មន្រ្តីជាន់ខ្ពស់សហព័ន្ធកីឡាវាយកូនបាល់លើកឡើងថា ការចូលរួមជួយគាំទ្រពីមន្រ្តីរដ្ឋាភិបាលជាចំណែកមួយយ៉ាងសំខាន់ជួយឲ្យវិស័យកីឡានៅកម្ពុជារីកចំរើន

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានថ្លែងលើកឡើងថា ការចូលរួមគាំទ្រក្នុងសកម្មភាពកីឡាពីសំណាក់ថ្នាក់ដឹកនាំដែលជាមន្រ្តីក្នុងជួរដ្ឋាភិបាល គឺជាសកម្មភាពមួយរួមចំណែកយ៉ាងសំខាន់លើកទឹកដល់កីឡាករកីឡាការិនី និងសហព័ន្ធកីឡាជាតិឲ្យកាន់តែមានឆន្ទៈខ្ពស់ឈានទៅប្រកួតដណ្តើមបានមេដាយដៃជូនជាតិពីការប្រកួតកម្រិតអន្តរជាតិនានា ពិសេស គឺស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះតែម្តង។
អគ្គលេខាធិការខាងលើ បានថ្លែងលើកឡើងបែបនេះ បន្ទាប់ពី ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយក រដ្ឋមន្រ្តី និងអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចូលរួមក្នុងក្នុងសកម្មភាពគាំទ្រលើកទឹកចិត្តដល់កីឡាករវាយកូនបាល់កម្ពុជាមុននឹងចេញទៅចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនបាល់ Davis Cup នៅប្រទេសបារ៉ែន កាលពីថ្ងៃអាទិត្យទី៩ ខែ តុលា ឆ្នាំ២០២២ម្សិលមិញ នៅទីលានកីឡាវាយកូនបាល់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។
អគ្គលេខាធិការរូបនេះ អះអាងទៀតថា ជាការពិតណាស់ការលើកទឹកចិត្តគ្រប់សកម្មភាពកីឡាដោយមានការចូលរួមគាំទ្រពីមន្រ្តីជាន់ខ្ពស់ក្នុងជួយរដ្ឋាភិបាល គឺជាកម្លាំងចិត្តមួយផ្តល់នូវក្តីស្រលាញ់ និងភាពស្និតស្នាលជំរុញកម្លាំងចិត្តដល់កីឡាករកីឡាការិនីឲ្យមានទឹកចិត្តខិតខំហ្វឹកហាត់អភិវឌ្ឍខ្លួនក្លាយជាកីឡាករកីឡាការិនីសក្តានុពលសម្រាប់ជាតិនៅពេលខាងមុខ។ ជាក់ស្តែងដូចជាសកម្មភាពចូលរួមពីសំណាក់ ឯកឧត្តម សុខ ចិន្តាសោភា នាពេលនេះអញ្ចឹង បានបង្ហាញនូវការស្រលាញ់ ការអប់រំដល់ពួកគេដែលជាកីឡាករថ្នាល និង កីឡាករជម្រើសជាតិឲ្យមានក្តីសង្ឈឹមខ្ពស់សម្រាប់ការអភិវឌ្ឍន៍ខ្លួនក្លាយជាកីឡាករវាយកូនបាល់ឆ្នើមសម្រាប់កម្ពុជានាពេលអនាគត ពិសេស ក្រុមជម្រើសជាតិវាយកូនបាល់កម្ពុជា ដែលមានភារៈកិច្ចចូលរួម Davis Cup នៅប្រទេសបារ៉ែន មានមោទកៈភាពប្រកួតលើឆាកអន្តរជាតិ។

        ឯកឧត្តម សុខ ចិន្តាសោភា មានប្រសាសន៍ថា កក្តាចម្បងបង្កើតជំនួបជាមួយកីឡាករកីឡាករការិនីវាយកូនបាល់នាពេលនេះ គឺ ឯកឧត្តម ចង់លើកទឹកចិត្តដល់ពួកគេឲ្យមានកម្លាំងចិត្តប្រកួតប្រជែងដណ្តើមជោគជ័យជូនកម្ពុជាលើឆាកអន្តរជាតិ ដោយហេតុថា ក្រុមជម្រើសជាតិកីឡាវាយកូនបាល់កម្ពុជាយើងនឹងត្រូវទៅចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនបាល់ Davis Cup នៅប្រទេសបារ៉ែន នៅពេលខាងមុខនេះ។ ឯកឧត្តម បានលើកទឹកចិត្តថា ការប្រកួតនៅលើឆាកអន្តរជាតិនេះ ជ័យជំនះមិនមែនតែសម្រាប់តែសហព័ន្ធនោះទេ ពោលគឺជាតិទាំងមូល ព្រោះយើងបាននាំទង់ជាតិយើងទៅបង្ហាញលើឆាកអន្តរជាតិឲ្យពិភពលោកស្គាល់ពីសក្កានុពលវិស័យកីឡារបស់កម្ពុជា។

ឯកឧត្តម បានក្រើនរំលឹកទៀតថា ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនបាល់ Davis Cup នៅប្រទេសបារ៉ែន ជាជំហ៊ានមួយក្នុងការឈានជើងទៅឆាកអន្តរជាតិន៉ទេ ប៉ុន្តែអ្វីដែលជាកិច្ចការសំខាន់សម្រាប់ក្រុមជម្រើសជាតិវាយកូនបាល់កម្ពុជា គឺព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់កម្ពុជា ត្រូវដណ្តើមឲ្យបានមេដាយជូនកម្ពុជា។ដូច្នោះត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់អភិវឌ្ឍខ្លួនក្លាយជាកីឡាករសក្កានុពលសម្រាប់កម្ពុជា។
សូមបញ្ជាក់ថា នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ ក្រុមកីឡាករវាយកូនបាល់កម្ពុជានឹងចេញទៅ ប្រកួតកីឡាវាយកូនបាល់ Davis Cup នៅប្រទេសបារ៉ែន ដែលមានសមាសកីឡាករ គ្រូបង្វឹក និងថ្នាក់ដឹកនាំចំនួន១០រូប ចាប់ផ្តើមប្រកួតពីថ្ងៃទី១៧ដល់ថ្ងៃទី២២ ខែ តុលា ឆ្នាំ២០២២ ហើយ ការប្រកួតក្នុងព្រឹត្តិការណ៍នេះដែរ សហព័ន្ធចាត់ទុកជាការបង្កើនសមត្ថភាពមួយក្នុងការត្រៀមលក្ខណៈសម្រាប់ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner