សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យភ្នំពេញអន្តរជាតិជាងពីរពាន់នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារទី១១ ខែតុលា ឆ្នាំ២០២២ សម្តេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។

និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនៅពេលនេះ រួមមាន៖ ថ្នាក់បញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ សរុបប្រមាណ ២,១១៥ នាក់ (នារី ១,១៣៩នាក់)។ ក្នុងនោះ មានព្រះសង្ឃ ២៩ អង្គ, និស្សិតពិការចំនួន ៣០ នាក់ (នារី ៩នាក់) និងនិស្សិត អាហារូប ករណ៍របស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ១៤៤នាក់ (នារី៥៣នាក់) ។

សាកលវិទ្យាល័យ PPIU គឺជាគ្រឹះស្ថានអប់រំថ្នាក់ឧត្តមសិក្សា មួយនៅកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការ បណ្តុះបណ្តាល និងបង្កើតធនធានមនុស្សជាប្រយោជន៍សម្រាប់ សង្គមកម្ពុជា។ សាកលវិទ្យាល័យ នេះ បានចាប់បង្កើតឡើង នៅ ឆ្នាំ២០០២ ដោយមានមហាវិទ្យាល័យចំនួន៥ បាននិងកំពុងផ្តល់ កម្មវិធីសិក្សាចំនួន ១២ជំនាញ។ គិតមកមកដល់បច្ចុប្បន្ន និស្សិត ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភ្នំពេញអន្តរជាតិសរុបចំនួន ៩,៤៤៤នាក់ (នារី ៣,៨៦៤នាក់) មាននិស្សិតកំពុងសិក្សា សរុបចំនួន ១,៧២៤នាក់ ( នារី ៩៤១នាក់) និងមានក្រុមប្រឹក្សា ភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សរុបចំនួន ៣៤៨នាក់ (នារី ៧៣នាក់)។

ក្រៅពីការបណ្តុះបណ្តាលថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា ហើយនោះ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ក៏បាននិងកំពុង បណ្តុះបណ្តាលសិស្សថ្នាក់វិជ្ជាជីវៈ លើជំនាញគណនេយ្យ ហិរញ្ញវត្ថុ ទេសចរណ៍ ភាសាអង់គ្លេស និងកុំព្យូទ័រ សរុបចំនួន ៥,០៤៦នាក់ (នារី ១,៦៩៧នាក់) ក្នុងនោះសិស្សបានបញ្ចប់ការសិក្សាចំនួន ៤,២៩៥ នាក់ (នារី ១,២៣៤នាក់) និងសិស្សកំពុងសិក្សា ចំនួន ៧៥១នាក់ (នារី ៤៦៣នាក់) ។

នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពើរឿងរ៉ាវ អយុត្តិធម៌របស់សាកលវិទ្យាធិការនៃសាកលល័យភ្នំពេញអន្តរជាតិ។ សម្តេចតេជោថា កាលពីជាង១០ឆ្នាំមុន បើសម្តេចមិនបាន សង្គ្រោះ លោកស្រី ទេព កូលាប ទេនោះសាកលវិទ្យាល័យ PPIU នឹង ដួលរលំ។ សម្តេច ក៏បានអរគុណដល់តុលាការកំពូល ដែលបានកាត់ ក្តី ឱ្យស្វាមីលោកស្រី ទេព កូលាប រួចផុតពីការចោទប្រកាន់។

សម្តេចបានរំលឹកថា សម្តេចបានខ្ចីលុយគេជិតបីលានដុល្លារ ដើម្បីសងឧកញ៉ា កុក អាន ជំនួសលោកស្រី ទេព កូលាប។ សម្តេចតេជោ បានចាត់ទុកសំណុំរឿងលោកស្រី ទេព កូលាប និងឧកញ៉ា កុក អាន ជារឿងអយុត្តិធម៌។

នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការផ្អាកព្រះរាជពិធីបុណ្យអុំទូកមិនមែនដោយសាររាជរដ្ឋាភិបាល អត់លុយទេ តែដោយសារភាពមមាញឹកនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលត្រូវរៀបចំធ្វើក្នុងខែវិច្ឆិកាខាងមុខនេះ។ សម្តេច បញ្ជាក់ដែរថា ទោះយើងមិនមានរៀបចំព្រះរាជពិធីបុណ្យ អុំទូកថ្នាក់ជាតិនៅឆ្នាំនេះក៏ពិតមែន តែតាមបណ្តាខេត្ត និងមូលដ្ឋាន នានាទូទាំងប្រទេស ចាប់ផ្តើមនាំគ្នារៀបចំការប្រណាំងទូក និងកម្មវិធី កម្សាន្តនានា ផ្តល់ការកម្សាន្តសប្បាយរីករាយដល់ប្រជាពលរដ្ឋ ផង ដែរ ។ សម្តេច ក៏បានសូមអភ័យទោសប្រជាជនក្រុងភ្នំពេញទុក ជាមុន ដែលអាចកកស្ទះចរាចរណ៍ដោយសារបិទផ្លូវខ្លះ ពេលប្រជុំ កំពូលអាស៊ាន នាខែវិច្ជិកាខាងមុខ។

សម្ដេចតេជោក៏បានបញ្ជាក់ដែរថា នឹងពាក់នាឡិកាអាស៊ាន ដែល កម្ពុជា បានផលិតជាពិសេស ២៥គ្រឿង ដោយសរសេរលើ នាឡិកានោះថា ផលិតនៅកម្ពុជា ដើម្បីជូនមេដឹកនាំអាស៊ាន និងអ្នកពាក់ព័ន្ធ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា យើង មានអាស៊ានតែ១០ ទេ ប៉ុន្តែយើងមានដៃគូច្រើន យើងអញ្ជើញ ដូចជា៖ ប្រធានធនាគារពិភពលោក អគ្គនាយកមូល និធិរូបីយ វត្ថុអន្តរជាត( IMF) ប្រធាន ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) អគ្គ នាយកអង្កការពាណិជ្ជកម្មពិភពលោក អគ្គនាយក អង្គការសុខភាព ពិភពលោក ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានអង្គការកិច្ចសហប្រតិបត្តិ ការសៀងហៃ និងប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើក ឡើងពីការ ស្នើទូលព្រះមហាក្សត្រ តែងតាំងឯកឧត្តម វេង សាខុន ជារដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី។ សម្ដេចបានបញ្ជាក់ថា ទោះបីជាត្រូវ បានដកតំណែងពីរដ្ឋមន្ត្រីក្រសួងកសិកម្មក៏ដោយ ក៏ប៉ុន្តែឯកឧត្តម វេង សាខុន ក៏ធ្លាប់ធ្វើការងារជាមួយគ្នាជាយូរមកហើយ ដូច្នេះ យើងមិនអាចចោលអ្នកណាម្នាក់នោះទេ ។

ជាមួយនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យក្រសួងអប់រំ យុវជន និងកីឡា ពិចារណា រៀបចំឱ្យកុមារ ដែលជាកូនៗរបស់បងប្អូន ប្រជាពលរដ្ឋដែលពួកគាត់ធ្វើសំណង់ ទាំងប្តីទាំងប្រពន្ធ ដូច្នេះ ត្រូវរកសាលារៀនដែលនៅក្បែរៗការដ្ឋានសំណង់នោះឱ្យកុមារបានទទួលការអប់រំផង។ សម្តេច ក៏បានណែនាំឱ្យក្រសួងការងារ និង ក្រសួងអប់រំ គិតគូរឱ្យកុមារតាមឪពុកម្តាយទៅធ្វើការនៅថៃ ទទួល បាន ការអប់រំផងដែរ ។ ជាមួយគ្នានេះដែរ សម្ដេច ក៏បន្តលើកឡើង ដល់ ការស្វែងរកដំណោះស្រាយសម្រាប់ពលករនាំកូនៗ ទៅ រស់ នៅជាមួយក្នុងពេលធ្វើការងារនៅប្រទេសថៃ ដោយសម្ដេចចោទជា សំណួរថា អ្នកដែលទៅដល់ប្រទេសថៃតើយើងគួរដោះស្រាយ យ៉ាង ម៉េចដើម្បីឱ្យក្មេងបានរៀន បើទោះបីរៀនអក្សរខ្មែរក៏ដោយ រៀន អក្សរថៃ ក៏ដោយ ក៏គួរតែត្រូវឱ្យបានរៀន បើមិនអ៊ីចឹងយើង ចន្លោះ ប្រហោង នៅចន្លោះកន្លែងហ្នឹង អាចមានកុមារមួយចំនួន មិនចេះ អក្សរ ឬភ្លេចអក្សរ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ក្រុមការងារ និង មេធាវីបារាំង ដែលបានប្រឹងប្រែងការពារក្តីក្នុងសំណុំរឿង របស់ សម្តេច ប្តឹងទណ្ឌិត សម រង្ស៉ី នៅប្រទេសបារាំង។ សម្តេច តេជោបាន មានប្រសាសន៍ថា ការដែលសម្តេចតាមប្តឹងដល់ប្រទេសបារាំង គឺទាមទារនូវភាពស្អាតស្អំរបស់សម្តេចតែប៉ុណ្ណោះ។

សម្តេចតេជោបានថ្លែងថា ការចង់បានរបស់សម្តេចលើបណ្តឹងនេះ មិនមែនចង់បានលុយរបស់បុគ្គលនោះទេ តែអ្វីដែលសម្តេចចង់បាន គឺភាពស្អាតស្អំពីការចោទប្រកាន់របស់បុគ្គលនោះ។

ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះ និស្សិតជ័យលាភីទាំងជាង២ពាន់ នាក់នៅថ្ងៃនេះ ក៏ដូចជា អបអរសាទរចំពោះអ្នកណាព្យាបាល ឪពុកម្ដាយទាំងអស់ ដែល បានផ្ដល់ឱកាសឲ្យកូនៗបានសិក្សារៀនសូត្រប្រកបដោយភាពជោគជ័យនៅពេលនេះ និងជូនពរអោយទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យ ជាបន្តបន្ទាប់ទៀត៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner