អ្នកប្រឹក្សាផ្លូវចិត្ត៖ តាំងពីផ្ទុះជំងឺកូវីដ-១៩មក អ្នកដែលមាន ជំងឺផ្លូវចិត្ត នៅកម្ពុជាមានការកើនឡើង

អត្ថបទដោយ៖
CPA

ភ្នំពេញ៖តាំងពីផ្ទុះជំងឺកូវីដ-១៩មក អ្នកប្រឹក្សាផ្លូវចិត្តមើលឃើញថា ប្រទេសកម្ពុជាមានការកើនឡើងអ្នកដែលមានជំងឺផ្លូវចិត្តច្រើន ដែល បណ្ដាលមកពីផលប៉ះពាល់សេដ្ឋកិច្ច និងការងារ។ នាយិកាមជ្ឍមណ្ឌលស្នេហា (Sneha Center) អ្នកនាង យឹម សុធារី ថ្លែងយ៉ាងដូច្នេះ នាឱកាសដែលកម្ពុជានិងពិភពលោក ប្រារព្ធ ទិវាសុខភាពផ្លូវចិត្ត ថ្ងៃទី១០ ខែតុលា ដែលប្រធានបទសម្រាប់ ឆ្នាំ២០២២នេះ គឺ «សុខភាពផ្លូវចិត្ត និងសុខាមាលភាពសម្រាប់ មនុស្ស គ្រប់គ្នា ជាអាទិភាពចម្បងរបស់ពិភពលោក»។

អ្នកនាង យឹម សុធារី បានលើកឡើងថា ស្ថានភាពសុខភាពផ្លូវ ចិត្តមិនថាប្រទេសកម្ពុជា និងនៅក្នុងពិភពលោកទាំងមូល គឺមានចំនួនកើនឡើងថែមទៀត អ្នកដែលមានវិបត្តិផ្លូវចិត្ត។ការកើនឡើងនេះ គឺមានវិបត្តិច្រើន ដែលតាំងពីជំងឺកូវីដ-១៩មក មើលឃើញថា បានប៉ះពាល់ដល់សេដ្ឋកិច្ច និងការងារផ្សេងៗ។
អ្នកនាង យឹម សុធារី បន្តថា៖ «សម្រាប់ស្រុកខ្មែរវិញ ខ្ញុំមើលឃើញថា ស្ថានភាពសុខភាពផ្លូវចិត្ត យើងមើលទៅតាមវ័យ ជាពិសេស វ័យយុវជន ពួកគាត់មានការប្រឈមច្រើនជាមួយនឹងជំងឺធ្លាក់ទឹកចិត្ត ជំងឺថប់អារម្មណ៍ច្រើន»។

លើសពីនេះទៀត អ្នកនាងថា បើនិយាយពីជំងឺធ្លាក់ទឹកចិត្ត និង ថប់អារម្មណ៍នេះ គឺមានហេតុផលនៅពីក្រោយទៀត ដែលអាច បណ្ដាលមកពី ការប៉ះពាល់ផ្លូវចិត្តពីកុមារភាព ការប៉ះពាល់ផ្លូវចិត្ត ពីឪពុក-ម្ដាយ និងការប៉ះពាល់ផ្លូវចិត្តពីសង្គមទាំងមូល វាធ្វើឱ្យ ស្ថានភាពសុខភាពផ្លូវចិត្តប្រជាពលរដ្ឋប្រទេសកម្ពុជាមានភាពទន់ខ្សោយ។

អ្នកនាងលើកឡើងថា៖ «ដើម្បីជួយដល់អ្នកជំងឺផ្លូវចិត្ត គឺទាំងអស់គ្នា ទាំងគ្រួសារ មិត្តភក្ដិ និងកន្លែងការងារ ត្រូវចាត់បញ្ហាសុខភាពផ្លូវចិត្ត និងបញ្ហាសុខាមាលភាពជាសកលហើយ និងជាអាទិភាព ហើយគួរ តែ បង្កើតសហគមន៍ និងរឹតចំណងជាមួយគ្នាកាន់តែទូលំទូលាយ ក្នុងការដែលធ្វើការផ្សេងៗដើម្បីជួយគាំទ្រ ជួយលើកកម្ពស់ ពីព្រោះ ប្រជាពលរដ្ឋយើងនៅមានចំណេះដឹងទាបនូវឡើយអំពីសុខភាពផ្លូវចិត្ត។ ពេលខ្លះពួកគាត់មិនដឹងថា ខ្លួនគាត់កើតអីផង អាហ្នឹងជាអី អាការៈបែបណា មិនដឹងទៅរកសេវានៅណា អ្នកណាអាចជួយ គាត់បាន ស្ថាប័នគួរតែធ្វើការជាមួយគ្នា គ្រប់ៗគ្នាដោយមិន ចាំ បាច់ប្រគួតប្រជែង និងមិនប្រចាំគ្នាទៀត»។

ស្ថិតនៅក្នុងស្ថានភាពដូច្នេះអ្នកនាង យឹម សុធារី បានអំពាវនាវ ដល់ប្រជាជនទូទៅកុំព្យាយាមវិនិច្ឆ័យនរណាម្នាក់ ដោយប្រើមាត់ និងភ្នែកទទេរ។ ដូច្នេះដើម្បីដឹងថានរណាម្នាក់មានជំងឺផ្លូវចិត្ត គឺត្រូវវិនិច្ឆ័យតាមរយៈគ្លីនិក ការជួបពិគ្រោះយោបល់ជាមួយ អ្នកជំនាញ ដោយមានកម្រងសំណួរជាដើម។

គួរបញ្ជាក់ថា នៅថ្ងៃទី១០ ខែតុលានេះដែរក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក បានប្រារព្វទិវាសុខភាពផ្លូវចិត្ត ក្រោមប្រធានបទ៖ «សុខភាពផ្លូវចិត្ត និងសុខាមាលភាព សម្រាប់ម នុស្សគ្រប់គ្នា ជាអាទិភាពចម្បងរបស់ពិភពលោក»។

ទិវានេះប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងការពារ និងលើកកម្ពស់សុខភាពផ្លូវចិត្ត បង្កើនការយល់ដឹង និងអន្តរាគមន៍ ក្នុងបង្ការបញ្ហាសុខភាពផ្លូវចិត្ត ទប់ស្កាត់ការរើសអើងទៅលើបុគ្គល ដែលមានបញ្ហាផ្លូវចិត្ត និងពង្រឹងសេវាសុខភាពផ្លូវចិត្តឱ្យមាន គុណភាពល្អ ហើយគ្របដណ្ដប់បានទូទាំងប្រទេស។

សូមបញ្ជាក់ថា កន្លងមកក្រសួងសុខាភិបាល បានដាក់ ដំណើរការ សេវាពិនិត្យ និងព្យាបាលជំងឺផ្លូវចិត្តកម្រិតឯកទេសនៅ តាមមន្ទីរ ពេទ្យជាតិ និងមន្ទីរពេទ្យបង្អែករាជធានី/ខេត្ត បានចំនួន១០កន្លែង និងកម្រិតមូលដ្ឋាននៅតាមមន្ទីរពេទ្យខេត្ត/ស្រុក ចំនួន៩៧កន្លែង និងកម្រិតបឋមនៅតាមមណ្ឌលសុខភាពចំនួន ៣៥៥កន្លែង។ ចំណែកការប្រើប្រាស់សេវា ពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺផ្លូវចិត្ត នៅតាម មូលដ្ឋានសុខាភិបាលសាធារណៈ សម្រាប់ឆ្នាំ២០២១ មានចំនួនសរុប ៨៧ ២៨៤នាក់ (ប្រុស ៣៦ ៦៣១នាក់, ស្រី ៥០ ៦៥៣នាក់)។
ក្នុងនោះ សេវាពិនិត្យពិគ្រោះជំងឺក្រៅមានចំនួន ៨២ ៩៦៤នាក់ (ប្រុស ៣៥ ០៥០, និងស្រី ៤៧ ៩១៤នាក់) ហើយសេវា សម្រាក ពេទ្យមានចំនួន ៤ ៣២០នាក់ (ប្រុស ១ ៥៨១នាក់ , ស្រី ២ ៧៣៩នាក់)៕
ដោយ៖ជា សុខនី

ads banner