក់ឱ្យដំណើរការប្រើប្រាស់ ឡើងវិញ បាន៕
ដោយ៖កែវ កិរិយា

ads banner