សេដ្ឋកិច្ចវៀតណាមត្រូវបានមើលឃើញថា កើនឡើង ៨ភាគរយ ក្នុងឆ្នាំ២០២២ លើសគោលដៅផ្លូវការ

ហាណូយ៖ រដ្ឋាភិបាលឲ្យដឹង នាថ្ងៃទី១១ តុលានេះថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមត្រូវបានគេរំពឹងថា នឹងកើនឡើង ៨ ភាគរយ នៅឆ្នាំនេះ ដោយលើសពីគោលដៅផ្លូវការ ដែលធ្លាប់កំណត់ថា កើនចន្លោះពី ៦.០ ភាគរយ ទៅដល់ ៦.៥ ភាគរយ។

រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការនាំចេញរបស់ប្រទេសត្រូវបានគេព្យាករណ៍ថា នឹងកើនឡើង៩.៥ ភាគរយ ក្នុងទំហំទឹកប្រាក់ ៣៦៨ ពាន់លានដុល្លារ ក្នុងឆ្នាំនេះ ដោយបន្ថែមថា លំហូរវិនិយោគផ្ទាល់ពីបរទេសត្រូវបានគេមើលឃើញថា កើនឡើងពី ៦.៤ ភាគរយ ដល់ ១១.៥ ភាគរយ ពោលគឺក្នុងទំហំពី ២១ ពាន់លានដុល្លារទៅ ២២ពាន់លានដុល្លារ។

ប្រទេសវៀតណាម ដែលជាមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់ បានឃើញសេដ្ឋកិច្ចរបស់ខ្លួនងើបឡើងវិញពីជំងឺរាតត្បាត ដោយផលិតផលក្នុងស្រុកសរុបក្នុងត្រីមាសទី ៣ កើនឡើង ១៣.៦៧ ភាគរយធៀបនឹងឆ្នាំមុន។ រដ្ឋាភិបាលបាននិយាយថា ខ្លួននឹងបន្តគោលនយោបាយរូបិយវត្ថុ “ដែលអាចបត់បែនបាន និងប្រុងប្រយ័ត្ន” ក្នុងអំឡុងពេលដែលនៅសល់នៃឆ្នាំនេះ ដើម្បីធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។

រដ្ឋាភិបាលបាននិយាយដែរថា ប្រទេសវៀតណាមនឹងមានគោលដៅសម្រាប់កំណើន ៦.៥ ភាគរយ ហើយនឹងពិចារណាលើគោលដៅអតិផរណា ៤.៥ ភាគរយ នៅឆ្នាំក្រោយ៕ ប្រភពពី CNA , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner