សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបទៅក្រុមប្រឆាំង ដែលចោទថា ដកដំណែងរដ្ឋមន្ត្រី ខុសពីច្បាប់រដ្ឋធម្មនុញ្ញ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លើយតបទៅបក្សប្រឆាំងដែលចោទថា សម្តេចបានស្នើព្រះមហាក្សត្រ ដកដំណែងរដ្ឋមន្ត្រីក្រសួងកសិកម្ម គឺជាបំពានច្បាប់រដ្ឋធម្មនុញ្ញ។ សម្តេចបានលើកឡើងអំពីមាត្រានៃច្បាប់រដ្ឋធម្មនុញ្ញនៃកម្ពុជាត្រង់មាត្រា២០ និង២១។ ការឆ្លើយតបបែបនេះក្នុងឱកាសដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតកាយរិទ្ធជាតិកម្ពុជា ដែលពិធីនេះធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នារសៀលថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២ ។
សម្តេចតេជោបានថ្លែងដូច្នេះថា៖ គេចោទយើងដករដ្ឋមន្ត្រី (ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន) គឺវាត្រូវ ប៉ុន្តែខុសរដ្ឋធម្មនុញ្ញ។ រដ្ឋធម្មនុញ្ញមាត្រាទី២១ ចង្អុលបង្ហាញថា ព្រះមហាក្សត្រគឺទ្រង់នឹងឡាយព្រះហត្ថលេខាដើម្បីបញ្ចប់មុខតំណែង និងតែងតាំងសម្រាប់អង្គនីតិប្រតិបត្តិតាមសំណើគណៈរដ្ឋមន្ត្រី និងសម្រាប់អង្គតុលាការតាមសំណើរបស់ឧត្តមក្រុមប្រឹក្សាចៅក្រម។
សម្តេចក៏បានសម្តែងការហួសចិត្តចំពោះការចោទប្រកាន់របស់បក្សប្រឆាំង។ នាយករដ្ឋមន្ត្រីកម្ពុជាបានថែ្លងថា៖ ឯងធ្វើអីក៏ខុស។ វាថាលោកនោះជាសមាជិកសភា បកស្រាយច្បាប់គឺជារឿងធម្មតា ដល់ពេលឯង វាចាត់ទុកថា រឿងមិនធម្មតា។ នៅពេលយើងធ្វើសកម្មភាពត្រូវតាមធម្មនុញ្ញ ត្រូវតាមច្បាប់ វាថាយើងរំលោភមាត្រា១៩ នៃរដ្ឋធម្មនុញ្ញ (និយាយពីការតែងតាំងរដ្ឋាភិបាល មិនមែននិយាយពីរឿងដកតំណែងទេ)។
សូមរំលឹកថា ឯកឧត្តម វេង សាខុន ត្រូវបានព្រះមហាក្សត្របញ្ចប់តំណែងពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាល្ងាចថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ដោយរាជរដ្ឋាភិបាលបានចាត់តាំងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជារដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ថែមលើមុខងារបច្ចុប្បន្ន រហូតដល់មានការតែងតាំងជាផ្លូវការនូវរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕ ដោយ វណ្ណលុក