គម្រោងពិព័រណ៍សហគមន៍ បង្កើតមុខរបរ ដល់ប្រជាពលរដ្ឋ នៅតាមសហគមន៍ តំបន់ការពារធម្មជាតិ ក្នុងខេត្តកំពង់ធំ

ខេត្តកំពង់ធំ ៖ ប្រតិភូក្រសួងបរិស្ថាន ដឹកនាំដោយ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ នៃគម្រោងពិព័រណ៍សហគមន៍ បានជួបសំណេះសំណាល ជាមួយសមាជិកសហគមន៍តំបន់ការពារធម្មជាតិ នៅខេត្តកំពង់ធំ ដែលកំពុងរៀនជំនាញជួសជុលម៉ូតូ នៅវិទ្យាស្ថានពហុបច្ចេកវិទ្យា ខេត្តកំពង់ធំ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២។

ក្នុងឱកាសនោះ លោកជំទាវ ម៉ុម ថានី បានលើកឡើងថាជំនាញ គឺសំខាន់ណាស់ សម្រាប់យុវជន ក៏ដូចជាចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងប្រទេសជាតិយើង។ ការបណ្តុះបណ្តាលនេះ លើកទឹកចិត្តឲ្យប្រជាពលរដ្ឋនៅតាមសហគមន៍ មករៀនជំនាញមួយច្បាស់លាស់ ដើម្បីមានជម្រើសមុខរបរពិតប្រាកដមួយ ជួយកាត់បន្ថយការពឹងអាស្រ័យលើធនធានធម្មជាតិ និងជួយឲ្យសហគមន៍មានការរីកចម្រើនរុងរឿង។

លោកជំទាវ បានបន្ថែមថា គម្រោងពិព័រណ៍សហគមន៍ ជាយន្តការគាំទ្រយ៉ាងរឹងមាំ ជួយអភិវឌ្ឍន៍សមត្ថភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុង និងក្បែរតំបន់ការពារធម្មជាតិ ឱ្យមានជីវភាពរុងរឿង តាមរយៈការដាក់ចេញ នូវផែនការច្បាស់លាស់ គឺការបណ្តុះបណ្តាល ចំណេះជំនាញផ្សេងៗ ប្រកបដោយសក្តានុពល ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ការបង្កើតទំនាក់ទំនងស្អិតរមួត រវាងសហគមន៍ និងដៃគូអភិវឌ្ឍន៍នានា ព្រមទាំងការបង្កើត វេទិកាពិគ្រោះយោបល់ រវាងសហគមន៍ និងពាណិជ្ជករគោលដៅ។

លោកជំទាវរដ្ឋលេខាធិការ បានបន្តដែរថា ប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ក្នុងខេត្តកំពង់ធំ ទទួលបានការបណ្តុះបណ្តាលជំនាញផ្សេងៗ ក្នុងនោះជំនាញជួសជុលម៉ូតូ របស់គម្រោងពិព័រណ៍សហគមន៍ ដែលជាផ្នែកមួយជាការផ្តល់ជម្រើសមុខរបរ ដ៏សំខាន់សម្រាប់ជួយបង្កើនសេដ្ឋកិច្ចគ្រួសារ របស់ពួកគាត់នៅតាមមូលដ្ឋាន។

លោក ហឿន សុធីម សមាជិកសហគមន៍ តំបន់ការពាររធម្មជាតិជាំធ្លក ភូមិវាលព្រីង ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានសម្តែងការសប្បាយរីករាយ ជាមួយការទទួលបានជំនាញ ជាជាងជួសជុលម៉ូតូ ពីវិទ្យាស្ថានពហុបច្ចេកវិទ្យា ខេត្តកំពង់ធំ។ លោក ហឿន សុធី បានមកសិក្សាវគ្គជាងជួសជុលម៉ូតូនេះ ជាមួយសមាជិកសហគមន៍ម្នាក់ទៀត រយៈពេល៤ខែ រួចមកហើយ ហើយពេលនេះបានបញ្ចប់ការសិក្សា ព្រមទាំងគ្រោងត្រឡប់ទៅមូលដ្ឋាន បង្កើតជាហាងជួសជុលម៉ូតូ ផ្ទាល់ខ្លួន ដើម្បីរកចំណូលបង្កើនជីវភាពគ្រួសារ។

ក្នុងពេលនេះដែរ លោកជំទាវ ម៉ុម ថានី បានប្រគល់ថវិកា របស់គម្រោងពិព័រណ៍សហគមន៍ ដល់សិក្ខាកាម ដែលជាសមាជិកសហគមន៍ តំបន់ការពារធម្មជាតិជាំធ្លក ដែលបានបញ្ចប់វគ្គសិក្សា ជាងជួសជុលម៉ូតូ ចំនួន២នាក់ ដែលម្នាក់ៗទទួលបាន ថវិកាចំនួន ៣លាន៦សែនរៀល។ ថវិកានេះគឺផ្តល់ជូនដល់ពួកគាត់ បង្កើតមុខរបរ ដើម្បីបង្កើនជីវភាពគ្រួសារ នៅតាមមូលដ្ឋាន។

សូមបញ្ជាក់ថា គម្រោងរៀបចំពិព័រណ៍សហគមន៍ ត្រូវបានផ្ដួចផ្ដើមបង្កើតឡើង នៅខែមេសា ឆ្នាំ២០២០ ក្នុងគោលបំណង បង្កើតមុខរបរ បង្កើនប្រាក់ចំណូល កាត់បន្ថយ ឬលប់បំបាត់ទាំងស្រុងការប្រើប្រាស់ធនធានធម្មជាតិ និងជាគម្រោងនៃកិច្ចសហប្រតិបត្តិការល្អ រវាងក្រសួងបរិស្ថាន និងក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន៕ ប្រភព ៖ ក្រសួង បរិស្ថាន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner