បៃដិន សន្យាផ្ដល់ប្រព័ន្ធការពារដែនអាកាសទំនើបដល់អ៊ុយក្រែន បន្ទាប់ពីរងការវាយប្រហារពីរុស្ស៊ី
អាមេរិក៖ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសន្យាជាមួយ សមភាគីអ៊ុយក្រែនលោក វ៉្លូឌីមៀរ ហ្សេលេនស្គី ថាសហរដ្ឋអាមេរិក នឹងផ្តល់ប្រព័ន្ធការពារអាកាសទំនើបៗដល់អ៊ុយក្រែន បន្ទាប់ពីរុស្ស៊ី បើក ការវាយប្រហារដោយមីស៊ីល លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅ លើបណ្ដាក្រុង និងតំបន់ទូទាំងប្រទេសអ៊ុយក្រែន កាលពីព្រឹក ថ្ងៃចន្ទ។
ការសន្យារបស់លោក បៃដិន លើកនេះ ធ្វើឡើងក្នុងកិច្ចសន្ទនាតាម ទូរស័ព្ទរវាងភាគីទាំងពី មុនក្រុមប្រទេសអ្នកមានទាំង៧ (G-7) រៀបចំ កិច្ចប្រជុំបន្ទាន់ អំពីការគាំទ្រអ៊ុយក្រែន និងរបៀបចាត់ឱ្យ រុស្ស៊ីទទួលខុសត្រូវ លើការវាយប្រហារទ្រង់ទ្រាយធំរបស់ខ្លួន ដែលសម្លាប់ជនស៊ីវិលអ៊ុយក្រែនយ៉ាងហោចណាស់ ១៤ នាក់។
សេចក្ដីថ្លែងការណ៍របស់សេតវិមាន ដែលចេញផ្សាយក្រោយកិច្ច សន្ទនា បានថ្លែងថា៖ «លោកប្រធានាធិបតី បៃដិន បានសន្យាថា នឹងបន្តផ្តល់ការគាំទ្រចំពោះអ៊ុយក្រែន ដែលត្រូវការការពារខ្លួន រួមទាំងប្រព័ន្ធការពារដែនអាកាសទំនើបកម្រិតខ្ពស់»។
សេតវិមានបានលើកឡើងទៀតថា លោក បៃដិនប្រាប់ទៅលោក ហ្សេលេនស្គី ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត រួមទាំងដៃគូ របស់ខ្លួន នឹងបន្តដាក់បន្ទុកលើរុស្ស៊ី ឱ្យទទួលខុសត្រូវចំពោះ ឧក្រិដ្ឋកម្មសង្រ្គាម និងអំពើឃោរឃៅរបស់ខ្លួន និងបន្តផ្តល់ ឱ្យ អ៊ុយក្រែននូវជំនួយយោធា សេដ្ឋកិច្ច និងមនុស្សធម៌។
គួររំឭកផងដែរថា ចាប់តាំងពីរុស្ស៊ីបើកការឈ្លានពានអ៊ុយក្រែន នៅចុងខែកុម្ភៈមក សហរដ្ឋអាមេរិកបានផ្ដល់ជំនួយសរុបជា ទឹកប្រាក់ប្រមាណជាង ១៦,៨ ប៊ីលានដុល្លារ។ ការសន្យា ចុង ក្រោយរបស់លោក បៃដិន គឺជាការឆ្លើយតបទៅនឹងសកម្មភាព របស់រុស្ស៊ី ដែលអ៊ុយក្រែនបានហៅនៅក្នុងកិច្ចប្រជុំនៃ មហា សន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃចន្ទនេះថា ជាប្រទេសភេរវករ ដែលពិភពលោកត្រូវតែទប់ទល់ឱ្យជាប់។
ទោះបីយ៉ាងនេះក្ដី ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ដែល ចោទប្រកាន់អ៊ុយក្រែនថាធ្វើសកម្មភាពភេរវកម្ម ចំពោះការបំផ្ទុះ ស្ពានតភ្ជាប់ពីរុស្ស៊ីទៅគ្រីម៉េកាលពីចុងសប្ដាហ៍ បានថ្លែង ដោយ មិនញញើតនឹងការថ្កោលទោសពីសហគមន៍អន្តរជាតិ ថា ការវាយ ប្រហារនៅព្រឹកថ្ងៃចន្ទរបស់រុស្ស៊ី គឺជាការសងសឹកចំពោះអ៊ុយក្រែន។
យ៉ាងណាមិញ អ៊ុយក្រែន ដែលមិនបានទទួលស្គាល់សោះ ថា ខ្លួននៅ ពីក្រោយការបំផ្ទុះស្ពាននោះ បានឆ្លើយតបទៅវិញដាក់ លោកពូទីន ថា ប្រើការវាយប្រហារតាមអាកាស ដើម្បីបង្វែ រ របត់សង្រ្គាម ដែលខ្លួនកំពុងតែចាញ់នៅតាមសមរភូមិជួរមុខ។
រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ុយក្រែន លោក ឌ្មីត្រូ គូឡេបា បាន សរសេរនៅលើបណ្ដាញសង្គមធ្វីតធ័ររបស់លោកថា គ្មាននរណា ម្នាក់ឆ្កឹះឆ្កៀលលោក ពូទីន ឱ្យប្រព្រឹត្តប្រព្រឹត្តបទឧក្រិដ្ឋយ៉ាង សាហាវព្រៃផ្សៃនោះទេ ព្រោះរុស្ស៊ីបានវាយប្រហារអ៊ុយក្រែន តែរហូតរៀងមក ពោលគឺតាំងតែពីមុនស្ពានគ្រីមាត្រូវបានបំផ្ទុះ។
លោកបានបន្តថា លោកសុំឱ្យប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ បញ្ឈប់ ការស្តីបន្ទោសលើជនរងគ្រោះនៃការឈ្លានពានរបស់រុស្ស៊ី ដោយ ថាការវាយប្រហារអ៊ុយក្រែនគឺជាការឆ្លើយតបរបស់លោក ពូទីន ឬ ដោយសាររុស្ស៊ីត្រូវបានគេឆ្កិះឆ្កៀល។
សូមបញ្ជាក់ថា រុស្ស៊ីបានបាញ់មីស៊ីលចំនួន ៨៤ គ្រាប់ លើទីក្រុង ចំនួន ១០ ប៉ុន្តែ ៥៦ គ្រាប់ក្នុងនោះ ត្រូវបានយោធាអ៊ុយក្រែន បាញ់ទម្លាក់។ នេះបើតាមអាជ្ញាធរអ៊ុយក្រែន៕
ដោយ៖ហួន ឌីណា
ប្រភព៖ Ukraine condemns Russia as ‘terrorist state’ in UN meeting