ជប៉ុនស្វាគមន៍ភ្ញៀវទេសចរពីបរទេសឡើងវិញនៅថ្ងៃអង្គារសប្តាហ៍នេះដោយមិនចាំបាច់ទិដ្ឋាការ
ជប៉ុន៖អ្នកដំណើរពីប្រទេសមួយចំនួននឹងអាចទៅ ទស្សនា ប្រទេស ជប៉ុន ដោយមិនចាំបាច់មានទិដ្ឋាការទេ ចាប់ពីថ្ងៃអង្គារសប្តាហ៍ នេះ (១១ខែតុលា)តទៅដូចកាលពីមុនកូវីដ-១៩។ នេះបើតាម ការ ចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មានអេភី( AP )នៅថ្ងៃទី១០ ខែតុលា។ ហាងលក់គ្រឿងអេឡិចត្រូនិក ក្រុមហ៊ុនអាកាសចរណ៍ និង កន្លែង ទេសចរណ៍ផ្សេងៗ មានក្តីសង្ឃឹមធំ សម្រាប់ការរស់ ឡើង វិញនៃ អាជីវកម្មរបស់ពួកគេ។
ប្រទេសជប៉ុនបានបិទព្រំដែនរបស់ខ្លួនស្ទើរទាំងស្រុង សម្រាប់អ្នក ដំណើរ បរទេសក្នុងអំឡុងពេលនៃជំងឺកូវីដ១៩។ ចាប់តាំងពីខែមិថុនា ឆ្នាំ២០២២មក មានតែអ្នកទេសចរ តាមកញ្ចប់សេវាកម្មទេសចរណ៍ ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យចូលក្នុងប្រទេសនេះ។ សម្រាប់ ជប៉ុននេះគឺជាការបើកចំហរព្រំដែនទទួលភ្ញៀវទេសចរឡើងវិញ ខណៈដែល ប្រាក់យ៉េនរបស់ជប៉ុន បានធ្លាក់ចុះយ៉ាងខ្លាំងធៀបនឹង ប្រាក់ដុល្លារអាមេរិក។ ការណ៍នេះបានផ្តល់ឱកាសឱ្យទេសចរបរទេសមួយចំនួនមានអំណាចទិញខ្លាំងជាងមុន។
នាយកប្រតិបត្តិនៃក្រុមហ៊ុន Akky International Corp លោក Hideyuki Abe ស្ទើរតែមិនអាចទប់អារម្មណ៍របស់គាត់បានទេ ជុំវិញការបើកឲ្យទេសចរបរទេសចូលប្រទេសជប៉ុនឡើងវិញ។ អ្នកទេសចរបរទេសកំពុងត្រលប់មកប្រទេសជប៉ុនវិញ ពួកគេគឺ ជាភ្ញៀវ ដែលធ្លាប់ចូលហាងចម្រុះពណ៌របស់លោក Hideyuki Abe ដែលស្ថិតនៅក្នុងសង្កាត់ Akihabara ទីក្រុងតូក្យូ ជាកន្លែង ប្រមូលផ្តុំទៅដោយគ្រឿងអេឡិចត្រូនិក រាប់ចាប់តាំងពីនាឡិកា វត្ថុអនុស្សាវរីយ៍ដូចជាដាវសាមូរ៉ៃ និងតុក្កតាឆ្មាជាដើម។
ហាងទំនិញរបស់លោក Hideyuki Abe មានបុគ្គលិកប្រហែល ៥០នាក់ ហើយកាត់បន្ថយខ្លះក្នុងអំឡុងឆ្នាំ២០២០ ដែលជាពេល រាតត្បាតនៃជំងឺកូវីដ១៩។ ហាងមួយចំនួននៅក្នុងតំបន់ Akihabara ត្រូវបង្ខំចិត្តបិទចាប់តាំងពីពេលនោះមក ប៉ុន្តែលោក Abe បានរងចាំឱកាសល្អសម្រាប់បើកដំណើរការហាង ទាំងនោះ ឡើងវិញ។
លោក Abe បាននិយាយថា៖ «ការរង់ចាំដោយអំណត់ គឺជា អំណាច! ប៉ុន្តែឥឡូវនេះ ខ្ញុំព្រួយបារម្ភបន្តិចអំពីកង្វះ កម្លាំង ពលកម្ម»។
អ្នកលក់រាយនៅសង្កាត់ Akihabara និងអាជីវកម្មផ្សេងទៀត នៅក្នុងប្រទេសជប៉ុន ដែលពឹងផ្អែកខ្លាំងលើភ្ញៀវមកបរទេស បានជួបនឹងការលំបាកច្រើននារយៈពេល២ ឬ៣ឆ្នាំចុងក្រោយនេះ។ ក្រុមហ៊ុនលក់ទំនិញដ៏ធំ Laox បានបិទអាជីវកម្មរបស់ខ្លួន នៅក្នុង តំបន់ Akihabara ប៉ុន្តែរក្សាដំណើរការអាជីវកម្មនៅអាកាស យានដ្ឋាន Narita និងនៅក្នុងរដ្ឋធានីបុរាណ Kyoto។
ទីក្រុង Nara ដែលល្បីល្បាញដោយសារវិហារបុរាណ ទីសក្ការៈ និងកន្លែងផលិតស្រាបៀ កំពុងតែបើកឡើងវិញតាមរយៈការ ទទួល ភ្ញៀវរទេសចរក្នុងស្រុក និងពីបរទេស។ លោក Katsunori Tsuji មកពីផ្នែកផ្សព្វផ្សាយទេសចរណ៍នៃក្រុង Nara បានថ្លែងថា៖ «មានទិដ្ឋភាពនៃជីវិត ដែលជនជាតិជប៉ុនបានរក្សាទុកជាច្រើនឆ្នាំមក ហើយនៅ Nara ធ្វើឲ្យភ្ញៀវទេសចរពិតជាអាចយល់បាន និងរីករាយ ជាមួយ នឹងទិដ្ឋភាពទាំងនោះ»។
ភ្ញៀវទេសចរបរទេសប្រមាណ ៣២លាននាក់បានទៅលេង ប្រទេសជប៉ុនក្នុងឆ្នាំ២០១៩ មុនពេលនៃការរាតត្បាតនៃ ជំងឺកូវីដ១៩។ វិស័យទេសចរណ៍នៅក្នុងប្រទេសនេះ បានចូល រួមចំណែកជាង ៧ភាគរយនៃសេដ្ឋកិច្ចជាតិ។ នេះបើយោង តាមក្រុមប្រឹក្សាទេសចរណ៍ និងអង្គការទេសចរណ៍ពិភពលោក។
ក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់ប្រទេសជប៉ុន All Nippon Airways និង Japan Airlines កំពុងបង្កើនជើងហោះហើររបស់ខ្លួន ជាការឆ្លើយតបទៅនឹងតម្រូវការកើនឡើងដែលក្រុមហ៊ុនបានរំពឹងទុក។ កាលពីអំឡុងពេលកូវីដ១៩ ជើងហោះហើរនៃក្រុមហ៊ុនទាំងពីរ បានកាត់បន្ថយយ៉ាងច្រើន។
សូមជម្រាបជូនថាក្នុងឆ្នាំ២០១១ ១ដុល្លារមានតម្លៃប្រមាណ ៨០យ៉េន ហើយកាលពីឆ្នាំមុន ១ដុល្លារអាមេរិកមាន តម្លៃ ១១១យ៉េន។ ឥឡូវនេះតម្លៃប្រាក់ជប៉ុនបានធ្លាក់ចូលក្នុងតម្លៃទាបបំផុតមួយក្នុងរយៈពេលជិតបីទសវត្សរ៍ធៀបនឹងប្រាក់ដុល្លារអាមេរិក ពោលគឺ ១៤៥យ៉េន/ដុល្លារ៕
ដោយ៖យ៉ាន អាន/ CPA