ប្រទេសស្រីលង្កាត្រូវបានទាញទម្លាក់ទៅជាប្រទេសមានចំណូលទាប ដើម្បីត្រៀមទទួលយកមូលនិធិនិងកម្ចីបន្ថែមពីអន្តរជាតិ

ស្រីលង្កា៖ប្រទេសស្រីលង្កាដែលកំពុងរងវិបត្តិសេដ្ឋកិច្ចនិង នយោបាយ ធ្ងន់ធ្ងរ នៅពេលនេះត្រូវបានគណៈរដ្ឋមន្ត្រី អនុម័ត ទម្លាក់ចុះពីប្រទេសដែលមានចំណូលមធ្យមទៅជាប្រទេសមានចំណូលទាប។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យ គណៈរដ្ឋមន្ត្រី ស្រីលង្កា និងដែលត្រូវបានបណ្តាសារព័ត៌មានក្នុងស្រុក និង ក្រៅស្រុក ចុះផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ។

គណៈរដ្ឋមន្ត្រីស្រីលង្កាបានធ្វើការពិភាក្សាគ្នាកាលពីថ្ងៃទី១០ ខែតុលា ដោយបានដាក់ចេញនូវសេចក្តីសម្រេចថា ប្រទេសស្រីលង្កា ត្រូវទម្លាក់ចុះជាប្រទេសមានចំណូលទាប នៅក្នុងបញ្ជីធនាគារ ពិភពលោក។ ជាសេចក្តីសម្រេច ដែលត្រូវបានអ្នកនាំពាក្យ គណៈរដ្ឋមន្ត្រី ស្រីលង្កាអះអាងថា ធ្វើឡើងក្រោយពីបាន ពិចារណា យ៉ាងល្អិតល្អន់ ចំពោះស្ថានភាពដ៏លំបាកលំបិនផ្នែកហិរញ្ញវត្ថុ កង្វះទុនបម្រុងបរទេស បញ្ហាអតិផរណា និងការខកខានបំពេញ កាតព្វកិច្ច សងបំណុងអន្តរជាតិជាដើម។

អ្នកនាំពាក្យគណៈរដ្ឋមន្ត្រីស្រីលង្កា លោក Bandula Gunawardane បានប្រាប់អ្នកកាសែតថា យោងតាមចំណាត់ ថ្នាក់ពិភពលោកបច្ចុប្បន្ននេះ ស្រីលង្កាដែលនៅជាប្រទេសមាន ចំណូលមធ្យម កំពុងជួបការលំបាកដល់ការទទួលបានកម្ចី សម្បទាន ពីបរទេស តបតាមស្ថានការណ៍ជាក់ស្តែងក្នុងស្រុកណាស់។
ជាមួយការធ្វើសមាហរណកម្ម ស្រីលង្ការំពឹងថាអាចទទួលបាន មូលនិធិសម្បទានពីអន្តរជាតិងាយជាងមុន ដើម្បីជួយស្រោច ស្រង់ប្រទេសពីវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។

តាមសារព័ត៌មានក្នុងស្រុកស្រីលង្កា News 1st ស្រីលង្កា កំពុងរង់ចាំទទួលមូលនិធិសម្បទានពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ជាដៃគូរបស់ធនាគារពិភពលោកដែលជួយប្រទេសក្រីក្រ និងងាយរងគ្រោះបំផុតរបស់ពិភពលោក។

ក្រៅពីនេះ ស្រីលង្កាបានបញ្ជាក់ថា ខ្លួនកំពុងតែគិតគូរស្នើ កម្ចី សម្បទានទៅកាន់ធនាគារអន្តរជាតិសម្រាប់ការកសាងឡើងវិញ និងការអភិវឌ្ឍ (IBRD) ដែលជាធនាគារអភិវឌ្ឍន៍ដ៏ធំ បំផុតរបស់ ពិភពលោក ក្នុងការស្តារសេដ្ឋកិច្ចប្រទេសឡើងវិញដែរ។

ក្រៅតែពីការធ្វើសមាហរណកម្មក្នុងការស្តារប្រទេសឡើងវិញនេះ រដ្ឋាភិបាលក៏បានអះអាងពិនិត្យលើការក្លែងបន្លំបំប៉ោងតួលេខកន្លងមក ក្នុងការនាំស្រីលង្កាជាប្រទេសមានចំណូលមធ្យមកម្រិតទាប ដែលជាទិដ្ឋភាពខុសពីការពិតជាក់ស្តែង។
កំណើនសេដ្ឋកិច្ចឬផលិតផលក្នុងស្រុកសរុប (GDP) ស្រីលង្កា មានចំណូលមធ្យម៣.៨១២ដុល្លារ ក្នុងឆ្នាំ២០២១ ដែលត្រូវបាន ចាត់ចូលជាក្រុមប្រទេសសេដ្ឋកិច្ចមធ្យមកម្រិតទាប នៅក្នុងបញ្ជី ធនាគារពិភពលោក។ ចំណែកសេដ្ឋកិច្ចស្រីលង្កាបានធ្លាក់ចុះក្នុងដល់កម្រិតអាសន្នមិនធ្លាប់មាន ក្នុងអាត្រា ៨.៤ភាគរយ នៅត្រីមាសទីមួយឆ្នាំ២០២២នេះ។
គួរជម្រាបដែរថា ស្រីលង្កា នៅតែបន្តខកខានមិនបានសង បំណុល បរទេសក្នុងទំហំទឹកប្រាក់ ៥១ពាន់លានដុល្លារ និងដែលកំពុង បើក ការចរចាសុំប្រាក់កម្ចី ២,៩ពាន់លានដុល្លារពីមូល និធិរូបិយវត្ថុ អន្តរជាតិ ផងដែរ។ តែយ៉ាងណា កិច្ចចរចាផ្តល់ប្រាក់កម្ចីនេះ កំពុងធ្វើឡើងជាមួយលក្ខខណ្ឌរដ្ឋាភិបាលថ្មីរបស់ស្រីលង្កា ដឹកនាំដោយលោក រ៉ានីល វីក្រេមេស៊ីងហ្កេ ដោយមានការដំឡើងពន្ធ និងធ្វើឯកជនភាវូបនីយកម្មក្រុមហ៊ុនរដ្ឋដែលពោរពេញដោយអំពើពុករលួយ៕
ដោយ៖ បណ្តូល ពេជ្រ / CPA

ads banner