គណបក្សកម្ពុជានិយម របស់លោក យ៉ែម បុញ្ញឫទ្ធិ រួបរួមជាមួយបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖គណបក្សកម្ពុជានិយម និងគណបក្សខ្មែររួបរួមជាតិ បានឈានដល់ការសម្រេចជាផ្លូវការនូវជំហររួបរួមគ្នាតែមួយ សម្រាប់ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣។ ការសម្រេចនេះ ធ្វើឡើងនៅអំឡុងពេលដែលថ្នាក់ដឹកនាំគណបក្សទាំងពីរ បានជួបគ្នាជាផ្លូវការនៅព្រឹកថ្ងៃចន្ទ ទី១០ខែតុលានាសណ្ឋាគារ សាន់វេ កណ្តាលរាជធានីភ្នំពេញ។

លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណបក្សកម្ពុជានិយម លើកឡើងថា មូលហេតុដែលគណបក្សលោក និងគណបក្សខ្មែររួបរួមជាតិ សម្រេចរួមបញ្ចូលគ្នា ព្រោះមើលឃើញពីវីរភាពរបស់លោក ញឹក ប៊ុនឆៃ។លោកថា៖ «ករណីពិសេសមួយ សម្រាប់គណបក្ស ខ្មែររួបរួមជាតិ គឺជាគណបក្សដឹកនាំដោយឯកឧត្តម ញឹក ប៊ុនឆៃ ជាអ្នកតស៊ូជាងពាក់កណ្តាលអាយុជីវិតរបស់គាត់ តាំងពីទល់ដែន រហូតដល់ពេលបច្ចុប្បន្ន។ គាត់ជាអ្នកតស៊ូ ជាឯកឧត្តមនាយ ឧត្តមសេនីយ៍ នាំកិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣ តុលា១៩៩១ មកកម្ពុជា»។

លោក យ៉ែម បុញ្ញឫទ្ធិ បន្ថែមថា «ដូច្នេះជាវីរភាពមួយ ដែលកម្ពុជា និយមយល់ឃើញថា ការរួបរួមគ្នារវាងអ្នកតស៊ូ លើកកម្ពស់រីរភាពអ្នក តស៊ូដើម្បីជាតិ បូករួមនឹងអ្នកប្រជាធិបតេយ្យ គឺជាកត្តាចម្បងហើយ សំខាន់បំផុត»។
សេចក្តីថ្លែងការណ៍រួមរបស់គណបក្សបានបញ្ជាក់ថា ការរួបរួមនេះ នឹងឆ្ពោះទៅបង្កើតប៉ូលនយោបាយថ្មី ដោយសមាសភាចូលរួមចម្រុះ ពីនិស្សិត បញ្ញវន្ត យុវជន ស្ត្រី អ្នកតស៊ូដើម្បីបុព្វហេតុជាតិ អ្នកជាតិ និយម អ្នកប្រជាធិបតេយ្យសេរីនិយម ដើម្បីកសាងគ្រឹះ ប្រជាធិបតេយ្យ សេរី សិទ្ធិសេរីភាប ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងសង្គមយុត្តិធម៌ ទំនើបជឿនលឿនថ្លៃថ្នូរ ជាផលប្រយោជន៍ សម្រាប់ប្រជាជាតិខ្មែរ។
យ៉ាងណាមិញ តាមរយៈការរួបរួម គណបក្សទាំងពីរបានដាក់ ចេញ នូវគោលការណ៍៧ចំណុច ដោយយល់ស្របគ្នា ជ្រើសយក គណបក្ស ខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ ទៅចូលរួមប្រកួត ប្រជែងការបោះឆ្នោតជាតិឆ្នាំ២០២៣។ ក៏ប៉ុន្តែបន្ទាប់ពីការបោះឆ្នោត រួច គណបក្សនឹងរៀបចំកែឈ្មោះ សញ្ញាសម្គាល់ លក្ខនិ្តកៈ បទបញ្ជា ផ្ទៃក្នុង។ លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់ថា ការដែលមិនអាចសម្រេច ប្តូរ ឈ្មោះភ្លាមៗ ព្រោះនៅសល់ពេលវេលាខ្លី ដែលកៀកទៅនឹងការ បោះ ឆ្នោត។
ក្រោយការរួមបញ្ចូលនេះ លោក ញឹក ប៊ុនឆៃ នឹងនៅជាប្រធាន គណបក្ស ខ្មែររួបរួមជាតិដដែល ខណៈដែលលោក យ៉ែម បុញ្ញឫទ្ធិ មិនទាន់អះអាងពីតួនាទីរបស់ខ្លួន ណាមួយនៅឡើយ។ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានបញ្ជាក់ថា៖ «មកដល់ ពេលនេះ ចាប់ផ្តើមដំបូង ទើបតែមានគណបក្សពីរហ្នឹង ដែលជា ស្ថាបនិក ដែលបង្កើតឡើងប៉ូលនយោបាយថ្មីនេះ»។ យ៉ាងណាក្តី លោកថា ប៉ូលនយោបាយថ្មីនេះក៏ទទួលបានការចាប់អារម្មណ៍ ពីបណ្តាគណបក្សផ្សេងទៀតដែរ។

លោក ញឹក ប៊ុនឆៃ៖ «យើងក៏មានទំនាក់ទំនងជាមួយគណបក្ស នយោបាយមួយចំនួន និងក្រុមអ្នកនយោបាយមួយចំនួនផងដែរ។ មកដល់ពេលនេះដែលយើងមិនទាន់ឈានទៅសម្រេចជាមួយគ្នា១០០ភាគរយនៅឡើយទេនៅក្នុងដំណាក់កាលមួយដែលយើងមានការជជែកពិភាក្សាគ្នា»។
លោក ញឹក ប៊ុនឆៃ អះអាងពីក្តីសង្ឃឹមនៃការរួបរួមជាមួយគណបក្ស នយោបាយផ្សេងទៀត ដោយសារជាប៉ូលនយោបាយថ្មី «ប្រជាធិបតេយ្យ កណ្តាលនិយម»។

គួរកត់សម្គាល់ថា ចរន្តរួបរួម ច្របាច់បញ្ចូល ឬជ្រកកោនក្រោមគ ណបក្ស ណាមួយ នៃគណបក្សក្រៅរដ្ឋាភិបាល បាននិងកំពុង កើតមាន ឡើងយ៉ាងផុសផុល ក្រោយមិនទទួលបានលទ្ធផលល្អនៅ ក្នុងបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥។ តួយ៉ាងគណបក្សឆន្ទៈខ្មែរ បានចូលជ្រកក្រោមគណបក្សភ្លើងទៀន។ គណបក្សកែទម្រង់កម្ពុជា កំពុងពិភាក្សារកការច្របាច់បញ្ចូលជាមួយគណបក្សជាតិនិយម ខណៈបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅមានជំហរស្ទាក់ស្ទើរ នៅឡើយ។

និន្នាការនយោបាយនេះ ត្រូវបានក្រុមអ្នកតាមដាន សង្គមយល់ថា ជាយុទ្ធសាស្ត្ររបស់គណបក្សនានា ដើម្បីរួមជាធ្លុង ទាញរកសំឡេង គាំទ្រពីម្ចាស់ឆ្នោត ទៅប្រកួតជាមួយគណបក្សកាន់អំណាច៕
ដោយៈសេក ប្រាក់

ads banner