ឯកឧត្តម ហ៊ុន ម៉ានី៖ សេចក្តីសម្រេចរបស់តុលាការបារាំង គឺជាការផ្តល់នូវភាពស្អាតស្អំ និងភាពយុត្តិធម៌បំផុតចំពោះសម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកនារសៀថ្ងៃទី១១ ខែតុលានេះថា សេចក្តីសម្រេចរបស់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង ដែលសម្រេចថា «សម្តេចតេជោ ហ៊ុន សែន មិនមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់លោក ហុក ឡង់ឌី» ដែលចេញផ្សាយជាផ្លូវការនាព្រឹកថ្ងៃទី១០ ខែតុលានេះ គឺជាការផ្តល់នូវភាពស្អាតស្អំ និងភាពយុត្តិធម៌បំផុតចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលរងនូវការចោទប្រកាន់ពីជនអគតិ ដែលតែងតែរិះរកវិធីសាស្ត្រក្នុងការបំភ្លៃ និងបំផ្លាញកិត្តិយសថ្នាក់ដឹកនាំកម្ពុជា។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្តទៀតថា ទន្ទឹមនឹងការចូលរួមអបអរសាទរជាមួយនឹងសេចក្តីសម្រេចនេះ ខ្ញុំសូមកត់សម្គាល់ផងដែរថា ទង្វើប៉ុនប៉ងដោយចេតនាក្នុងការចោទប្រកាន់ដោយគ្មានភស្តុតាង និងបំភ្លៃការពិត ដែលនាំឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺតែងត្រូវបានបង្កឡើងជាបន្តបន្ទាប់ដោយមេដឹកនាំ និងសកម្មជនក្រុមប្រឆាំង។ តែយ៉ាងណាក្តី ទង្វើទាំងនោះតែងបរាជ័យ ដោយសារ «មាសសុទ្ធមិនខ្លាចភ្លើង»។ តាមរយៈសេចក្តីសម្រេចនាពេលនេះ ជាអាទិ៍ គឺជាសក្ខីភាពមួយដែលបញ្ជាក់ថាសម្តេចតេជោ ជាមាសសុទ្ធ ដែលមិនខ្លាចការប្រឈមជាមួយសកម្មភាពចោទប្រកាន់អគិតណាមួយឡើយ។ ឯកឧត្តមបានបញ្ជាក់ថា ការប៉ុនប៉ងទាំងនេះ ពិតណាស់មិនអាចកែប្រែតថភាពប្រវត្តិសាស្រ្តរបស់កម្ពុជានោះឡើយ ជាពិសេសចំពោះតួនាទី និងគំរូវីរភាពរបស់សម្តេចនាយករដ្ឋមន្រ្តី ដែលធ្លាប់ឆ្លងកាត់សង្រ្គាមចំនួន ១០៥ សមរភូមិ រំដោះប្រទេសជាតិបានយ៉ាងជោគជ័យពីរបបខ្មែរក្រហមដ៏ខ្មៅងងឹត និងជាវីរជនស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិក្រោមនយោបាយឈ្នះ ឈ្នះ ឆ្នាំ១៩៩៨។ រិតតែមិនអាចបំភ្លៃបាននោះ គឺស្នាដៃសម្តេចនាយករដ្ឋមន្រ្តីក្នុងការការពារបូរណភាពទឹកដីចេញពីការឈ្លានពានរបស់ប្រទេសជិតខាងកាលឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% ក្នុងរយៈពេល២០ឆ្នាំចុងក្រោយ និងជាពិសេស ស្នាដៃដ៏គួរជាទីមោទនៈក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នាពេលថ្មីៗនេះ ក្រោមការដាក់ចេញនូវយុទ្ធសាស្រ្តដ៏ត្រឹមត្រូវ រួមផ្សំនឹងគោលនយោបាយដ៏មានប្រសិទ្ធភាព ជាពិសេសគោលនយោបាយគាំពារសង្គម ដែលផ្តល់អត្ថប្រយោជន៍ជាពិសេសដល់ជនក្រីក្រ។

ប្រភពដដែលបានបន្តទៀតថា សម្រាប់បុគ្គលណា ដែលតាំងខ្លួនថាជាអ្នកនយោបាយ ឬអ្នកវិភាគនយោបាយ តែមិនខ្វាយខ្វល់តាមដានពីស្ថានភាពសេដ្ឋកិច្ចកម្ពុជាទាំងមូល ដែលកំពុងបន្តទទួលរងផលប៉ះពាល់ដោយជំងឺ CoVID19 បញ្ហាអតិផរណា ដែលកើតចេញពីសង្គ្រាម Ukraine-Russia និងផលអវិជ្ជមានជារួមចេញពីទណ្ឌកម្មសេដ្ឋកិច្ច (Economic sanctions) នានានោះ គឺទុកឱ្យទៅតាមហ្នឹងចុះ។ ប៉ុន្តែសូមបងប្អូនប្រជាពលរដ្ឋខ្មែរបង្វែរមកមើលការខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជន និងមានសម្តេចតេជោ ជានាយករដ្ឋមន្រ្តី ដែលតែងតែនៅជាមួយប្រជាជន បន្តយកចិត្តទុកដាក់ ដោះស្រាយបញ្ហា ដែលប៉ះពាល់ជីវភាពរបស់ប្រជាជន តាមរយៈការអនុវត្តផែនការយុទ្ធសាស្រ្ត និងគោលនយោបាយ ដែលមានលក្ខណៈស័ក្តិសមជាគណបក្សកាន់អំណាចក្នុងការតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាចម្បង និងជាប្រចាំ។ នេះជាភាពខុសគ្នា រវាងអ្នកដឹកនាំប្រទេស និងអ្នកតាំងខ្លួន!។

ទាក់ទងករណីនេះ លោក គី តិច ប្រធានក្រុមមេធាវីសម្តេចតេ ជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ក្រុមមេធាវីសម្តេចតេជោ ហ៊ុន សែន បានចូលរួមជាមួយក្រុមមេធាវីជនជាតិបារាំងតំណាងរបស់សម្តេចតេជោ ហ៊ុន សែន និងលោក ឌី វីជ្ជា ចូលរួមស្តាប់ប្រកាសសាលក្រមដោយតុលាការទីក្រុងប៉ារីសប្រទេសបារាំងពាក់ព័ន្ធនឹងបណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន ប្តឹង សម រង្ស៊ី និងពាក់ព័ន្ធនឹងបណ្តឹងរបស់លោក ឌី វិជ្ជា ប្តឹងលោក សម រង្ស៊ី ពី បទបរិហារកេរ្តិ៍។ លោក គី តិច បានបញ្ជាក់បន្ថែមថា «នៅក្នុងបន្ទប់សវនាការនៅព្រឹកមិញនេះចៅក្រមបានលើកសំអាងហេតុនិងការយល់ឃើញលើចំណុចមួយដែលបញ្ជាក់ថាការ ចោទប្រកាន់របស់ សម រង្ស៊ី ទៅលើសម្តេចតេជោពាក់ព័ន្ធនឹងការធ្លាក់ឧទ្ធម្ភាចក្រដែលមានឯកឧត្តម ហុក ឡង់ឌី ជាជនរងគ្រោះ គឺពុំមានភស្តុតាង ឬការបញ្ជាក់ណាមួយឱ្យបានច្បាស់លាស់ ហើយក៏ពុំអាចចាត់ទុកថា សម្តេចតេជោពាក់ព័ន្ធនឹងការកើតហេតុ ឬនៅពីក្រោយនៃការកើតហេតុនេះដែរ »។

លោកមេធាវីបានបន្តថា «សំអាងហេតុរបស់ចៅក្រមក៏បានលើកទៀតថា សម រង្ស៊ី បានដាក់ឯកសារជាសារព័ត៌មានជាឯកសារផ្សេងៗមានភាពមិមច្បាស់លាស់ស្រពិចស្រពិលស្មុគស្មាញ ដែលតុលាការពុំអាចទទួលយកមកធ្វើជាសំអាងហេតុឱ្យបានត្រឹមត្រូវច្បាស់លាស់នោះទេ។ តុលាការក៏បានលើកសម្អាងហេតុមួយទៀតបញ្ជាក់ច្បាស់ថា សម រង្ស៊ី ពិតជាបាននិយាយបរិហារកេរ្តិ៍ចំពោះសម្តេចតេជោ ដែលពុំអាចប្រកែកបាន»។

សូមបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន និងលោក ឌី វិជ្ជា តាមរយៈមេធាវីរាជរដ្ឋាភិបាលកម្ពុជានិងមេធាវីបារាំងបានដាក់ពាក្យបណ្តឹងជាផ្លូវការ២ដាច់ដោយឡែកពីគ្នា ដើម្បីប្តឹងបុគ្គល សម រង្ស៊ី ពីបទ«បរិហាកេរ្តិ៍ជាសាធារណៈចំពោះបុគ្គល» ទៅមកកាន់តុលាការទីក្រុងប៉ារីសប្រទេសបារាំង៕
ដោយ៖ពលជ័យ

រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ានី

ads banner