គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រៀបចំសិក្ខាសាលាស្ដីពីការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្សកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) សហការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា(OHCHR) និងវេទិកាអាស៊ីប៉ាស៊ីហ្វិកនៃស្ថាប័នសិទ្ធិមនុស្សជាតិ (APP) រៀបចំសិក្ខាសាលាថ្នាក់តំបន់មួយស្តីពី «ដំណើរឆ្ពោះទៅការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្សកម្ពុជា»។

សិក្ខាសាលានេះបានធ្វើឡើងនៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ពីថ្ងៃទី១១ ខែតុលាឆ្នាំ២០២២ ដោយមានការចូលរួមពីតំណាងព្រឹទ្ធសភា រដ្ឋសភា និងក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល និងមានវាគ្មិនពីស្ថាប័នសិទ្ធិមនុស្សជាតិនៃប្រទេសម៉ាឡេស៊ី ហ្វ៊ីលីពីន និងឥណ្ឌូណេស៊ី និងតំណាងវេទិកាអាស៊ីប៉ាស៊ីហ្វិកនៃស្ថាប័នសិទ្ធិមនុស្សជាតិ (APF)។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កត្តា អ៊ន បានគូសបញ្ជាក់ប្រាប់នៅថ្ងៃអង្គារ ទី១១ ខែតុលានេះថា ការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្សនេះ គឺដោយសារប្រទេសកម្ពុជាស្ថិតក្នុងក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិ ដែលមានការត្រួតពិនិត្យរបាយការណ៍ពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្ស។ ហើយវាជាការបង្ហាញពីឆន្ទៈប្រទេសកម្ពុជា ដែលចង់បង្កើតស្ថាប័នជាតិសិទ្ធិមនុស្សនេះផងដែរ។

លោក កត្តា អ៊ន បន្តថា ៖ «វាជាកិច្ចការសំខាន់ណាស់ ដែលយើងត្រូវមានស្ថាប័នសិទ្ធមនុស្សជាតិ ពីព្រោះនៅបណ្ដាប្រទេសអាស៊ានយើងទាំង១០ មានប្រទេស៥ហើយដែលគេបង្កើត ហើយនៅទូទាំងពិភពលោកមានប្រទេស១៨០ជាងប៉ុណ្ណោះ ដូច្នេះកម្ពុជាយើងក៏ជាប្រទេសសមាជិកអង្គការសហប្រជាជាតិមួយដែរ។ អ៊ីចឹងយើងត្រូវបំពេញកាតព្វកិច្ចយើង ក្នុងនាមជាភាគីនៃគោលការណ៍ទីក្រុងបារីសដើម្បីបង្កើតស្ថាប័នជាតិមួយ ដែលឯករាជ្យ មិនស្ថិតក្រោមសភា រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលទេ»។

លើសពីនេះទៀត លោកថា ស្ថាប័នជាតិសិទ្ធិមនុស្សកម្ពុជានេះត្រូវធ្វើការដោយឯករាជ្យ អព្យាក្រឹត្យ ដើម្បីលើកកម្ពស់ការពារសិទ្ធិមនុស្ស ការវាយតម្លៃអំពីសិទ្ធិមនុស្ស និងការផ្ដល់អនុសាសន៍ផ្សេងៗ ដើម្បីឲ្យប្រទេសកម្ពុជាមានភាពប្រសើរឡើងក្នុងវិស័យសិទ្ធិមនុស្ស។

លោកបន្ថែមថា៖ «ស្ថាប័នជាតិនេះ នឹងជួយដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងកិច្ចការពារសិទ្ធិមនុស្ស ការយល់ដឹងអំពីសិទ្ធិមនុស្ស ក៏ដូចជាការដោះស្រាយនូវបញ្ហាការរំលោភសិទ្ធិមនុស្សដែលអាចនឹងកើតឡើង និងធានាចំពោះជនរងគ្រោះទទួលបានសមភាពចំពោះមុខច្បាប់»។

សូមបញ្ជាក់ថា នេះជាសិក្ខាសាលាថ្នាក់តំបន់លើកទី២ បន្ទាប់ពីសិក្ខាសាលាថ្នាក់តំបន់លើកទី១ ត្រូវបានធ្វើឡើងកាលពីខែតុលា ឆ្នាំ២០២១កន្លងទៅ លើប្រធានបទពាក់ព័ន្ធនឹងការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្សនៅកម្ពុជា ដែលរៀបចំឡើងក្នុងទម្រង់ជាវេទិកាចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈមមួយចំនួន។ វាគ្មិនចូលរួម សុទ្ធសឹងតែជាតំណាងមកពីស្ថាប័នជាតិសិទ្ធិមនុស្សនៃបណ្ដាប្រទេសក្នុងតំបន់ ក្នុងដំណើរការនៃការរៀបចំនិងការប្រព្រឹត្តទៅរបស់ស្ថាប័នជាតិសិទ្ធិមនុស្សនៃបណ្ដាប្រទេសទាំងនោះ ដើម្បីផ្ដល់ធាតុចូលជាការសិក្សារៀនសូត្រសម្រាប់កម្ពុជា ដែលកំពុងស្ថិតនៅក្នុងដំណាក់កាលនៃដំណើរឆ្ពោះទៅការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្សមួយ ដែលឯករាជ្យ និងស្របតាមគោលការណ៍ទីក្រុងប៉ារីស៕ ដោយ៖ ជា សុខនី

ads banner