មកមើលប្រវត្តិការងារខ្លះរបស់អនាគតរដ្ឋមន្ដ្រីថ្មីនៃក្រសួងកសិកម្ម

អត្ថបទដោយ៖
CPA

ភ្នំពេញ៖បើគ្មានការប្រែប្រួលណាមួយទេនៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលាខាងមុខនេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នឹង បើកកិច្ចប្រជុំរបស់ខ្លួន ដើម្បីពិនិត្យសំណើសុំបោះឆ្នោតផ្ដល់ សេចក្ដី ទុកចិត្តលើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាល ដល់ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួសឯកឧត្តម វេង សាខុន ដែលទើបត្រូវបានបញ្ចប់ មុខតំណែង(ថ្ងៃទី៨ខែតុលា)។

យើងមកស្វែងយល់ខ្លះៗពីប្រវត្តិការងារនៃអនាគតរដ្ឋមន្រ្តីវ័យក្មេងរូបនេះ។ឯកឧត្តម ឌិត ទីណា ត្រូវគេស្គាល់ថាជាកូនប្រុសឯកឧត្តម ឌិត មន្ទី ប្រធានតុលាការកំពូល ។បច្ចុប្បន្នលោកកំពុងកាន់តំណែង ជា រដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពល។លោកកើតនៅថ្ងៃទី០៧ មករា ឆ្នាំ១៩៧៩នាទីក្រុងភ្នំពេញ ។ឯកឧត្តម ឌិត ទីណា ជាបញ្ញវន្ត បន្តវេនមួយរូបនៃគណបក្សប្រជាជនកម្ពុជា។

ក្រោយពេលបញ្ចប់ការសិក្សាថ្នាក់បាក់ឌុបពីវិទ្យាល័យព្រះស៊ីសុវត្ថិនៅឆ្នាំ១៩៩៤ ឯកឧត្តម ឌិត ទីណា បានចេញទៅបន្តការសិក្សា នៅប្រទេសបារាំងចាប់ពីឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ២០០២។ ឆ្នាំ២០០២ ជាឆ្នាំដែលលោកបញ្ចប់ការសិក្សាពីសាលាជាតិជាន់ ខ្ពស់ផ្នែករ៉ែ នៅទីក្រុងប៉ារីស ប្រទេសបារាំង Ecole Nationale superieure des mines de Paris ដោយទទួលសញ្ញាបត្រ វិស្វកររ៉ែ។ ក្រៅពីសញ្ញាបត្រវិស្វកររ៉ែ លោកបានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែករូបវិទ្យា ពីសាកលវិទ្យាល័យ Orsay, Paris Sud នៅឆ្នាំ២០០០។
ឯកឧត្តម ឌិត ទីណា ចាប់ផ្ដើមចូលប្រឡូកក្នុងការងាររាជការចាប់ តាំងពីឆ្នាំ២០០៩ ដោយដំបូងឡើយ លោកធ្វើការនៅក្រសួង ពាណិជ្ជកម្មជាអនុរដ្ឋលេខាធិការ មុននឹងឡើងតំណែងជា រដ្ឋលេខាធិការនៅឆ្នាំ២០១៣។ ចាប់ពីឆ្នាំ២០១៤ រហូតមក ទល់បច្ចុប្បន្ន លោកបម្រើការងារជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ដោយធ្លាប់បំពេញតួនាទីជាអ្នកនាំពាក្យសម្រាប់ ក្រសួងនេះផងដែរ។

ជិតមួយទសវត្សរ៍នៃជីវិតការងារនៅក្រសួងរ៉ែ និងថាមពល ឯកឧត្តម ឌិត ទីណា បានចូលរួមដឹកនាំការលុបបំបាត់អាជីវកម្មបូមខ្សាច់ អនាធិបតេយ្យក្នុងដងទន្លេ ដែលការងារនេះ តម្រូវឱ្យលោកលុយទឹក ចុះទូក ធ្វើដំណើរហាលថ្ងៃហាលភ្លៀងជាទម្រាំបេសកកម្មទទួល បានជោគជ័យ។ ក្រៅពីនេះឯកឧត្តមរដ្ឋលេខាធិការវ័យ៤៣ឆ្នាំរូបនេះ បានដឹកនាំក្រុមការងាររៀបចំតាក់តែងគោលនយោបាយនិងច្បាប់មួយចំនួននៅក្នុងវិស័យនេះ មានជាអាទិ៍ គោលនយោបាយជាតិ ស្ដីពី ធនធានរ៉ែ ឆ្នាំ២០១៨-២០២៨ ច្បាប់ស្ដីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតផ្នែកដោនស្ទ្រីម និងច្បាប់ស្ដីពីទំនិញ សម្គាល់ ភូមិសាស្ត្រជាដើម។

រស់នៅក្នុងសម័យឌីជីថលដែលមនុស្សទូទៅនិយមប្រើប្រាស់បណ្ដាញសង្គមបង្ហាញពីជីវិតឯកជននិងការងាររបស់ខ្លួន ឯកឧត្តម ឌិត ទីណា ដ្បិតតែប្រើប្រាស់បណ្ដាញសង្គមដែរ ប៉ុន្តែគេកម្រប្រទះ ឃើញ លោកបង្ហាញអំពីសកម្មភាពរបស់ខ្លួនណាស់។ ភាគច្រើនលើស លុបនៃឯកជនភាពរបស់លោក ជាពិសេសគឺរឿងការងារតែម្ដង ត្រូវបានបង្ហោះបង្ហាញដោយអ្នកជុំវិញខ្លួនលោក ច្រើនជាងអ្វីដែល បង្ហាញលើទំព័រហ្វេសប៊ុករបស់លោកផ្ទាល់។

អ្នកស្និទ្ធនឹងឯកឧត្តម ឌិត ទីណា ដែលសុំមិនបញ្ចេញឈ្មោះ បាន ពន្យល់ពីបុគ្គលិកលក្ខណៈរបស់អនាគតរដ្ឋមន្ដ្រីថ្មីនៃក្រសួងកសិកម្មនេះថា ឯកឧត្តម ឌិត ទីណា មានចរិតរួសរាយរាក់ទាក់និង ឱន លំទោន ។ ប៉ុន្តែនៅក្នុងពេលធ្វើការលោកប្រកាន់គោលការណ៍ច្បាស់លាស់និងជាក់លាក់ដោយគិតគូរយ៉ាងល្អិតល្អន់អំពីអ្នកអនុវត្តនិងអ្នកទទួលផលប៉ះពាល់មុនពេលដាក់ចេញនូវយន្តការឬគោលនយោបាយណាមួយសម្រាប់អនុវត្ត ព្រោះបើតាម ឯកឧត្តម ឌិត ទីណា គឺមានតែវិធីនេះ ទេ ដែលអាចធានាបានថាយន្តការឬគោលនយោបាយ ដែលដាក់ ចេញ ទៅនោះ អាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។

តាមរយៈចំណេះ ជំនាញ និងបទពិសោធការងាររបស់ឯកឧត្តម ឌិត ទីណា នេះ អ្នកវិភាគមួយចំនួនបានសម្ដែងការស្វាគមន៍ ដោយ សង្ឃឹម ថា អនាគតរដ្ឋមន្ដ្រីកសិកម្មថ្មី នឹងចាក់បញ្ចូលគំនិតថ្មីៗ ទៅក្នុងវិស័យដ៏សំខាន់នេះ ដើម្បីធ្វើយ៉ាងណាជួយដល់កសិករខ្មែរ ធានាសន្តិសុខស្បៀងក្នុងប្រទេស និងជាពិសេសជួយពង្រឹង ពង្រីក និងឈានទៅលើកកម្ពស់វិស័យកសិកម្មកម្ពុជាឱ្យលេចត្រដែតឡើងលើទីផ្សារអន្ដរជាតិ។
ទន្ទឹមនឹងក្ដីសង្ឃឹមនេះ អ្នកជំនាញផ្នែកកសិកម្មក៏ត្រៀមខ្លួនរួចជា ស្រេចក្នុងការតាមដាននិងឃ្លាំមើលសកម្មភាពរបស់អនាគតរដ្ឋមន្ដ្រីវ័យក្មេងរូបនេះផងដែរ។
ជាបញ្ញវន្តដែលទទួលបានការសិក្សាជិតមួយទសវត្សរ៍ពីប្រទេសបារាំង និងមានបទពិសោធការងារ១៣ឆ្នាំក្នុងជួររដ្ឋាភិបាល ទាំងនៅ ក្រសួង ពាណិជ្ជកម្ម និងក្រសួងរ៉ែនិងថាមពល តើលោក ឌិត ទីណា អាចដោះស្រាយបញ្ហានៅក្នុងវិស័យកសិកម្មកម្ពុជាដោយរបៀបណា និងបានកម្រិតណា? សមីកានេះ គឺមានតែអនាគតរដ្ឋមន្ដ្រី នៃ ក្រសួងកសិកម្មរូបនេះទេ ដែលអាចដោះស្រាយបាន៕
ដោយ៖កែវ កិរិយា

ads banner