ខេត្តកណ្ដាលបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ ក្រុមប្រឹក្សាខេត្តកណ្ដាល លើកទី៤ អាណត្តិទី៣ ឆ្នាំ២០២២ នៅស្រុកអង្គស្នួល
កណ្តាល៖កាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឈឹម កន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ប្រាក់ សារ៉ាត អភិបាលរង ខេត្តកណ្ដាល បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្ដាល លើកទី៤ អាណត្តិទី៣ ឆ្នាំ២០២២ នៅបរិវេណវត្តភូមិថ្មី ក្នុងស្រុកអង្គស្នួល។
ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះដែរ ប្រជាពលរដ្ឋ និង អាជ្ញាធរស្រុកអង្គស្នួល បានលើកឡើងនៅសំណូមពរចំនួន ៥៤ សំណូមពរ ក្នុងនោះស្នើសុំសាងសង់ផ្លូវបេតុង ក្នុងភូមិ និងផ្លូវអន្តរឃុំ ស្នើសុំស្ដារប្រឡាយទឹក ស្នើសុំទ្វារទឹក ស្នើសុំអំពូលសូឡា សុំដីចាក់ បំពេញបរិវេណសាលា សុំថ្មមិច ។សំណូមពរមួយចំនួន ត្រូវបាន គណៈអធិបតី មន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ ធ្វើការដោះស្រាយ បានមួយចំនួន និងមួយចំនួនទៀតត្រូវបានលើកជូនក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តដើម្បីពិនិត្យ និងសម្រេច។
ឯកឧត្តម ឈឹម កន បានបញ្ជាក់ថា សំណូមពរ និងបញ្ហាប្រឈម នានា របស់ប្រជាពលរដ្ឋនៅ ស្រុក អង្គស្នួលបានលើកឡើងកាល ពី វេទិកាក្រុមប្រឹក្សាខេត្តក្នុងឆ្នាំ២០២១ កន្លងទៅ មានចំនួន១២ បញ្ហាប្រឈម និងសំណូមពរ។ក្នុងនេះ បានធ្វើការដោះស្រាយ រួចរាល់បាន ចំនួនប្រាំមួយ កំពុងដោះស្រាយ បន្តចំនួនបួន និង បញ្ចូលក្នុងគម្រោងឆ្នាំ២០២៣ ចំនួនពីរ៕
ដោយ៖ រ៉ាវុធ