កូរ៉េខាងជើងបញ្ជាក់ពីការសាកល្បងមីស៊ីលនុយក្លេអ៊ែរផ្ទួនៗចុងក្រោយថាដើម្បីកម្ទេចសត្រូវ

ព្យុងយ៉ាង៖នៅថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២នេះ ប្រទេសកូរ៉េ ខាងជើងបានចេញមុខបញ្ជាក់អំពីការធ្វើសមយុទ្ធយោធាបាញ់មីស៊ីលនុយក្លេអ៊ែរផ្ទួនៗគ្នានាពេលចុងក្រោយនេះថា គឺជាការឆ្លើយតប ទៅ នឹងសមយុទ្ធយោធារួមគ្នារបស់សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង។ បើតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA យោធាទី ក្រុងព្យុងយ៉ាងបានធ្វើការសាកល្បងបាញ់មីស៊ីលផ្លោងដែលមានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរក្នុងការបង្ហាញអត្ថិភាពរបស់ខ្លួននិងប្រាប់ច្បាស់ៗថាកូរ៉េខាងជើងមានសមត្ថភាពរារាំងសង្គ្រាមដែលពន្យុះដោយគូសត្រូវ។
ក្នុងរយៈពេលពីរសប្តាហ៍ប៉ុណ្ណោះ កូរ៉េខាងជើងបានធ្វើការបាញ់ មីស៊ីលបាលីស្ទីកដល់ទៅប្រាំពីរលើក ឆ្លើយតបទៅនឹងសកម្មភាព សមយុទ្ធយោធារបស់គូសត្រូវក្បែរខាង និងការជ្រៀតជ្រែកចូលរបស់ សហរដ្ឋអាមដេរិកតាមរយៈការបំពេញទស្សនៈកិច្ចបង្ហាញជំហរប្រឆាំងទីក្រុងព្យុងយ៉ាងនៅក្នុងតំបន់សនៃឧបទ្វីបកូរ៉េថ្មីៗនេះ។
រាល់សេចក្តីសម្រេចកន្លងមកក្នុងការធ្វើសមយុទ្ធយោធាកន្លងមកនេះគឺជាសេចក្តីសម្រេចរួមរបស់គណបក្សពលករ ដើម្បីជាការឆ្លើយតប មិនអាចជៀសបានចំពោះការធ្វើសមយុទ្ធយោធាឈ្លានពានរបស់អាមេរិកកូរ៉េខាងត្បូងក្នុងសប្តាហ៍កន្លងទៅចំពោះការចល័តទ័ពជើងទឹកអាមេរិកនិងកូរ៉េខាងត្បូងនិងវត្តមាននាវាផ្ទុកយន្តហោះនិងនាវាមុជទឹកដើរដោយថានពលនុយក្លេអ៊ែរជាដើម។នេះបើតាមទីភ្នាក់ងារ សារព័ត៌មាន KCNA។
តាមរយៈទីភ្នាក់ងារសារព័ត៌មាន រដ្ឋ KCNA នៅថ្ងៃទី១០ ខែតុលា កូរ៉េខាងជើងបានបង្ហាញជំហរតតាំងនិងគំរាមប្រាប់គូសត្រូវដែលមានកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក ឱ្យបញ្ឈប់ការធ្វើសមយុទ្ធ យោធារួមគ្នានៅសមុទ្រឧបទ្វីបកូរ៉េតទៅទៀត។ កូរ៉េខាងជើងមានកងកម្លាំងប្រដាប់អាវុធនុយក្លេអ៊ែរមានសមត្ថភាពប្រយុទ្ធតតាំងដោយប្រសិទ្ធភាពខ្ពស់ ត្រៀមជើងព្រួលរួចរាល់ ហើយ ក្នុងការវាយលុកបំផ្លាញគោលដៅឬទីតាំងណាមួយគ្រប់ពេលវេលាទាំងអស់។
ក្រៅពីនេះ ទីភ្នាក់ងារសារព័ត៌មាន KCNA បានលើកសម្រង់ សម្តីរបស់ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថា ទីក្រុងព្យុងយ៉ាងគ្មានអ្វីត្រូវនិយាយឬគ្មានអ្វីត្រូវការទៀតទេ ទោះជាគូសត្រូវមកចង់បន្តកិច្ចសន្ទនានិងចរចាជាមួយព្យុងយ៉ាងក៏ដោយ។
ទោះបីនៅក្រោមសម្ពាធថ្កោលទោសពីសហគមន៍អន្តរជាតិ ក្រុម អ្នកវិភាគ បាននិយាយថា ទីក្រុងព្យុងយ៉ាងបានចាប់យកឱកាស នៃការជាប់គាំងនៅអង្គការសហប្រជាជាតិ ដើម្បីធ្វើតេស្តអាវុធ បន្ថែមទៀត ដោយទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនបានព្រមាន ជាច្រើនខែមកហើយថា ទីក្រុងព្យុងយ៉ាងក៏នឹងអាចធ្វើការសាកល្បង អាវុធនុយក្លេអ៊ែរផ្សេងទៀតផងដែរក្នុងពេលឆាប់ៗនេះ។
គួររំលឹកថា របបនៃប្រទេសកូរ៉េខាងជើង បានអនុម័តទ្រឹស្តី គោលនយោបាយថ្មី ដោយចាត់ទុកកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន មិនអាចត្រូវបានដកថយវិញបានជាដាច់ខាត។ ប្រមាណពីរសប្តាហ៍ ចុងក្រោយនេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលចំនួន៧ដង ដោយកាលពីថ្ងែទី៥ ខែតុលា ឆ្នាំ២០២២ កូរ៉េខាងជើងបានបាញ់ មីស៊ីលបាលីស្ទីក ហោះរំលងពីលើជប៉ុនបួនគ្រាប់ ឆ្ពោះទៅកាន់ សមុទ្រជប៉ុន ដែលបង្កភាពជ្រួលច្របល់ខ្លាំងពីសំណាក់ ពលរដ្ឋ ជប៉ុន៕
ដោយ៖បណ្តូល ពេជ្រ / CPA

ads banner