រាជរដ្ឋាភិបាលសាកល្បងផ្ទេរបឋមនិងមត្តេយ្យសិក្សាឱ្យស្ថិតក្រោមការគ្រប់គ្រងរដ្ឋបាលស្រុកក្រុង

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាសាកល្បងផ្ទេរសាលាបឋមសិក្សានិងមត្តេយ្យសិក្សាឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុក ក្រុង វិញ ខណៈដែលពីមុនមកគ្រឹះស្ថានសិក្សាទាំងនេះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ។នេះបើតាមការបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការថ្លែងជាសាធារណៈនៅខេត្តបាត់ដំបងកាលពីថ្ងៃទី១១ ខែតុលា។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាចង់ឱ្យរដ្ឋបាលស្រុកក្រុងគ្រប់គ្រងគ្រឹះស្ថានមត្តេយ្យសិក្សានិងបឋមសិក្សាទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ ទៅថ្ងៃអនាគត។សម្ដេចបញ្ជាក់ថា ខេត្តដំបងក្លាយជាខេត្តដំបងគេដែលអនុវត្តនយោបាយកែទម្រង់នេះ។សម្ដេចបញ្ជាក់ថា៖«ឥលូវនេះយើងស្ថិតនៅដំណាក់កាលបូកសរុបនិងដកពិសោធន៍ក្នុងកាផ្ទេរវិស័យអប់រំមត្តេយ្យនិងបឋមទៅឱ្យស្រុកក្រុងគ្រប់គ្រង។ក្នុងនយោបាយកែទម្រង់ យើងយកបាត់ដំបងនេះជាខេត្តដកពិសោធន៍សម្រាប់ពង្រីកទៅកន្លែងផ្សេងទៀត»។

សម្ដេចក្រឡា ស ខេង បានបន្ថែមថា៖«ការផ្ទេរមុខងារគ្រប់គ្រងនេះដើម្បីឱ្យរដ្ឋបាលក្រុងស្រុកគាត់ស្រួលធ្វើការងារដោះស្រាយឱ្យទាន់ពេលវេលា។ ឧទាហរណ៍ថា មានសាលារៀនខូចខាតអីនោះ ខាងរដ្ឋបាលក្រុងស្រុកងាយអន្តរាគមន៍ព្រោះថវិកាជាតិនឹងវិភាជមកដល់កញ្ចប់ថវិកាក្រុងស្រុកតែម្ដង»។

បើតាមសម្ដេចក្រឡាហោម គម្រោងការផ្ទេរការគ្រប់គ្រងនេះមិនមែនធ្វើឡើងដើម្បីប្រមូលអំណាចឱ្យក្រសួងមហាផ្ទៃឡើងប៉ុន្តែផ្ទុយទៅវិញការផ្ទេរនេះធ្វើឡើងដើម្បីបង្ខិតសេវាទៅឱ្យកាន់តែកៀកម្ចាស់ឆ្នោត។

រដ្ឋបាលខេត្តបាត់ដំបងឱ្យដឹងថា ខេត្តបាត់ដំបងជាខេត្តដំបូងគេក្នុងការអនុវត្តការផ្ទេរមុខងារមត្តេយ្យសិក្សានិងបឋមសិក្សាជូនទៅរដ្ឋបាលក្រុង ស្រុក ដើម្បីឈានទៅធ្វើការកែទម្រង់បន្តនៅថ្ងៃអនាគតបន្ថែមទៀត។រដ្ឋបាលខេត្តបានបើកកិច្ចពិភាក្សាផ្ទៃក្នុងមួយកាលពីខែកក្កដាសំដៅធ្វើយ៉ាងណាឱ្យការផ្ទេរនេះបានសម្រេចជោគជ័យ។

រដ្ឋបាលខេត្តបញ្ជាក់ថា៖« រដ្ឋបាលខេត្តប្ដេជ្ញាចិត្តធ្វើការងារនេះឱ្យជោគជ័យ ដើម្បីឱ្យរាជរដ្ឋាភិបាលអាចដាក់ដំណើរការទូទាំងប្រទេស ដោយផ្ទេរមត្តេយ្យសិក្សា និងបឋមសិក្សាទៅរដ្ឋបាលក្រុង ស្រុក និងឈានទៅរកការផ្ទេរអនុវិទ្យាល័យ និងវិទ្យាល័យ នៅពេលខាងមុខ» ។

សព្វថ្ងៃនេះក្រសួងអប់រំជាអ្នកគ្រប់គ្រងគ្រប់គ្រឹះស្ថានសិក្សាចំណេះទូទៅទាំងអស់។ក្រសួងអប់រំបញ្ជាក់ថាការអប់រំ នៅថ្នាក់មត្តេយ្យនិងបឋមសិក្សាត្រូវបានចាត់ទុកជាអាទិភាពមួយ និងទទួលបាននូវចំណែកថវិកាច្រើនជាងគេក្នុងថវិកាសរុបរបស់ក្រសួងអប់រំ យុវជន និងកីឡា៕ ដោយ៖ វណ្ណ ស័ក្តិ

ads banner