ភ្លៀងធ្លាក់ថែមទៀតធ្វើឱ្យទឹកជំនន់ជន់លិចនៅភាគឦសាន និងភាគកណ្តាលប្រទេសថៃយ៉ាងគំហុក
បាងកក៖ ភ្លៀងធ្លាក់ខ្លាំងតាមរដូវម្តងទៀតបានវាយលុកភាគពាយព្យនៃប្រទេសថៃ នៅថ្ងៃអាទិត្យទី៩ ខែតុលានេះ បង្កឱ្យមានទឹកជំនន់បន្តរីករាលដាល ជាពិសេសនៅតំបន់ភាគខាងជើងឆៀងខាងកើត និងកណ្តាល។
នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយរបស់ថៃបានរាយការណ៍ថា នៅក្នុងខេត្តភាគឦសាននៃខេត្ត Ubon Ratchathani មនុស្សជិត ២០,០០០នាក់ត្រូវបានផ្លាស់ប្តូរទៅកាន់ទីជម្រកបណ្តោះអាសន្នចំនួន ៨៥កន្លែង ខណៈដែលទឹកជំនន់បានជន់លិចភូមិជាង ១,០០០។ ទន្ទឹមគ្នា សភាពាណិជ្ជកម្មខេត្តបានប៉ាន់ប្រមាណថា ការខូចខាតសេដ្ឋកិច្ចមានទឹកប្រាក់ប្រមាណ ៥ពាន់លានបាត ឬប្រហែល ១៣៣លានដុល្លារពីទឹកជំនន់ ដោយសារតែអ្នកស្រុកបានត្អូញត្អែរថា ពួកគេបានទទួលជំនួយតិចតួចសម្រាប់ស្ថានភាពរបស់ពួកគេ។
ចំណែកទីភ្នាក់ងារគ្រោះមហន្តរាយបានឱ្យដឹងថា គ្រួសារសរុបជាង ២០០,០០០ នៅក្នុងខេត្តចំនួន ៥៤ បានរងគ្រោះទឹកជំនន់ក្នុងរយៈពេល ១០ថ្ងៃរហូតដល់ថ្ងៃសៅរ៍សប្តាហ៍មុននេះ។ ទឹកជំនន់គឺជាបញ្ហាតាមរដូវក្នុងប្រទេសថៃ ប៉ុន្តែនៅក្នុងឆ្នាំនេះ វាកាន់តែធ្ងន់ធ្ងរឡើងដោយសារព្យុះត្រូពិច Noru ដែលបានបោកបក់កាលពីសប្តាហ៍ចុងក្រោយនៃខែកញ្ញា និងខ្យល់មូសុងនិរតីនៅសមុទ្រ Andaman និងឈូងសមុទ្រថៃ។
កាលពីពេលថ្មីៗនេះ អាជ្ញាធរថៃក៏បានចេញការព្រមានដែរថា រាជធានីបាងកក និងខេត្តផ្សេងទៀតនៅតាមដងទន្លេចៅប្រាយ៉ា អាចប្រឈមមុខនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ដោយសារតែបរិមាណទឹកកើនឡើងហួសពីសមត្ថភាពស្តុកទឹកនៅក្នុងទន្លេ និងទំនប់។ នៅពេលដែលទំនប់ធំៗឈានដល់សមត្ថភាពស្តុកទឹក អាជ្ញាធរត្រូវបានបង្ខំឱ្យបញ្ចេញទឹក ដែលនាំឱ្យកម្រិតទឹកនៅទន្លេខាងក្រោមកើនឡើង៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា