តើចិនអាចបន្ធូរបន្ថយភាពតានតឹងនៃហានិភ័យនុយក្លេអ៊ែររុស្ស៊ីបានដែរឬទេ?
ចិន៖នៅចុងខែកញ្ញាការព្រួយបារម្ភពីហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរ បានចាប់ផ្ដើមផុសឡើងជាថ្មី បន្ទាប់ពីលោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន បានព្រមានថានឹងប្រើប្រាស់អាវុធគ្រប់ប្រភេទដែលរុស្ស៊ីមាន រួមទាំងអាវុធនុយក្លេអ៊ែរដើម្បីយកឈ្នះសត្រូវនិងការពារទឹកដីរបស់ខ្លួន។
ក្រោយការគំរាមនេះ អ្នកវិភាគលោកខាងលិចបានលើកឡើងថា រុស្ស៊ីអាចនឹងប្រើប្រាស់តាកទិកនុយក្លេអ៊ែរ ដើម្បីយកឈ្នះអ៊ុយក្រែន ឬការពារទឹកដីដែលខ្លួនទើបនឹងកាត់យកពីអ៊ុយក្រែនដោយខុសច្បាប់។ ការណ៍នេះអាចនឹងធ្វើឱ្យមានការប្រឈមមុខជាមួយលោកខាងលិច រួមទាំងអង្គការណាតូ ដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរដូចគ្នា។
នៅពេលដែលហានិភ័យនៃអាវុធនុយក្លេអ៊ែរពុះកញ្ជ្រោលឡើងក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះគេក៏ឃើញមានការព្រមានដាក់លោក ពូទីន ពីផលវិបាកនៃសកម្មភាពរបស់ខ្លួន។
ប៉ុន្តែទន្ទឹមនឹងនោះ ក៏មានផងដែរការអំពាវនាវឱ្យភាគីជម្លោះទាំង២ ស្វែងរកកិច្ចសន្ទនាការទូត ដើម្បីសម្រេចបានសន្តិភាព និងដំណោះ ស្រាយជម្លោះពីបណ្ដាប្រទេសជាច្រើនជាពិសេសពីប្រទេសដែលមិនថ្កោលទោសរុស្ស៊ីក្នុងនោះរួមមានចិនដែលជាសម្ព័ន្ធមិត្តដ៏ប្ដូរផ្ដាច់បំផុតរបស់ទីក្រុងម៉ូស្គូ។
ប្រទេសចិន ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ស៊ី ជិនពីង មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរុស្ស៊ី ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ មិនថាមុន ឬក្រោយការឈ្លានពានអ៊ុយក្រែន។ បន្ថែមពីនេះ អ្នកវិភាគភូមិសាស្រ្តនយោបាយ បានមើលឃើញថា ចិនក៏មានឥទ្ធិពលលើគោលនយោបាយការបរទេសរបស់រុស្ស៊ីផងដែរ។ការមើលឃើញបែបនេះបណ្ដាលឱ្យមានការជជែកគ្នាអំពីលទ្ធភាព ដែលចិន អាចនឹងក្លាយជាអ្នកបន្ធូរបន្ថយភាពតានតឹងនៃហានិភ័យ នុយក្លេអ៊ែរបច្ចុប្បន្នប៉ុន្តែវាក៏ស្ថិតនៅត្រង់ថាចិនមានចិត្តចង់ធ្វើវាឬក៏អត់ ហើយថាតើវានឹងផ្ដល់ប្រយោជន៍ឱ្យចិនបានប៉ុណ្ណា។
នាយកវិទ្យាស្ថានសិក្សាពីចិននៃសាកលវិទ្យាល័យ SOAS នៅទីក្រុង ឡុងដ៍ លោក Steve Tsang បានគូសបញ្ជាក់ប្រាប់វិទ្យុសំឡេង សហរដ្ឋ អាមេរិក (VOA) ថា៖ «ប្រទេសដែលមានអំណាចនិង ឥទ្ធិពល និងដែលអាចជជែកជាមួយលោក ពូទីន បាន គឺប្រទេស ចិន»។ ប៉ុន្តែបញ្ហាត្រង់ថា គោលនយោបាយការបរទេសរបស់លោក ស៊ី ត្រូវបានគិតគូរដោយផ្អែកលើផលប្រយោជន៍ចិននាំមុខ ដែល មានន័យថា ក្រុងប៉េកាំងនឹងថ្លឹងថ្លែងពីគុណសម្បត្តិ ឬគុណវិបត្តិ នៃការលូកដៃរបស់ខ្លួន នៅក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។
អ្នកវិភាគខ្លះទៀតមើលឃើញថា ក្រុងប៉េកាំងមានទឹកចិត្តតិចតួច ណាស់ ក្នុងការជួយក្រុងវ៉ាស៊ីនតោន ដោះស្រាយភាពតឹងនៃ ហានិភ័យនុយក្លេអ៊ែរ។នោះក៏ព្រោះតែចិនខឹងសម្បារចំពោះ ការ គ្រប់គ្រងរបស់រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ដែលចេញ មុខយ៉ាងចំហក្នុងការការពារកោះតៃវ៉ាន់។
យ៉ាងណាក៏ដោយ អ្នកវិភាគមួយចំនួនទៀត យល់ឃើញថា បើទោះបីជាចិនមានចិត្តចង់បន្ធូរបន្ថយភាពតានតឹង ក៏ប្រទេសនេះ ខ្វះសមត្ថភាពក្នុងការបញ្ចុះបញ្ចូលលោក ពូទីន ឱ្យបញ្ចប់សង្រ្គាម ដែរ។
លោក Zhu Feng ព្រឹទ្ធបុរសនៃសាលាសិក្សាអន្តរជាតិនៃ សាកលវិទ្យាល័យ ចិន Nanjing បានពន្យល់ប្រាប់ VOA ថា ឥទ្ធិពលរបស់ចិននៅក្នុងសង្រ្គាមអ៊ុយក្រែន មានកម្រិតខ្លាំងណាស់ ហើយការស្នើសុំឱ្យលោក ពូទីន បញ្ចប់សង្រ្គាម ប្រៀបដូចជាសុំឱ្យ លោកទទួលស្គាល់ការចុះចាញ់ ស្របពេលដែលលោក ត្រូវគិតគូរ ពីអំណាច និងជីវិតនយោបាយរបស់ខ្លួន។
គួរកត់សម្គាល់ថា កន្លងមក ចិនតែងតែអំពាវនាវជាសាធារណៈ សុំឱ្យមានកិច្ចចរចាស្វែងរកសន្តិភាព ប៉ុន្តែមិនបានថ្កោលទោសរុស្ស៊ី ដែលបង្កើនការផ្គត់ផ្គង់ថាមពលឥន្ធនៈដល់ប្រទេសរបស់ខ្លួន បន្ទាប់ពីការលុកលុយអ៊ុយក្រែនចាប់ផ្ដើម ហើយរុស្ស៊ីរងទណ្ឌកម្ម សេដ្ឋកិច្ចធ្ងន់ធ្ងរពីលោកខាងលិចនោះទេ។
ជាមួយនឹងភាពតានតឹងនុយក្លេអ៊ែរចុងក្រោយ អ្នកវិភាគខ្លះអះអាងថា វាអាចទៅរួចដែលមេដឹកនាំចិនលោក ស៊ី បានណែនាំពីវិធីនៃ ការបន្ថយ ភាពតានតឹងក្នុងកិច្ចសន្ទនាឯកជនជាមួយលោក ពូទីន។ យ៉ាងណាមិញ អ្នកវិភាគផ្សេងទៀតប៉ាន់ស្មានថា ចិនប្រហែល ជាមិនជឿថាវិបត្តិនុយក្លេអ៊ែរនឹងកើតឡើងនោះទេ ដោយសារតែការ ប្រើប្រាស់អាវុធនុយក្លេអ៊ែរ នឹងប៉ះពាល់ដល់ជីវិតនយោបាយរបស់ លោក ពូទីន ហើយធ្វើឱ្យរុស្ស៊ីក្លាយជារដ្ឋចុះខ្សោយ។
ប៉ុន្តែជាមួយគ្នានេះ ចិនក៏ភ័យខ្លាចថារុស្ស៊ីនឹងចាញ់សង្រ្គាម ដែលនឹង ធ្វើឱ្យប៉ះពាល់ដល់អំណាចនយោបាយរបស់លោក ពូទីន។ ត្រង់ ចំណុចនេះ លោក Simon Chen សាស្រ្តចារ្យវិទ្យាសាស្រ្ត នយោបាយ នៅសាកលវិទ្យាល័យតៃវ៉ាន់ជាតិ បានពន្យល់ថា ប្រសិន បើរុស្ស៊ីចាញ់សង្រ្គាម នោះវានឹងធ្វើឱ្យលោក ពូទីន ពិបាកនឹង ទទួលបានការគាំទ្រក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ ដែលជាការផ្ដល់ឱកាសដល់ក្រុមបក្សប្រឆាំងដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ និងមានទំនាក់ទំនងជិតស្និទ្ធនឹងសហរដ្ឋអាមេរិក។ លោក Chen បានបន្តថា នេះជាការព្រួយបារម្ភរបស់ចិន និងជាហេតុផល ដែល ចិនស្នើសុំឱ្យរុស្ស៊ី និងអ៊ុយក្រែន ដែលរំអុកទាមទារទឹកដីរបស់ ខ្លួនមកវិញនោះ ធ្វើការចរចាដើម្បីបញ្ចប់សង្រ្គាម។
ការយល់ឃើញរបស់លោក Chen ដូច្នេះ មានទំនោរស្រប គ្នានឹងលោក Zhu ព្រឹទ្ធបុរសនៃសាលាសិក្សាអន្តរជាតិ នៃ សាកលវិទ្យាល័យចិន Nanjing ដែលអះអាងថា នៅពេលរុស្ស៊ី ចាញ់សង្គ្រាម នោះចិនត្រូវនៅតដៃជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់មហាអំណាចសេរីមួយនេះតែម្នាក់ឯង ហើយវានឹងធ្វើឱ្យចិនពិបាកនឹងសម្រេចបាននូវមហិច្ឆិតាពង្រីកឥទ្ធិពលរបស់ខ្លួន។
ប៉ុន្តែលោក Tsang នៃសាកលវិទ្យាល័យ SOAS នៃទីក្រុងឡុងដ៍ បានប្រកែកថា ការដើរតួនាទីជាអ្នកសម្របសម្រួលរកសន្តិភាព និងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនដោយជោគជ័យ ដែលរួមទាំងការ បន្ធូរបន្ថយភាពតានតឹងហានិភ័យនុយក្លេអ៊ែរ នឹងផ្ដល់ផល ប្រយោជន៍ ធំឱ្យចិន ជាពិសេសលើឆាកភូមិសាស្រ្តនយោបាយ តំបន់ក៏ដូចជាពិភពលោក។
សូមបញ្ជាក់ថា នៅពេលដែលលោក ពូទីន គំរាមប្រើនុយក្លេអ៊ែរ និងប្រកាសកេណ្ឌទ័ព ៣សែននាក់បន្ថែម ដើម្បីយកទៅច្បាំង អ៊ុយក្រែនកាលពីចុងខែកញ្ញា ចិនមិនបានថ្កោលទោសរុស្ស៊ី ដូចជាប្រទេសលោកខាងលិច និងសម្ព័ន្ធមិត្តនោះទេ។
យ៉ាងណាមិញ លោក Wang Wenbin អ្នកនាំពាក្យក្រសួង ការបរទេសចិន បានអំពាវនាវម្ដងហើយម្ដងទៀតឱ្យមាន បទឈប់ បាញ់តាមរយៈការសន្ទនា និងការពិគ្រោះយោបល់គ្នា ហើយជំហ អព្យាក្រឹត្យរបស់ក្រុងប៉េកាំង ចំពោះវិបត្តិនៅអ៊ុយក្រែននៅតែច្បាស់ និងគ្មានការប្រែប្រួលឡើយ។
សរុបមកវិញ បើទោះបីជាមានការយល់ឃើញខុសៗគ្នា អំពីលទ្ធភាព ឬចេតនារបស់ចិនក្នុងការសុំឱ្យមានការបញ្ចប់សង្រ្គាមឈ្លានពានអ៊ុយក្រែនពីរុស្ស៊ីក្ដី លោកខាងលិច រួមទាំងអ៊ុយក្រែនផ្ទាល់ បាន អះអាង និងទាមទារថា ភាពតានតឹង និងសង្រ្គាមអាចបញ្ចប់ទៅបាន លុះត្រាតែរុស្ស៊ីដកកងទ័ពរបស់ខ្លួនចេញពីទឹកដីអ៊ុយក្រែន។ ផ្ទុយមកវិញ រុស្ស៊ីបែរជាផ្គើន ហើយកេណ្ឌទ័ពនិងយកនុយក្លេអ៊ែរ មកគំរាមកំហែង ធ្វើឱ្យពិភពលោកទាំងមូលបារម្ភថាសង្គ្រាមរុស្ស៊ី ឈ្លានពានអ៊ុយក្រែននេះ អាចនឹងវិវត្តទៅជាជម្លោះនុយក្លេអ៊ែរ ប្រសិនបើស្ថានការណ៍បន្តទៅមុខដោយគ្មានការទប់ស្កាត់។
កាលពីថ្ងៃអាទិត្យទី ០៩ ខែតុលានេះ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិ សុខជាតិអាមេរិក លោក John Kirby បានអះអាងថា អាមេរិក មិនបានឃើញការចង្អុលបង្ហាញថ្មីណាមួយដែលថា លោក ពូទីន បានសម្រេចចិត្តប្រើអាវុធនុយក្លេអ៊ែរនោះទេ។ ប៉ុន្តែប្រធានា ធិបតី អាមេរិក លោក បៃដិន បានព្រមានថា ពិភពលោកកំពុងស្ថិតនៅ ក្រោម ហានិភ័យនៃជម្លោះនុយក្លេអ៊ែរដ៏មហន្តរាយ ដែលមិនធ្លាប់មាន តាំងវិបត្តិមីស៊ីលគុយបា។ បើតាមប្រមុខដឹកនាំអាមេរិក លោក ពូទីន មិនចេះនិយាយលេងនោះទេ នៅពេលលោកអះអាងពីការប្រើប្រាស់ អាវុធនុយក្លេអ៊ែរតានទិក ឬអាវុធជីវសាស្ត្រ ឬគីមី ប្រឆាំងនឹង អ៊ុយក្រែន នោះ។
គួររំឭកផងដែរថា នេះមិនមែនជាលើកទី១នោះទេ ដែលរុស្ស៊ីធ្វើឱ្យ ពិភពលោកទាំងមូលកើតក្ដីកង្វល់ពីហានិភ័យនៃជម្លោះនុយក្លេអ៊ែរ។ កាលពីចុងខែកុម្ភៈ ប្រហែលជា៤ថ្ងៃក្រោយរុស្ស៊ីបើកការឈ្លានពាន អ៊ុយក្រែន លោក ពូទីន បានបញ្ជាឱ្យកងទ័ពកម្លាំងនុយក្លេអ៊ែរ ស្ថិតនៅក្នុងស្ថានភាពប្រុងជើងការណ៍ខ្ពស់ ដើម្បីឆ្លើយតបទៅនឹង អ្វីដែលលោកហៅថាជា «សេចក្ដីថ្លែងការណ៍ដ៏គឃ្លើន របស់ ណាតូ»។ យ៉ាងណាក៏ដោយ នៅដើមខែសីហា មេដឹកនាំរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់តាមរយៈសេចក្ដីថ្លែងការណ៍ទៅកាន់អ្នកចូលរួមសន្និសីទស្តីពីសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ (NPT) ថា សង្រ្គាមនុយក្លេអ៊ែរមិនត្រូវកើតមានទេ ព្រោះគ្មានភាគីណា មួយ ឈ្នះនៅក្នុងជម្លោះនោះឡើយ។
ទោះបីជាបែបនេះ ក៏ដោយ ពាក្យសម្ដីរបស់លោក ពូទីន ប្រែប្រួល ទៅតាមពេលវេលា និងផ្លាស់ប្ដូរពីបាតដៃទៅជាខ្នងដៃ ដោយ អាស្រ័យទៅលើផែនការយុទ្ធសាស្ត្រធ្វើសង្គ្រាមរបស់លោក។ ឧទាហរណ៍ជាក់ស្ដែង នៅពេលរុស្ស៊ីពង្រាយកងទ័ពរាប់សែន នាក់តាមព្រំដែនជាប់អ៊ុយក្រែន លោក ពូទីន បានអះអាងថា ការឈ្លានពាននឹងមិនកើតឡើងនោះទេ ប៉ុន្តែការឈ្លានពាន ដែលលោកខាងលិចថ្កោលទោសដាច់អហង្ការ ទីបំផុតក៏កើត ឡើងនិងបានអូសបន្លាយរហូតមកទល់បច្ចុប្បន្ន៕
ដោយ៖ហួន ឌីណា
ប្រភព៖ 1.Can China De-Escalate a Nuclear Crisis Over Ukraine? Will It?www.voanews.com
2.What is known about the possibility of a nuclear conflict with Russia. www.nytimes.com
3.China calls for ‘ceasefire through dialogue and consultation’ in response to Russia’s announcement of a ‘partial mobilisation’ www.skynews.com.au
4.Putin puts nuclear deterrent forces on ‘high alert’ amid spiraling tensions over Ukraine www.nbcnews.com
5.Putin Says No One Can Win a Nuclear War www.usnews.com