លួចម៉ូតូប្រជាពលរដ្ឋបានសម្រេច រួចយកម៉ូតូទៅលក់ បានលុយមកទិញស្រាផឹកយ៉ាងរំភើយ ខណៈម្ចាស់តាមទាន់ ប្តឹងសមត្ថកិច្ចឃាត់ខ្លួនបាន ២នាក់

ភ្នំពេញ ៖ ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ខណៈដែលម្ចាស់ម៉ូតូ ភ្លេចអូសយកទៅទុក ជនសង្ស័យដើរកាត់ឃើញមានឱកាសល្អ ឆ្លៀតអូសលួចយកទៅលក់បានលុយ ៥០មុឺនរៀល យកទៅទិញស្រារផឹកធ្វើជារំភើយ ដោយម្ចាស់បានដឹងមុខ ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន ជនសង្ស័យចំនួន ២នាក់ កាលពីវេលាម៉ោងជាង ១១ព្រឹក ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលឃាត់ខ្លួនបានខាងលើនេះ ទី១-ឈ្មោះ អេង ឆេងហេង ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្សារហ្គ្រនជម្ពូវ័ន នៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។ និងទី២-ឈ្មោះ មុី សុវណ្ណារ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួល នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិកំពង់ត្របែក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ចំណែកឯ ជនរងគ្រោះមានឈ្មោះ ផល រ៉ាឌី ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរជាងដែក ស្នាក់នៅផ្ទះជួល នៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិក្រាំងស្វាយ ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ។ សមត្ថកិច្ចបន្តឱ្យដឹងទៀតថា ចំពោះ ម៉ូតូមួយគ្រឿង ដែលជនសង្ស័យនាំគ្នា លួចយកទៅលក់បានលុយ យកទិញស្រាផឹកនេះ ម៉ាកហុងដាឌ្រីម ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DJ-7136 (ជារបស់ជនរងគ្រោះ) ។

តាមសម្តីជនរងគ្រោះ បានឱ្យដឹងថា នៅយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ គាត់ស្មានតែបងប្រុសរបស់គាត់ នៅក្នុងបន្ទប់ជាប់នោះ អូសម៉ូតូយកទៅទុកឱ្យ ក៏ចូលដេកលង់លក់បាត់ទៅ។ រហូតដល់វេលាម៉ោងជាង៦ព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២២ ទើបភ្ញាក់ងើបឡើង ហើយរូបគាត់ បានសួររកម៉ូតូ ទើបដឹងថាបាត់ ក៏សុំម្ចាស់ផ្ទះជួលឆែកមើលកាមេរ៉ាសុវត្តិភាពស្គាល់ភិនភាគ ជនសង្ស័យ គ្នា២នាក់ បានធ្វើសកម្មភាព លួចអូសម៉ូតូយកទៅនៅវេលាម៉ោង១ និង០៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ទើបតាមស្វែងរក។ លុះពេលមកដល់វេលាម៉ោងជាង១១ព្រឹក នាថ្ងៃដដែលនោះ ក៏បានប្រទះឃើញជនសង្ស័យកំពុងអង្គុយផឹកស្រាទាំង២នាក់ ទើបប្តឹងទៅខាងសមត្ថកិច្ចចុះចាប់ខ្លួន ។

បច្ចុប្បន្ន ជនសង្ស័យ ២នាក់ ខាងលើនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំយកទៅប៉ុស្តិ៍នគរបាលចោមចៅទី៣ ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿង បញ្ជូនមកកាន់អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តទៅតាមនីតិវិធី ៕ ដោយ៖ ឆៃហួត និងប៊ុនធី

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner