បណ្ដាប្រទេសអាហ្រ្វិកបង្កើនទំនាក់ទំនងជាមួយរុស្ស៊ី ដោយងាកចេញពីលោកខាងលិច
រុស្ស៊ី៖ជំហរបស់បណ្ដាប្រទេសអាហ្វ្រិកក្នុងការចូលរួមជាមួយលោកខាងលិច ដើម្បីកាត់ផ្ដាច់រុស្ស៊ីឱ្យនៅឯកោ បន្ទាប់ពីលោកប្រធានាធិបតី វ៉ា្លឌីមៀរ ពូទីន បញ្ជាកងទ័ពរបស់ខ្លួនឱ្យចូលលុកលុយអ៊ុយក្រែន បានបង្ហាញយ៉ាងច្បាស់ថា ទំនាក់ទំនងអាហ្រ្វិក និងបស្ចិមលោក មានគម្លាតកាន់តែខ្លាំងឡើងៗ។
បន្ទាប់ពីការឈ្លានពានអ៊ុយក្រែនចាប់ផ្ដើមនៅចុងខែកុម្ភៈ ការហក់ឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈ ជី និងអាហារ ដែលរុស្ស៊ីមានចំណែកនាំចេញយ៉ាងធំនោះ បានធ្វើឱ្យប្រទេសជាច្រើននៅទូទាំងពិភពលោកប្រឈមមុខនឹងអស្ថិរភាពសេដ្ឋកិច្ច។ ប៉ុន្តែសម្រាប់បណ្ដាប្រទេសអាហ្វ្រិក វាគ្រាន់តែជាបញ្ហាដែលបូកបន្ថែមទៅលើអ្វីដែលទ្វីបនេះមានស្រាប់ ដូចជាបញ្ហាអសន្តិសុខ ភាពក្រីក្រ វិបត្តិកូវីដ វិបត្តិនយោបាយក្នុងស្រុក និងការស្ថិតនៅចំចន្លោះនៃការប្រកួតប្រជែងដណ្ដើមភូមិសាស្រ្តនយោបាយពីសំណាក់ប្រទេសមហាអំណាចប៉ុណ្ណោះ។
អ្នកវិភាគមួយចំនួនយល់ឃើញថា ដើម្បីទាញចិត្តនិងភ្ជាប់ទំនាក់ទំនងជិតស្និទ្ធជាមួយអាហ្វ្រិក ជាពិសេសជាមួយបណ្ដាប្រទេសដែលងាកចេញពីខ្លួននោះ បស្ចិមលោកត្រូវតែបង្កើនការវិនិយោគ ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយនៅទ្វីបមួយនេះ។ ពួកគេគូសបញ្ជាក់ទៀតថា យុទ្ធសាស្ត្រនេះអាចនាំឱ្យអាហ្វ្រិកងាកចេញពីមហាអំណាចផ្ដាច់ការទាំងចិន និងរុស្ស៊ី និងធ្វើលទ្ធិប្រជាធិបតេយ្យមានស្ថិរភាពនៅក្នុងទ្វីប ដែលជាប្រយោជន៍លើការពង្រីកឥទ្ធិពលរបស់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគភូមិសាស្រ្តនយោបាយបានមើលឃើញថា ទំនាក់ទំនងរវាងបណ្ដាប្រទេសអាហ្វ្រិកមួយចំនួននិងរុស្ស៊ី កាន់តែមានភាពជិតស្និទ្ធគ្នាជាងមុន ខណៈឥទ្ធិពលរបស់ប្រទេសបស្ចិមលោកសំខាន់ៗ រួមទាំងបារាំង បានចុះខ្សោយកាន់តែខ្លាំងឡើងៗនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
ភស្តុតាងមួយនៃការអះអាងនេះ គឺការប្រកាន់ជំហរលើការថ្កោលទោសរុស្ស៊ីចំពោះការឈ្លានពានអ៊ុយក្រែន។ ក្នុងការបោះឆ្នោតលើសេចក្ដីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិកាលពីដើមខែមីនា ប្រទេសចំនួន ២៨ របស់ទ្វីប បានបោះឆ្នោតគាំទ្រលើការថ្កោលទោសរុស្ស៊ី ប្រទេសចំនួន ៨ មិនបោះឆ្នោត និងប្រទេស ១៧ ផ្សេងទៀត បានបោះឆ្នោតអនុប្បវាទ ដែលរួមទាំងអាហ្វ្រិកខាងត្បូង ម៉ាលី អាល់ហ្សេរីយ៉ា ណាមីប៊ី និងមូហ្សំប៊ិកជាដើម។
ទោះបីជាយ៉ាងនេះក្ដី ជំហរបស់បណ្ដាប្រទេសអាហ្វ្រិកលើការចូលរួមជាមួយបណ្ដាលោកខាងលិច និងការងាកទៅរករុស្ស៊ីមានលើសពីនេះ ដែលវាត្រូវបានចងភ្ជាប់យ៉ាងស្មុគស្មាញជាមួយនឹងបញ្ហាសេដ្ឋកិច្ច នយោបាយ និងសន្តិសុខ។
ជាឧទាហរណ៍មួយ បារាំង ដែលជាអតីតរដ្ឋអាណានិគមនៅអាហ្រ្វិកដ៏ធំ បានចាប់ផ្ដើមការធ្វើអន្តរាគមន៍យោធា ដើម្បីប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធជ្រុលនិយម នៅតំបន់សាហែល ដែលរួមមានម៉ាលី បួរគីណាហ្វាសូ នីហ្សេ មូរីតានី និងឆាដ កាលពីជិតមួយទសវត្សរ៍មុន។ ពីដំបូងៗឡើយ ប្រតិបត្តិការបារាំងបានទទួលភាពជោគជ័យ ប៉ុន្តែយូរៗទៅ ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អំពីហិង្សាដែលបង្កឡើងដោយការវាយប្រហារពីក្រុមសកម្មប្រយុទ្ធ មានកាន់តែច្រើនឡើងៗ ខណៈប្រទេសដូចជា បួរគីណាហ្វាសូ និងម៉ាលី ដែលពោពេញទៅដោយវិបត្តិនយោបាយក្នុងស្រុកនោះ បានងាកទៅរករុស្ស៊ីជាពិសេសផ្នែកយោធា។
ស្របពេលដែលគំនិតប្រឆាំងបារាំងកើនឡើង ការគាំទ្រផ្នែកនយោបាយរបស់រុស្ស៊ីនៅប្រទេសអាហ្វ្រិកមួយចំនួន ដូចជាបួរគីណាហ្វាសូ ដែលជួបនឹងការធ្វើរដ្ឋប្រហារ២ដង (លើកទី១ ធ្វើឡើងកាលពីខែមករា និងចុងក្រោយបង្អស់ គឺនៅចុងខែកញ្ញា) ក្នុងឆ្នាំ ២០២២ នេះ ក៏កើនឡើងផងដែរ។ ក្នុងការប្រមូលផ្ដុំគ្នា ដើម្បីគាំទ្ររដ្ឋប្រហារដែលដឹកនាំដោយមេបញ្ជាការយោធាលោក Ibrahim Traoré កាលពីថ្ងៃទី ៣០ ខែកញ្ញា គេឃើញមានយុវជនបួរគីណាហ្វាសូជាច្រើន បាននាំគ្នាគ្រវីទង់ជាតិរុស្ស៊ី ខណៈមានសេចក្ដីរាយការណ៍ថា ហ្វូងមនុស្សនាំគ្នាវាយប្រហារទៅលើស្ថានទូតបារាំងក្នុងរដ្ឋធានីវ៉ាហ្កាឌូហ្គូ។
ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺថា រដ្ឋប្រហារចុងក្រោយនេះ ទទួលបានការទះដៃពីរុស្ស៊ី ដែលគេសង្ស័យថាអាចមានការជាប់ទាក់ទងគ្នាក្នុងព្រឹត្តិការណ៍ចុងក្រោយនេះ។ មហាសេដ្ឋីរុស្ស៊ី លោក Yevgeny Prigozhin ដែលជិតស្និទ្ធនឹងមេដឹកនាំរុស្ស៊ីលោក ពូទីន និងជាស្ថាបនិកនៃក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group បាននិយាយអបអរ និងសរសើដល់លោក Traoré ទាំងបន្ថែមន័យផ្លែផ្កាឱ្យបារាំងថា៖ «ប្រជាជនបួរគីណាហ្វាសូ ស្ថិតនៅក្រោមនឹមរបស់ពួកអាណានិគម ដែលបានប្លន់ប្រជាជន ក៏ដូចជាបណ្តុះបណ្តាល គាំទ្រក្រុមចោរប្លន់ និងបង្កឱ្យមានទុក្ខសោកយ៉ាងខ្លាំងដល់ប្រជាជនក្នុងតំបន់»។
ចំណែកឯលោក Sergei Markov ដែលជាអតីតទីប្រឹក្សាវិមានក្រឹមឡាំងវិញ បានថ្លែងថា៖ «ប្រជាជនរបស់យើង បានជួយមេដឹកនាំថ្មី [នៃប្រទេសបួរគីណាហ្វាសូ]។ ប្រទេសអាហ្រ្វិកមួយទៀតហើយ ដែលនឹងងាកចេញពីកិច្ចសហប្រតិបត្តិការជាមួយបារាំង ហើយប្ដូរទៅរកសម្ព័ន្ធភាពជាមួយរុស្ស៊ី»។
អ្នកវិភាគភូមិសាស្រ្តនយោបាយមួយចំនួនបានអះអាងថា ការធ្វើរដ្ឋប្រហារចុងក្រោយនៅបួរគីណាហ្វាសូ អាចនឹងធ្វើឱ្យរុស្ស៊ីអាចពង្រីកឥទ្ធិពលរបស់ខ្លួនកាន់តែខ្លាំងក្នុងតំបន់សាហែលអាហ្វ្រិក ខណៈមានការរាយការណ៍ពីលទ្ធភាពដែលថា លោក Traoré បានសុំជំនួយយោធាពីក្រុងម៉ូស្គូ ដើម្បីជួយខ្លួនក្នុងការតទល់ជាមួយក្រុមសកម្មប្រយុទ្ធ ដែលកាន់កាប់ជាង ៤០ ភាគរយនៃប្រទេសអាហ្រ្វិកមួយនេះ។
បើក្រឡេកទៅមើលប្រទេសក្នុងតំបន់សាហែលរបស់អាហ្វ្រិកមួយទៀត ភាពជាដៃគូរបស់ក្រុងប៉ារីសក្នុងតំបន់ក៏កាន់តែធ្លាក់ចុះទៅៗ ជាពិសេសបន្ទាប់ពីរដ្ឋាភិបាលម៉ាលី បានចោទប្រកាន់បារាំងថាបានបង្វឹកបង្ហាត់ និងផ្ដល់ជំនួយដល់ពួកភេរវករ ទោះបីក្រុងប៉ារីស បានច្រានចោលទាំងស្រុងហើយក្ដី។ ហើយបន្ថែមពីលើនេះ ឥទ្ធិពលរបស់រុស្ស៊ីក៏រីកសាយភាពកាន់តែខ្លាំង នៅពេលបារាំងបានដកកងកម្លាំងប្រឆាំងពួកសកម្មប្រយុទ្ធរបស់ខ្លួនទាំងអស់ពីម៉ាលីនៅខែសីហាឆ្នាំនេះ បន្ទាប់ពីម៉ាលីបានចាប់ផ្ដើមដាក់ពង្រាយទាហានស៊ីឈ្នួល Wagner Group ឱ្យធ្វើប្រតិបត្តិការប្រឆាំងក្រុមសកម្មប្រយុទ្ធកាលពីចុងឆ្នាំមុន។
ទោះបីជាក្រុមទាហានស៊ីឈ្នួល Wagner Group បានរងនូវការចោទប្រកាន់ជាច្រើន ថាបានប្រព្រឹត្តអំពើហិង្សាប្រឆាំងនឹងជនស៊ីវិលម៉ាលីយ៉ាងព្រៃផ្សៃយ៉ាងណាក្ដី ក្រុមនេះគឺជានិមិត្តរូបនៃឥទ្ធិពលផ្នែកយោធារបស់រុស្ស៊ីនៅក្នុងទ្វីបអាហ្វ្រិក។ បើយោងតាមវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយបរទេស FPRI ទាហានស៊ីឈ្នួល Wagner Group បានពង្រីកវត្តមានរបស់ខ្លួននៅលើប្រទេសអាហ្រ្វិកផ្សេងទៀត ដែលរួមមានលីប៊ី ម៉ាដាហ្គាស្ការ ម៉ូសំប៊ិក សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងស៊ូដង់ជាដើម ដោយដឹកនាំសមយុទ្ធហ្វឹកហ្វឺន និងជាជំនួយក្នុងការប្រយុទ្ធជាមួយកងកម្លាំងប្រឆាំងរដ្ឋាភិបាលទាំងអស់នោះ។
កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ ២០២១ សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មលើក្រុម Wagner Group ដោយចោទប្រកាន់ថាគេថាបានធ្វើសង្គ្រាមកូនកាត់ ឬ Hybrid Warfare ក្នុងនាមវិមានក្រឹមឡាំងនៅអាហ្វ្រិក។ គោលដៅនៃការដាក់ទណ្ឌកម្មនាពេលនោះ គឺដើម្បីជះឥទ្ធិពលយ៉ាងសំខាន់ទៅលើសមត្ថភាពរបស់ក្រុមទាហានស៊ីឈ្នួលរុស្ស៊ីមួយនេះ ក្នុងការទទួលបានមូលនិធិ និងឧបករណ៍សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ និងសមត្ថភាពផ្គត់ផ្គង់ឡើងវិញរបស់ក្រុមនេះនៅអាហ្វ្រិក។ ប៉ុន្តែ Wagner Group នៅ អាហ្រ្វិក នៅតែទទួលបានហិរញ្ញវត្ថុសម្រាប់សេវាកម្មរបស់ខ្លួន តាមរយៈសម្បទានរុករករ៉ែដូចជាមាស ពេជ្រ និងអ៊ុយរ៉ាញ៉ូម និងប្រតិបត្តិការរុករករ៉ែលោហៈដ៏មានតម្លៃផ្សេងទៀត នៅក្នុងប្រទេសមួយចំនួន។
អ្នកជំនាញ បានគូសថា បញ្ជាក់ពីការមិនយកចិត្តទុកដាក់លើបញ្ហាសិទ្ធិមនុស្សរបស់រុស្ស៊ី គឺជាកត្តាដែលធ្វើឱ្យប្រទេសក្នុងទ្វីបអាហ្រ្វិកជាច្រើន បង្កើតសម្ព័ន្ធភាពយោធាជាមួយក្រុងម៉ូស្គូ ដែលក្នុងនោះរួមមានទាំងការផ្គត់ផ្គង់អាវុធ។ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm បានប៉ាន់ប្រមាណថា រុស្ស៊ីបានលក់អាវុធដែលខ្លួនផលិតជាង ១៨ ភាគរយ ទៅឱ្យទ្វីបអាហ្រ្វិកចន្លោះឆ្នាំ ២០១៦ និង២០២០។ ទោះយ៉ាងណាក៏ដោយ ការងាកចេញពីលោកខាងលេច និងបែរទៅរកការពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី មានលើសពីការចាប់ដៃគូផ្នែកយោធាជាមួយរុស្ស៊ី។
សាស្រ្តចារ្យផ្នែកនយោបាយ និងទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យ Leeds Beckett លោក Olayinka Ajala បានសរសេរនៅក្នុងអត្ថបទមួយស្ដីពីមូលហេតុដែលបណ្ដាប្រទេសអាហ្វ្រិកប្រកាន់ជំហរអព្យាក្រឹតចំពោះប្រទេសរុស្ស៊ីថា ប្រទេសអាហ្វ្រិកមួយចំនួនរួមទាំងអាហ្រ្វិកខាងត្បូងមើលឃើញថា អង្គការណាតូ របស់បស្ចិមលោកជាអ្នកឈ្លានពានដោយពង្រីកខ្លួនទៅជិតរុស្ស៊ី ដោយមិនខ្វល់ពីការព្រួយបារម្ភពីការគំរាមកំហែងផ្នែកសន្តិសុខរបស់ក្រុមម៉ូស្គូ។
លោក Ajala បានបន្ថែមទៀតថា ប្រទេសលោកខាងលិច ក៏មិនសូវជាមានការគាំទ្រពីសំណាក់ប្រទេសអាហ្រ្វិកមួយចំនួន ជាពិសេសបន្ទាប់ពីណាតូ លុកលុយលីប៊ី និងការសម្លាប់មេដឹកនាំរបស់ប្រទេសនេះ គឺលោក មូអាម៉ា កាដាហ្វី ដែលបង្កឱ្យមានអស្ថិរភាពពីក្រុងសកម្មប្រយុទ្ធនៅអាហ្វ្រិកខាងជើង និងតំបន់សាហែល មកទល់សព្វថ្ងៃ។
ទំនាក់ទំនងរបស់បណ្ដាប្រទេសក្នុងទ្វីបអាហ្វ្រិក ជាមួយក្រុងម៉ូស្គូមួយទៀតគឺថា រុស្ស៊ីជាអ្នកផ្គត់ផ្គង់ស្បៀងអាហារ និងជីកសិកម្មដ៏ធំមួយរបស់ខ្លួន។ ប៉ុន្តែចំពោះការមិនស្និទ្ធស្នាលនឹងលោកខាងលិចវិញ លោក Ajala បានគូសបញ្ជាក់ចំណុចមួយទៀត គឺការមិនសូវយកចិត្តទុកដាក់លើទ្វីបអាហ្វ្រិកក្នុងវិបត្តិកូវីដ ដែលធ្វើឱ្យបណ្ដាប្រទេសជាច្រើន ងាកចេញពីបស្ចិមលោក ជាពិសេសនៅពេលពួកគេទទួលបានជំនួយពីរុស្ស៊ី និងសម្ព័ន្ធមិត្តរុស្ស៊ី គឺចិន ដែលវិយោគលុយរាប់ពាន់លានដុល្លារលើការអភិវឌ្ឍ និងការពង្រីកឥទ្ធិពលរបស់ខ្លួន ក្នុងទ្វីប៕ ដោយ៖ ហួន ឌីណា