ទឹកជំនន់ និងការរអិលបាក់ដីនៅនេប៉ាល់ បណ្ដាលឱ្យមនុស្សស្លាប់យ៉ាង៣៣នាក់

នេប៉ាល់៖ យ៉ាងហោចណាស់មនុស្ស ៣៣ នាក់បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ និងការរអិលបាក់ដីនៅទូទាំង ភាគខាងលិចប្រទេសនេប៉ាល់ក្នុងសប្តាហ៍កន្លងទៅ។ នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនេប៉ាល់។

មន្ត្រីនេប៉ាល់ បាននិយាយថា ភ្លៀងមូសុងដ៏អាក្រក់បំផុត បានវាយប្រហារខេត្ត ការណាលី (Karnali) នៅភាគពាយ័ព្យ ដែលជាទីប្រជាជនរាប់ពាន់នាក់ត្រូវបានជម្លៀសចេញ។ ផ្ទះរាប់រយខ្នងបានរងការខូចខាតក្នុងគ្រោះទឹកជំនន់ និងការរអិលបាក់ដី។

ក្រៅពីអ្នកស្លាប់ នៅមានមនុស្សយ៉ាងហោចណាស់ ២២ នាក់ទៀតកំពុងបាត់ខ្លួននៅទូទាំងខេត្ត និងជាច្រើននាក់រងរបួស។

ក្រុមអ្នកជួយសង្គ្រោះនេប៉ាល់ បានរៀបរាប់ពីទុក្ខលំបាក ក្នុងការធ្វើដំណើរទៅកាន់តំបន់ភ្នំ ស្របពេលដែលមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ហើយដោយសារតែអាកាសធាតុគ្មានភាពប្រសើរឡើងសោះ ប្រតិបត្តការជួយជនរងគ្រោះ ក៏មិនអាចធ្វើបានដូចការការរំពឹងទុកឡើយ។

បើតាមអាជ្ញាធរនេប៉ាល់ នៅតំបន់ខ្លះ កម្ពស់ទឹកទន្លេ ការណាលី បានកើនឡើងដល់ជាង ១២ម៉ែត្រ។ ស្ពានព្យួរមួយចំនួន ដែលប្រើសម្រាប់ឆ្លងទន្លេក៏ត្រូវទឹកជន់លិចអស់ដែរ។

ឆ្លើយតបនឹងគ្រោះធម្មជាតិធ្ងន់ធ្ងរនេះមន្ត្រីរដ្ឋាភិបាល ក៏បានប្រញាប់ប្រញាល់បញ្ជូនជំនួយទៅកាន់តំបន់រងគ្រោះ តាមឧទ្ធម្ភាគចក្រដែរ។ ទន្ទឹមគ្នានេះ ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិបាននិយាយថា ពួកគេកំពុងចែកចាយអាហារ និងថ្នាំសង្កូវដល់សហគមន៍ដែលរងផលប៉ះពាល់ខ្លាំងបំផុតនៅភាគខាងលិចប្រទេសនេប៉ាល់។

គួរជ្រាបថា រដូវខ្យល់មូសុងរបស់នេប៉ាល់ជិតមកដល់ចុងបញ្ចប់ហើយ។ ជាធម្មតា ខ្យល់មូសុងនេប៉ាល់ចាប់ផ្តើមនៅក្នុងខែមិថុនា និងបញ្ចប់វិញនៅក្នុងខែតុលានេះ។

យ៉ាងហោចណាស់មនុស្ស ១១០ នាក់បានស្លាប់នៅឆ្នាំនេះ នៅក្នុងគ្រោះមហន្តរាយដែលទាក់ទងនឹងទឹកភ្លៀង។ នេះបើយោងតាមមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ជាតិនេប៉ាល់៕ ដោយ៖ លី លីយ៉ា

ads banner