កម្ពុជាបានធ្វើពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិក្នុងទំហំ ៤១ពាន់លានដុល្លារ រយៈពេលប្រាំបួនខែនៃឆ្នាំនេះ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្នុងរយៈពេលប្រាំបួនខែក្នុងឆ្នាំ២០២២ កម្ពុជាបានធ្វើពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិសម្រេចបានក្នុងទំហំទឹកប្រាក់ ៤១ពាន់លានដុល្លារ ដែលបានកើនក្នុងអត្រា១៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ។ក្នុងនោះប្រទេសចិនបានឈរនៅលំដាប់ទី១ ជាប្រទេសដែលមានទំហំពាណិជ្ជកម្មធំជាងគេជាមួយកម្ពុជា ខណៈសហរដ្ឋអាមេរិកនៅលំដាប់ទី២ ឯវៀតណាមលំដាប់ទី៣។

យោងតាមរបាយការណ៍ដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៅថ្ងៃទី១០ ខែតុលាឆ្នាំ២០២២បានឱ្យដឹងថា ចាប់ពីខែមករាដល់ខែកញ្ញា សម្រាប់ការផ្លាស់ប្តូរពាណិជ្ជកម្មរបស់កម្ពុជាជាមួយទីផ្សារអន្តរជាតិ បានក្នុងទំហំទឹកប្រាក់ប្រមាណ ៤១ពាន់លានដុល្លារ កើនក្នុងអត្រា ១៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំមុន ដែលសម្រេចបានត្រឹម ៣៤ពាន់ដុល្លារ។

ក្នុងនោះកម្ពុជាបានសម្រេចការនាំចេញទំនិញទៅទីផ្សារអន្តរជាតិបានទំហំជាង ១៧ពាន់លានដុល្លារ កើនក្នុងរង្វង់២២,១ភាគរយនិងបាននាំចូលទំនិញពីដៃគូរពាណិជ្ជកម្មមកវិញក្នុងរង្វង់ទឹកប្រាក់ជាង ២៣ពាន់លានដុល្លារ កើនឡើងក្នុងអត្រា ១៥,២ភាគរយ។

ប្រទេសជាដៃគូរពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជាក្នុងការនាំចេញទំនិញ រួមមាន៖ សហរដ្ឋអាមេរិកក្នុងទំហំប្រមាណ ៧ពាន់ដុល្លារ កើនក្នុងរង្វង់ ២៩,៤ភាគរយ ដែលឈរនៅលំដាប់ទី១។ ចំណែកជប៉ុនឈរនៅលំដាប់ទី២ ក្នុងទំហំប្រមាណ ៨៩៧លានដុល្លារ កើនក្នុងរង្វង់ ៨,៥ភាគរយ ។ តាមពីក្រោយដោយកាដាណានៅលំដាប់ទី៣ ក្នុងទំហំទឹកប្រាក់ជាង ៨៧៤លានដុល្លារ កើនបានអត្រា ២២,២ភាគរយ។ ចំណែកចិនវិញធ្លាក់ចំណាត់ថ្នាក់ទី៤ វិញ ក្នុងទំហំជាង ៨៩៥លានដុល្លារ ធ្លាក់ចុះក្នុងអត្រា ១៨,១ភាគរយ រួមនឹងបណ្តាប្រទេសនានាទៀត។

ដោយឡែកសម្រាប់ការនាំចូលវិញ ក្នុងរយៈពេលប្រាំបួនខែមកនេះ ប្រទេសចិននៅតែជាអ្នកនាំចូលទំនិញមកកម្ពុជាច្រើនជាងគេ ក្នុងទំហំទឹកប្រាក់ជាង ៧,៩ពាន់លានដុល្លារ កើនក្នុងរង្វង់ ១៤,១ភាគរយ ។ តាមពីក្រោយដោយថៃ ក្នុងទំហំប្រមាណ ៣ពាន់លានដុល្លារ កើនក្នុងអត្រា ២៥,១ភាគរយ។ ចំណែកវៀតណាមឈរនៅលំដាប់ទី៣ ក្នុងរង្វង់ជិត ៣ពាន់លានដុល្លារ កើនឡើងរង្វង់ ៣៤,៥ភាគារយ ចំណែកសិង្ហបុរី ឈរនៅលំដាប់ទី៤ ក្នុងទំហំជាង ៣ពាន់លានដុល្លារដែរ តែធ្លាក់ចុះក្នុងអត្រា ២១,៨ភាគរយ តាមពីក្រោយដោយតៃវ៉ាន់នៅចំណាត់ថ្នាក់ទី៥ មានទំហំប្រមាណ ៨១៧លានដុល្លារ កើនក្នុងអត្រា ១៤,៥ភាគរយ។

ជុំវិញបញ្ហានេះលោកចាន់ សុផល នាយកនៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងជាអ្នកជំនាញសេដ្ឋកិច្ចដែរនោះបានលើកឡើងថា ការនាំចេញមានការកើនឡើងជាពិសេសទៅសហរដ្ឋអាមេរិក ដោយសារតម្រូវការផ្នែកសម្លៀកបំពាក់ក្នុងទីផ្សារអន្តរជាតិ។ ចំណែកការនាំចេញទៅប្រទេសចិន មានការថយចុះព្រោះ គោលនយោបាយ “សូន្យកូវីដ” ឬ “Zero COVID” របស់ចិន ដែលនាំឱ្យមានការប៉ះពាល់ដល់ការនាំចេញទៅប្រទេសនេះ។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះ សង្កត់ធ្ងន់ថា កំណើននៃការផ្លាស់ប្តូរពាណិជ្ជកម្មរបស់កម្ពុជាក្នុងរយៈពេល ប្រាំបួនខែមកនេះ ព្រោះស្ថានភាពប្រសើរឡើងវិញក្រោយការបើកចំហប្រទេសបន្ទាប់ពីវិបត្តិកូវីដ១៩ ដែលបានជំរុញខ្សែច្រវាក់ផលិតកម្មមួយផ្នែកនៅក្នុងស្រុក។ ក្រៅពីនោះដោយសារការប្រណាំងប្រជែងសេដ្ឋកិច្ចរបស់មហាអំណាចបានរុញច្រានការផ្លាស់ប្តូរការវិនិយោគចាកចេញពីប្រទេសចិនមកតំបន់អាស៊ាន ក៏ជាហេតុផលធ្វើឱ្យមានកំណើនទំហំពាណិជ្ជកម្មនេះដែរ។

គួររំឭកថា គិតត្រឹមខែសីហា ឆ្នាំ២០២២ កន្លងទៅ ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេលប្រាំបីខែមានក្នុងទំហំទឹកប្រាក់សរុបប្រមាណ ៣៧,៤ពាន់លានដុល្លារ ។ខណៈការនាំចូលទំនិញមកកម្ពុជា គិតជាតម្លៃជាង ២១,៧៦ពាន់លានដុល្លារ និងការនាំចេញទំនិញទៅក្រៅប្រទេសវិញមានតម្លៃជាង ១៥,៦៤ពាន់លានដុល្លារ បើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕ ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner