រយៈពេល ៩ខែក្នុងនេះកម្ពុជានាំចេញអង្ករនិងស្រូវក្នុង ទំហំទឹក ប្រាក់រង្វង់ ៨៥០លានដុល្លារ
ភ្នំពេញ៖កម្ពុជាបាននាំចេញអង្ករនិងស្រូវទៅកាន់ទីផ្សារអន្តរជាតិ ទទួលបានទឹកប្រាក់ប្រមាណ ៨៥០លានដុល្លារ ក្នុងរយៈពេល ៩ខែនៃឆ្នាំ២០២២។ នេះបើតាមរបាយការណ៍ចេញផ្សាយ ដោយ សហព័ន្ធស្រូវអង្ករកម្ពុជា (Cambodia Rice Federation-CRF) នៅថ្ងៃចន្ទ ទី១០ ខែតុលានេះ។
តាមរបាយការណ៍ដដែល បរិមាណនៃការនាំចេញអង្កររបស់កម្ពុជា នៅក្នុងរយៈពេល៩ខែនៃឆ្នាំ២០២២ សម្រេចបានប្រមាណ ៤៤៩ ៣២៥តោន មានកំណើន ១០ភាគរយ បើតាមនឹងរយៈដូចគ្នា កាល ពីឆ្នាំមុន ដែលបរិមាណអង្ករនាំចេញមានចំនួនត្រឹម ៤១០ ៦៩៨ តោន ក្នុងនោះ ប្រទេសចិនឈរនៅលំដាប់ទី១ ក្នុងការទិញអង្ករ កម្ពុជា ចំណែកបារាំងឈរនៅលំដាប់ទី២ ខណៈម៉ាឡេស៊ីស្ថិត នៅលំដាប់ទី៣។ សន្ទុះនៃកំណើននេះ ត្រូវបានអ្នកជំនាញមើល ឃើញថា ដោយសារទំហំកើនឡើងនៃការនាំចេញទៅផ្សារអឺរ៉ុប។
ដោយឡែក ចំពោះស្រូវវិញ កម្ពុជាបាននាំចេញទៅកាន់ទីផ្សារ ប្រទេស វៀតណាមតែមួយប៉ុណ្ណោះ ប្រមាណ ២,៣ លានតោន គិតជាទឹកប្រាក់ទំហំ ៥៦៣,៥៤ លានដុល្លារ ក្នុងរយៈពេល ៩ខែ នៃឆ្នាំនេះ។ ចំនួននេះថយចុះបន្តិចបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលការនាំស្រូវទៅវៀតណាមមានប្រមាណ ២,៥ លានតោន ។
របាយការណ៍ដដែលបានបញ្ជាក់ថា កម្ពុជាបាននាំចេញអង្ករគ្រប់ ប្រភេទទៅកាន់គោលដៅចំនួន ៥៥ ដែលក្នុងនោះ មានប្រទេស ចំនួន ៩ ដែលបានគ្របដណ្តប់ទីផ្សារនាំចេញរបស់កម្ពុជាប្រមាណ ៨២ភាគរយ រួមមានចិនចំនូន ៤៤,០៩ភាគរយ បារាំងចំនួន ១៤,៨៣ ភាគរយ ម៉ាឡេស៊ីចំនូន ៥,៥៨ភាគរយ ហូឡង់ចំនួន ៤,៦៥ភាគរយ អ៊ីតាលីចំនួន ២,៦៥ភាគរយ ហ្កាប៊ុងចំនួន ២,៦៣ភាគរយ ព្រុយណេចំនួន ២,៤៤ភាគរយ ចក្រភព អង់គ្លេសចំនួន ២,៤៤ភាគរយ និងអាល្លឺម៉ង់ចំនួន ២,០៨ភាគរយ។
លោក លន់ យ៉េង អគ្គលេខាធិការ នៃលេខាធិការដ្ឋានសហព័ន្ធ ស្រូវអង្ករកម្ពុជា បានឲ្យដឹងនៅថ្ងៃចន្ទ ទី១០ ខែតុលាថា ការ សម្រេចបាននូវកំណើនការនាំចេញស្រូវអង្ករកម្ពុជាក្នុងអាត្រា ១០ភាគរយ សម្រាប់រយៈពេល ៣ត្រីមាស នៃឆ្នាំ២០២២ នេះ គឺដោយសារតែទំហំកំណើននាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុប បន្ទាប់ពី សហភាពអឺរ៉ុបបានសម្រេចឈប់យកពន្ធអង្ករពីកម្ពុជា តាំងពីថ្ងៃទី ២០ ខែមករា ឆ្នាំ២០២២ មក និងសម្រាប់ទីផ្សារនាំចេញ ទៅប្រទេសចិនវិញនៅរក្សាបានកំណើនដដែល។
លោក លន់ យ៉េង បានគូសបញ្ជាក់ពីសន្ទុះនៃកំណើននាំចេញ អង្ករ កម្ពុជាទៅទីផ្សារអន្តរជាតិ និងមានសុទិដ្ឋិនិយម ដូច្នេះថា៖ «រយៈ ពេល ១០ថ្ងៃ នៃដើមខែតុលា នេះ ការនាំចេញស្រូវអង្ករក៏មាន កំណើន គួរឱ្យ កត់សម្គាល់ផងដែរ។ យើងរំពឹងថា កំណើនការនាំចេញ នេះនឹងបន្តរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដែលអាចកើនដល់ ៧០ម៉ឺនតោន» ។
លោក ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសាទរចំពោះកំណើននៃការនាំចេញស្រូវអង្ករកម្ពុជា ទៅកាន់ ទីផ្សារអន្តរជាតិនេះ ដោយលោកបន្ថែមថា ខាងក្រសួងកំពុង មមាញឹក ខ្លាំងណាស់ក្នុងកិច្ចការចុះជួយកសិករ ព្រមទាំងសហការ ជាមួយអង្គភាពពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដើម្បីបញ្ចៀសបញ្ហាដែល អាចកើតមានឡើង ជាពិសេសការប្រឈមនឹងវិបត្តិគ្រោះទឹកជំនន់ និងគ្រោះមហន្តរាយនាខណៈនេះ ដើម្បីទប់ស្កាត់ផលប៉ះពាល់ការនាំ ចេញស្រូវអង្កររបស់កម្ពុជា៕
ដោយ៖សំបាន ច័ន្ទដារ៉ា