ហេតុការណ៍ផ្ទុះខ្លាំងជាបន្តបន្ទាប់គ្នា កំពុងកក្រើកនៅកណ្តាល រដ្ឋធានីកៀវរបស់អ៊ុយក្រែន
អ៊ុយក្រែន៖ហេតុការណ៍ផ្ទុះដ៏ខ្លាំងបន្តបន្ទាប់គ្នាកំពុងកក្រើក រដ្ឋធានី កៀវរបស់អ៊ុយក្រែន នៅព្រឹកថ្ងៃចន្ទ ទី១០ខែតុលានេះនៅមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក ពូទីន ចោទអ៊ុយក្រែនថា ជាអ្នក នៅពីក្រោយការបំផ្ទុះស្ពានតភ្ជាប់គ្រីមេទៅរុស្ស៊ីនិងចាត់ទុកវាថាជា«អំពើភេរវកម្ម»។
ហេតុការណ៍ផ្ទុះវាយប្រហារទៅលើទីក្រុងកៀវ បានកើតឡើងនៅ វេលាម៉ោងប្រមាណ ៨:១៥ព្រឹក ម៉ោងនៅក្នុងស្រុកអ៊ុយក្រែន ឬស្មើនឹងម៉ោង១២ : ១៥ រសៀល ម៉ោងនៅក្នុងប្រទេសកម្ពុជា។ អ្នកកាសែតរបស់ទីភ្នាក់ងារសារព័ត៌មាន AFP ម្នាក់ ដែលស្នាក់នៅ ក្នុងទីក្រុងកៀវ បានឃើញរថយន្តសង្គ្រោះបន្ទាន់ជាច្រើន កំពុង ធ្វើដំណើរឆ្ពោះទៅកាន់កន្លែងកើតហេតុនៃការបំផ្ទុះ។
អភិបាលក្រុងកៀវ លោក វីតាលី គ្លីតឆ្កូ (Vitali Klitschko) បាន និយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖ «មានហេតុការណ៍ផ្ទុះ ជាច្រើននៅក្នុងស្រុក Shevchenkivskyi ស្ថិតនៅកណ្តាល រដ្ឋធានី»។
វីដេអូជាច្រើនដែលត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គម បង្ហាញ ឱ្យឃើញពីផ្សែងខ្មួលខ្មៅ ហុយឡើងលើអាកាសនៃ តំបន់យ៉ាង ច្រើនក្នុងទីក្រុងកៀវ។
គួររំឭកថា ការវាយប្រហារលើកចុងក្រោយរបស់រុស្ស៊ីលើ ក្រុងកៀវ បានធ្វើឡើងកាលពីថ្ងៃទី ២៦ ខែមិថុនា។ ចំណែក ហេតុការណ៍ផ្ទុះ ជាបន្តបន្ទាប់គ្នានាថ្ងៃចន្ទនេះវិញ បានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានស្តីបន្ទោសនិងចោទ ប្រកាន់អ៊ុយក្រែន ថាជាអ្នកនៅពីក្រោយហេតុការណ៍បំផ្ទុះ បំផ្លាញ លើស្ពានគ្រីមេដែលជាស្ពានមានប្រវែង ១៩ គីឡូម៉ែត្រ និង ដែលជាស្ពានតភ្ជាប់ដ៏សំខាន់មួយរវាងប្រទេសរុស្ស៊ី និងឧបទ្វីប គ្រីមេ។
គួរជ្រាបដែរថា ការផ្ទុះកក្រើកទីក្រុងកៀវបានកើតឡើងនៅថ្ងៃចន្ទនេះ ស្របពេលដែលលោកពូទីន ត្រៀមដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រឹក្សា សន្តិសុខនាថ្ងៃចន្ទនេះដែរ ជុំវិញហេតុការណ៍នៅស្ពានគ្រីមេ៕
ដោយៈលី លីយ៉ា
ប្រភពព័ត៌មាន៖
- Oil Explosions heard in Ukraine’s capital Kyiv : edition.cnn.com
- Loud blasts rock Kyiv city centre : channelnewsasia.com