រដ្ឋមន្ត្រីតៃវ៉ាន់៖ប្រសិនបើតៃវ៉ាន់មានសុវត្ថិភាព នោះខ្សែច្រវាក់ផ្គត់ផ្គង់បន្ទះឈីបក៏មានសុវត្ថិភាព

តៃវ៉ាន់៖ រដ្ឋមន្ត្រីសេដ្ឋកិច្ចតៃវ៉ាន់ អ្នកស្រី វ៉ាង ម៉ី ហួរ(Wang Mei-Hua) ក្នុងដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារទី១១ ខែតុលា បានបញ្ជាក់ថា ប្រសិនបើតៃវ៉ាន់នៅតែមានសុវត្ថិភាព នោះខ្សែច្រវាក់ផ្គត់ផ្គង់សកលនៃបន្ទះឈីប ក៏នឹងមានសុវត្ថិភាពដែរ។អ្នកស្រីបានថ្លែងបានបែបនេះ ក្នុងព្រឹត្តិការណ៍មួយ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ របស់ទីក្រុងវ៉ាស៊ីនតោន ខណៈដែលប្រទេសចិនបន្តបង្កើនសម្ពាធយោធាលើកោះតៃវ៉ាន់។ កោះតៃវ៉ាន់ ដែលជារោងចក្រផលិតបន្ទះឈីប សម្រាប់ក្រុមហ៊ុនលក់ម៉ាស៊ីនកុំព្យូទ័រជុំវិញពិភពលោក។

អ្នកស្រីវ៉ាង បានធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក នាសប្តាហ៍នេះ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលការិយាល័យរបស់អ្នកស្រីចាត់ទុកថាជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភ ជុំវិញបញ្ហាខ្សែច្រវាក់ផ្គត់ផ្គង់ និងបញ្ហាភូមិសាស្ត្រនយោបាយ។ អ្នកស្រីមានគោលដៅទៅទស្សនកិច្ចនៅតាមក្រុមហ៊ុនបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក ដែលជាអតិថិជនដ៏សំខាន់របស់ក្រុមហ៊ុន semiconductor តៃវ៉ាន់។

អ្នកស្រីបាននិយាយថា តៃវ៉ាន់មានចំណាប់អារម្មណ៍ចំពោះកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងតៃវ៉ាន់ និងសហរដ្ឋអាមេរិក ដើម្បីធានាបាននូវខ្សែសង្វាក់ផ្គត់ផ្គង់ដ៏មានភាពធន់មួយ។ អ្នកស្រី វ៉ាង បាននិយាយថា ដោយសារតែតួនាទីសំខាន់របស់តៃវ៉ាន់ក្នុងវិស័យបច្ចេកវិទ្យាជាន់ខ្ពស់ នោះប្រទេសចិនក៏នឹងរងផលប៉ះពាល់ដែរ ប្រសិនបើហ៊ានជ្រៀតជ្រែកចូលតៃវ៉ាន់។

អ្នកស្រីបាននិយាយថា ប្រសិនបើក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោក គឺក្រុមហ៊ុន Taiwan Semiconductor Manufacturing Company Ltd (TSMC) ត្រូវបានគ្រប់គ្រងដោយកម្លាំងយោធា នោះប្រតិបត្តិការរបស់ក្រុមហ៊ុននឹងត្រូវបញ្ឈប់។ អ្នកស្រីវ៉ាង បានមានប្រសាសន៍ដោយយោងលើសម្តីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អេនតូនី ប្លីនកិន(Antony Blinken) ថា ប្រសិនបើមានរឿងអ្វីកើតឡើងចំពោះតៃវ៉ាន់ នោះផលប៉ះពាល់លើសេដ្ឋកិច្ចពិភពលោកនឹងមាន”សភាពអាក្រក់”។

អ្នកស្រីបញ្ជាក់ថា៖ “ខ្ញុំចង់បញ្ជាក់យ៉ាងដូច្នេះថា ប្រសិនបើតៃវ៉ាន់មានសុវត្ថិភាព ខ្សែច្រវាក់ផ្គត់ផ្គង់សកលក៏នឹងមានសុវត្ថិភាពដែរ។ នេះគឺជាផលប្រយោជន៍ដ៏ធំបំផុតរបស់ពិភពលោកចំពោះតៃវ៉ាន់ ដើម្បីឱ្យកោះនេះសហការជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀត ធានារក្សាផលិតកម្មប្រកបដោយប្រសិទ្ធភាពបំផុត។”

អ្នកស្រីបានថ្លែងអរគុណសភាអាមេររិក ដែលជំរុញឱ្យអាមេរិក និងតៃវ៉ាន់រក្សាទំនាក់ទំនងដ៏រឹងមាំ ហើយថែមទាំងអនុម័តច្បាប់កាត់ប្រទេសចិនចេញមិនឱ្យប្រើបច្ចេកវិទ្យាអាមេរិកក្នុងការផលិតបន្ទះឈីប។

នៅពេលសួរថាតើតៃវ៉ាន់មានការព្រួយបារម្ភទេ នៅពេលដែលសហរដ្ឋអាមេរិកនឹងជំរុញឱ្យមានការផលិតបន្ទះឈីបនៅសហរដ្ឋអាមេរិក ដែលអាចកាត់បន្ថយការពឹងផ្អែកលើតៃវ៉ាន់នោះ? លោកស្រី វ៉ាង បានឆ្លើយតបថា ឧស្សាហកម្មឈីបរបស់តៃវ៉ាន់ គឺមានភាពរឹងមាំណាស់ ពោលគឺបានកសាងខ្លួនជាង៤០ឆ្នាំមកហើយ៕ ដោយ៖ យ៉ាន អាន/ CPA

ads banner