សមាជបក្សកុម្មុយនីស្តចិន៖ តើការកាន់អំណាចបន្តទៀត មានន័យយ៉ាងណាសម្រាប់លោក ស៊ី?

ចិន៖ គណបក្សកុម្មុយនីស្តចិន (CCP) នឹងរៀបចំសមាជបក្សលើកទី២០ ដើម្បីធ្វើការផ្តាស់ប្តូរក្បាលម៉ាស៊ីននៃរចនាសម្ព័ន្ធថ្នាក់ដឹកនាំរបស់ចិន ដែលនឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យទី ១៦ ខែតុលាឆ្នាំ២០២២ខាងមុខនេះ។ ប៉ុន្តែគេរំពឹងថា លោកប្រធានាធិបតី ស៊ី ជិនពីង នឹងបន្តអាណត្តិ៥ឆ្នាំជាលើកទី៣របស់លោក បន្ទាប់ពីចិនលុបចោលការកំណត់អាណត្តិត្រឹមពីរដងសម្រាប់ប្រធានាធិបតីកាលពីឆ្នាំ ២០១៨។

សមាជបក្ស ដែលប្រារព្ធធ្វើឡើងជារៀងរាល់ប្រាំឆ្នាំម្ដងលើកនេះ បានកំណត់លើអាទិភាពសម្រាប់ការស្តារឡើងវិញផ្នែកសង្គម នយោបាយ សេដ្ឋកិច្ច និងការទូតរបស់ចិន ហើយសមាជិកគណបក្យកុម្មុយនីស្តចិនប្រហែល ២ ៣០០នាក់ នឹងប្រមូលផ្ដុំគ្នានៅមហាសាលប្រជាជននៃទីលានធានអានមេនក្នុងទីក្រុងប៉េកាំង។

ប្រហែលជា ២០០ នាក់នៃចំនួននោះ នឹងត្រូវជ្រើសរើសឱ្យចូលរួមក្នុងគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បូករួមទាំងសមាជិកជំនួសប្រហែល ១៧០ នាក់ ហើយគណៈកម្មាធិការមជ្ឈិមថ្មីនេះ នឹងបោះឆ្នោតជ្រើសរើសសមាជិកការិយាល័យនយោបាយចំនួន ២០ នាក់។ បន្ទាប់មក ការិយាល័យនយោបាយ នឹងតែងតាំងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយដែលបច្ចុប្បន្ននេះមានសមាជិកចំនួនប្រាំពីររូប រួមទាំងលោក ស៊ី ដែលជាមេដឹកនាំជិតបញ្ចប់អាណត្តិ។

សមាជបក្សកុម្មុនីស្តចិន ដែលមានរយៈពេលមួយសប្ដាហ៍នេះ គឺជាព្រឹត្តិការណ៍នយោបាយដ៏ធំមួយរបស់ចិន ដែលប្រជាជនចិន និងពិភពលោកទន្ទឹមរងចាំមើល ព្រោះការតែងតាំងរចនាសម្ព័ន្ធថ្នាក់ដឹកនាំរបស់ចិន មានឥទ្ធិពលលើសពីក្នុងស្រុក ដោយសារតែប្រទេសដែលមានសេដ្ឋកិច្ចដ៏ធំជាងគេទីពីរ របស់ពិភពលោកមួយនេះ មានឥទ្ធិពលខ្លាំងផ្នែកសេដ្ឋកិច្ច និងនយោបាយការបរទេស។

ខណៈដែលគេរំពឹងថាលោក ស៊ី នឹងបន្តកាន់អំណាច អ្នកវិភាគមួយចំនួនយល់ឃើញថា មេដឹកនាំដែលជិតដល់អាយុចូលនិវត្តន៍រូបនេះ នឹងដឹកនាំចិនឆ្ពោះទៅរកភាពផ្ដាច់ការទៅៗដោយសម្អាងលើការបង្រ្កាបសំឡេងប្រឆាំង និងក្រុមហ៊ុនឯកជនក្នុងស្រុក ការបង្កើនការឃ្លាំមើល យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងការពង្រឹងអំណាចរបស់គណបក្សកុម្មុយនីស្តជាដើម។

ទោះបីជាយ៉ាងនេះក៏ដោយ លោក ស៊ី ដែលមានវ័យ ៦៩ ឆ្នាំនាពេលនេះ មានបញ្ហាជាច្រើនផ្សេងទៀត ដែលត្រូវដោះស្រាយ រាប់តាំងពីសេដ្ឋកិច្ច រហូតដល់សន្តិសុខសង្គម និងទំនាក់ទំនងការបរទេស និងបញ្ហាភូមិសាស្រ្តនយោបាយ ប្រសិនបើលោកបន្តកាន់អំណាចទៅមុខទៀត។

វិបត្តិថាមពល និងអចលទ្រព្យ រួមទាំងការអនុវត្តគោលនយោបាយសូន្យកូវីដ ដែលធ្វើឱ្យសេដ្ឋកិច្ចចិនធ្លាក់ចុះ គឺជាបញ្ហាប្រឈមដ៏ធំសម្រាប់លោក ស៊ី ដែលគេចាត់ទុកថាជាមេដឹកនាំចិនដ៏មានឥទ្ធិពលបំផុត រាប់ចាប់តាំងពីលោក ម៉ៅ សេទុង ដែលជាស្ថាបនិកសាធារណរដ្ឋប្រជាមានិតចិន។

ទោះបីជាមានការខូចខាតសេដ្ឋកិច្ចកាន់តែខ្លាំង និងការអន្ទះអន្ទែងពីសាធារណជនចិនក៏ដោយ លោក ស៊ី នៅតែបន្តអនុវត្តគោលនយោបាយសូន្យកូវីដរបស់លោក ខណៈប្រទេសផ្សេងៗទៀតបានវិលត្រឡប់ទៅរកភាពប្រក្រតីទៅហើយក្ដី។ លោក ស៊ី ត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋហៅថាជាអ្នកដឹកនាំកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងជំងឺរាតត្បាតថ្នាក់ជាតិ ក្រោមគោលនយោបាយសូន្យកូវីដ ដែលធ្វើឱ្យមានអ្នកស្លាប់តិចតួចបើប្រៀបធៀបទៅនឹងប្រទេសផ្សេងទៀត ជាពិសេសលោកខាងលិច ដែលជាដៃគូប្រជែងនយោបាយ និងសេដ្ឋកិច្ច។

ជុំវិញបញ្ហានេះ អ្នកសង្កេតការណ៍ខ្លះអះអាងថា គណបក្សកុម្មុយនីស្តចិនអាចប្រើប្រាស់សមាជបក្ស ដើម្បីប្រកាសជ័យជម្នះលើការប្រឆាំងជំងឺរាតត្បាត ហើយបញ្ចប់គោលនយោបាយសូន្យកូវីដ ដែលរងសម្ពាធឱ្យលោក ស៊ី ទម្លាក់ចោល។ ក្នុងការឃោសនារបស់ចិន គោលនយោបាយរបស់លោក ស៊ី មួយនេះ បង្ហាញពីការគិតគូរ និងឱ្យតម្លៃជីវិតប្រជាជនជាងសេដ្ឋកិច្ច។ ពិតណាស់ បើតាមការព្យាករណ៍របស់ធនាគារពិភពលោកនាពេលថ្មីៗនេះ គោលនយោបាយសូន្យកូវីដបានធ្វើឱ្យកំណើនផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ឆ្នាំនេះធ្លាក់ចុះពី ៥ ភាគរយ មកនៅត្រឹម ២,៨ ភាគរយ ដែលអត្រានេះទាបជាងប្រទេសនៅទ្វីបអាស៊ីណាៗទាំងអស់។

យ៉ាងណាក៏ដោយ បញ្ហាសេដ្ឋកិច្ចមែនមែនជារឿងក្នុងស្រុកចិនតែមួយនោះទេ។ នេះបើគេនិយាយពីបញ្ហាជនជាតិអ៊ុយហ្គួរ និងជនជាតិភាគតិចនៅតំបន់ស៊ីនជាំង និងនៅទីបេ ដែលរដ្ឋាភិបាលចិនរបស់លោក ស៊ី រងការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្សពីសហគមន៍អន្តរជាតិ។

បើក្រឡេកទៅមើលកិច្ចការលើឆាកអន្តរជាតិឯណោះវិញ លោក ស៊ី ក៏ប្រឈមមុខនឹងបញ្ហាជាច្រើនផ្សេងទៀត ដូចជាការចាត់ទុករបស់អង្គការណាតូថា ចិនជា «ការគំរាមកំហែងជាយុទ្ធសាស្រ្ត» បញ្ហាពាណិជ្ជកម្មជាមួយលោកខាងលិច ជាពិសេសអាមេរិក និងការមានទំនាក់ទំនងរកាំរកូសជាមួយប្រទេសជិតខាងដូចជាជប៉ុន និងឥណ្ឌាជាដើម។ លើសពីនេះ ការដួលរលំនៃប្រទេសកូនបំណុលដូចជាស្រីលង្កា បានធ្វើឱ្យមានការព្រួយបារម្ភអំពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ដ៏សំខាន់របស់លោក ស៊ី ខណៈភាពតានតឹងនៃការប្រឈមមុខដាក់គ្នារវាងក្រុងប៉េកាំង និងវ៉ាស៊ីនតោន ជុំវិញបញ្ហាជាមួយកោះតៃវ៉ាន់ ដែលចិនចាត់ទុកថាជាដែនអធិបតេយ្យរបស់ខ្លួន កាន់តែមានភាពតានតឹងសម្រាប់លោក ស៊ី៕ ដោយ៖ ហួន ឌីណា

ads banner