ទឹកធ្លាក់អូរម្លូ កំពុងបង្អួតសម្រស់នៅក្នុងព្រៃភ្នំស្ថិតនៅជីផាត ខេត្តកោះកុង
ខេត្តកោះកុង៖ ទឹកថ្លាក់អូរម្លូ បើទោះបីពុំមានអ្នកទេសចរស្គាល់ច្រើនក្តី ប៉ុន្តែតំបន់ទេសចរណ៍ដែលកំពុងលាក់ខ្លួនក្នុងព្រៃភ្នំ និងជាកន្លែងកម្សាន្តមួយប្រកបដោយទេសភាព ស្រស់ត្រកាល បែបធម្មជាតិ មួយកន្លែងនេះសម្រាប់ងូតទឹកកម្សាន្ត បោះតង់ និងស្រូបយកខ្យល់អាកាសបរិសុទ្ធ យ៉ាងសប្បាយរីករាយ។
ទឹកធ្លាក់អូរម្លូស្ថិតនៅ ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញ ប៉ែកនិរតីនៃប្រទេសកម្ពុជា ។ រមណីយដ្ឋានអេកូទេសចរណ៍អូរម្លូ ជារមណីយដ្ឋានធម្មជាតិចម្រុះ ដែលភ្ញៀវទេសចរណ៍អាចចូលកម្សាន្តបានគ្រប់រដូវកាល និង មានទឹកធ្លាក់ឥតចេះដាច់ ជាពិសេសសម្រាប់អ្នកចូលចិត្តធ្វើដំណើរកម្សាន្តបែបប្រភេទផ្សងព្រេង។
អ្នកទេសចរបើចង់ធ្វើដំណើរកម្សាន្តនៅទឹកធ្លាក់អូម្លូអាចធ្វើដំណើរទៅកាន់សហគមន៍ អេកូទេសចរណ៍ជីផាត ដោយធ្វើដំណើរតាមពីស្ពានអណ្ដូងទឹក ឆ្ពោះត្រង់តាមផ្លូវលំ ចម្ងាយជាង ១៧គីឡូម៉ែត្រ ប៉ុន្តែបើគេចង់ធ្វើដំណើរតាមរយៈទូកសហគមន៍ វិញនឹងត្រូវជិះកាត់តាមពាមសមុទ្រ ដែលនៅតាមផ្ទៃទឹកជាទីកម្សាន្តយ៉ាងមនោរម្យ។
លោក អន សុវណ្ណ ប្រធានសហគមន៍ អេកូទេសចរណ៍ជីផាតបានឱ្យដឹងថា៖ បើទោះបីកន្លងមកមានការរីករាលដាលជំងឺកូវីដ-១៩ក្តី ប៉ុន្តែសហគមន៍អេកូទេសចរណ៍ជីផាត នៅតែទទួលបានទេសចរណ៍ចូលកម្សាន្តបន្តបន្ទាប់ ។ ក្រោយជំងឺកូវីដ-១៩ស្ងប់ស្ថាត់នេះឃើញថា នៅតែមានអ្នកទេសចរចូលកម្សាន្តច្រើនឡើងបន្តបន្ទាប់ពិសេសចុងសប្តាហ៍គឺនៅថ្ងៃសៅរ៍ និងអាទិត្យ។
លោក ប្រធានសហគមន៍បានឱ្យដឹងបន្ថែមថា៖ក្នុងចំណោមតំបន់ទេសចរណ៍នៅជីផាតនេះឃើញថាទឹកធ្លាក់អូរម្លូ ក៏ទទួលបានភ្ញៀវទេសចរច្រើនបង្គួរដែរពីព្រោះថាតំបន់ទឹកធ្លាក់កន្លែងនេះនៅជិតជាងគេ និងមានទីកន្លែងកម្សាន្តទឹកធ្លាក់ និងទេសភាពក៏ល្អមិនចាញ់កន្លែងដ៏ទៃទៀតប៉ុន្មានដែរ។
ទាក់ទិនទៅនឹងប្រវត្តិទឹកធ្លាក់អូរម្លូនេះដែរ ត្រូវបាន លោក អន សុវណ្ណ រៀបរាបប្រាប់ថា៖ដោយសារកាលសម័យមុន នៅតំបន់មួយជិតកន្លែងនេះ សម្បូរទៅដោយដុះដើមម្លូ ហើយកាលណាអ្នកស្រុកបានឆ្លងកាត់ទីកន្លែងនេះតែងឈៀងចូលបេះ សម្រាប់ទុកឱ្យចាស់ទុំ និងទុកសម្រាប់ប្រើប្រាស់ខាងវិស័យសាសនាមិនដែលខាន ។ ដោយសារតែតំបន់នេះសម្បូរដើមម្លូទើបបានជាប់ឈ្មោះជាតំបន់ទឹកធ្លាក់អូរម្លូ រៀងរហូតដល់បច្ចុប្បន្ន។
គួរបញ្ជាក់ថា រៀងរាល់ចុងសប្តាហ៍ ឬក៏ថ្ងៃបុណ្យទាននៅទឹកធ្លាក់អូរម្លូតែងមានភ្ញៀវពីទីជិតឆ្ងាយចូលកម្សាន្ត ងូតទឹក ថតរូបអនុស្សាវរីយ៍ ហើយអ្វីដែលពិសេសនៅផ្នែកខាងលើទឹកជ្រោះគេឃើញត្រីហែលឆ្វែលឆ្វាត់ហាក់ប្រលែងលេងជាមួយនឹងទឹកហូរខ្មួលខ្មាញ់ ឥតចេះហត់នឿយសោះឡើយ។យូរៗម្តងគេឃើញអ្នកស្រុកបានទៅចាប់ត្រីនៅទីកន្លែងនេះទៀតផង។
សហគមន៍អេកូទេសចរណ៍ជីផាត មានទីកម្សាន្តបែបធម្មជាតិជាច្រើន ដូចជា៖ តំបន់ពាង៧០ ឬភ្នំពើង ,ម្ឈូសបូរាណ, តំបន់ពាងបុរាណ និងម្ឈូសបុរាណភ្នំពេល,តំបន់ពាងបុរាណអូរកី,តំបន់ពាមតាខាត់, អូរស្ពាត, ភ្នំត្រង៉ោល,ឆាយអូសគូទ,វាលប្រាក់,ឆាយទឹកវេទ,ស្ទឹងព្រ័ត, ថ្មអណ្តែត,ដំណាក់ខូស, អូរពាមក្រវ៉ាញ ជាដើម។
បច្ចុប្បន្ន សហគមន៍អេកូទេសចរណ៍ជីផាតកំពុង ត្រូវបានចាត់ទុកជាតំបន់ទេសចរណ៍មួយដ៏សំខាន់ និងទាក់ទាញបំផុតសម្រាប់ភ្ញៀវមកធ្វើទេសចរណ៍បែបផ្សងព្រេង សិក្សាស្រាវជ្រាវពីបុរាណវិទ្យា ប្រពៃណី វប្បធម៌ អរិយធម៌ និងធម្មជាតិនៃសត្វព្រៃជាដើម ៕ ដោយ៖ម៉ាដេប៉ូ