សម្ដេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង ៥បន្ទប់ នៃសាលាបឋមសិក្សាប្រឡាយថ្ងូរ និងសមិទ្ធផលផ្សេងៗ នៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង
បាត់ដំបង ៖ នាព្រឹកថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង ៥បន្ទប់ នៃសាលាបឋមសិក្សាប្រឡាយថ្ងូរ និងសមិទ្ធផលផ្សេងៗ ស្ថិតនៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋឃុំតាប៉ុនទាំងមូល ដែលបានខិតខំប្រឹងប្រែងរួមសាមគ្គីគ្នាដើម្បីបុព្វហេតុសុខសន្តិភាព ដើម្បីបុព្វហេតុនៃការកសាងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ដូចជាការខិតខំរួមគ្នាដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ រួមគ្នាអភិវឌ្ឍន៍សមិទ្ធផលនានានៅក្នុងឃុំតាប៉ុន ដែលសម្ពោធនាឱកាសនេះ ។
សម្ដេចក៏បានប្រកាសពីការត្រៀមលក្ខណៈរបស់សម្ដេច និងក្រុមការងារដើម្បីគាំទ្របន្ថែមទៀតសម្រាប់ការអភិវឌ្ឍមូលដ្ឋានឃុំតាប៉ុននេះ ក៏ដូចជាមូលដ្ឋានផ្សេងទៀតដែរ ដើម្បីបំពេញសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋឱ្យបានសមល្មមទៅតាមលទ្ធភាព។ សម្ដេចបន្តថា រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា បានដាក់ការប្ដេជ្ញាចិត្ត ហើយបាននឹងកំពុងខិតខំបន្ថែមទៀតក្នុងការអភិវឌ្ឍធនធានមនុស្ស ការស្ថាបនាផ្លូវថ្នល់ ជំរុញការតភ្ជាប់ និងបង្កើតប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ព្រមទាំងអគ្គិសនីជូនប្រជាពលរដ្ឋ។
សម្ដេចក្រឡាហោម ក៏បានឆ្លៀតផ្ដល់ទស្សនាទានជូនអង្គពិធីអំពីដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ដោយសម្ដេចបានទាញចំណាប់អារម្មណ៍អង្គពិធីភ្ជាប់កំណែទម្រង់នេះទៅនឹងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដោយបន្ថែមថា ការផ្ទេរមុខងារ និងធនធានពីថ្នាក់ជាតិ មកថ្នាក់ក្រោមជាតិ គឺជាផ្នែកមួយនៃការផ្ដល់លទ្ធភាពឱ្យថ្នាក់ក្រោមជាតិ រួមទាំងក្រុមប្រឹក្សាឃុំ សង្កាត់ មានឱកាស និងលទ្ធភាពបម្រើសប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ និងប្រកបដោយទំនួលខុសត្រូវ។
ពាក់ព័ន្ធនឹងមូលដ្ឋានខេត្តបាត់ដំបងនេះដែរ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ខេត្តបាត់ដំបងនារយៈពេលចុងក្រោយនេះ ហាក់កាន់តែទទួលបានការទាក់ទាញភ្ញៀវទេសចរណ៍ ទាំងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិថ្មីៗនេះ។ សម្ដេចបានផ្ដល់ទស្សនាទានឱ្យថ្នាក់ដឹកនាំខេត្ត ក្រុង និងស្រុក រួមគ្នាសិក្សាដើម្បីស្វែងរកឱ្យឃើញកាន់តែច្បាស់ថា តើហេតុអ្វីបានខេត្តបាត់ដំបងមានភ្ញៀវទេសចរណ៍មកកំសាន្តច្រើនជាងគេ ដើម្បីពង្រឹងគុណភាព និងសក្ដានុពលបន្ថែមទៀត។
សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងអំពីមហន្តរាយកើតចេញពីការលេងល្បែងស៊ីសងខុសច្បាប់ ទាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ និងល្បែងស៊ីសងនៅតាមមូលដ្ឋាន ភូមិ ឃុំ សង្កាត់។ សម្ដេចបានសង្កត់ធ្ងន់ថា ល្បែងស៊ីសងនេះ ក៏មិនខុសពីគ្រឿងញៀននោះដែរ គឺវាជាប្រភពនៃការកើតមានបញ្ហាជាច្រើនក្នុងសង្គម ពិសេសបទល្មើសព្រហហ្មទណ្ឌ និងការបំផ្លាញសេចក្ដីសុខ សុភមង្គលក្នុងក្រុមគ្រួសារ។ សម្ដេចបានណែនាំឱ្យអាជ្ញាធរមានទំនួលខុសត្រូវក្នុងការងារនេះ ៕ ដោយ-រ៉ាវុធ