រដ្ឋលេខាធិការក្រសួងមុខងារ សាធារណ: បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍន៍ រីកចម្រើនរបស់ ខេត្តកែប
ខេត្តកែប៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បាន លើកឡើងថា មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រតនាគារខេត្ត និងមន្ទីរមុខងារសាធារណៈខេត្ត បានដើរតួនាទី ជាសេនាធិការជូនដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ដែលត្រូវបំពេញតួនាទីភារកិច្ច លើការងារបំពេញនិតិវិធី និងបែបបទនៃការបើកបៀវត្សជូនមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យាឱ្យទទួលបានជោគជ័យ។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានកោតសើចំពោះមន្ទីរមុខងារសាធារណៈខេត្ត ដែលតែងតែសហការជាមួយរដ្ឋបាលខេត្ត ធ្វើការផ្សព្វផ្សាយនូវរាល់ លិខិតបទដ្ឋានគតិយុត្តថ្មីៗ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់មន្ទីរអង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុងស្រុក ឱ្យអនុវត្តសមស្របទៅតាមនិតិវិធី ។
ឯកឧត្តម អែវ ប៊ុនថុល រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ ក៍បានកោតសរសើរ និងវាយតំលៃខ្ពល់ចំពោះ ការអភិវឌ្ឍន៍ រីកចម្រើនប្រែប្រួលមុខមាត់ថ្មី របស់ខេត្តកែប ទាំងហេដ្ឋារចនាសម្ព័ន្ធ សោភ័ណភាព ការកែលម្អកន្លែងកំសាន្តសាធារណៈ ការពង្រីកបន្ថែមនូវរមណីយដ្ឋានសារធាររណៈជាដើម ដែលជះឥទ្ធិពល ដល់ការកើនឡើងនូវចំនួនភ្ញៀវទេសចរណ៍ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខេត្តកែប កាន់តែធូរធា ដែលបង្ហាញឱ្យឃើញនូវភាពម្ចាស់ការ ក្នុងការអនុវត្ត នូវគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ជាពិសេសការគ្រប់គ្រងបុគ្គលិក មន្ត្រីរាជការរបស់រដ្ឋបាលខេត្ត បានល្អប្រសើរ ដែលធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្តមានការជឿជាក់ មកលើការដឹកនាំរបស់រដ្ឋបាលខេត្ត។
ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងបែបនេះ ក្នុងពិធីផ្សព្វផ្សាយ លិខិត បទដ្ឋានគតិយុត្តិ ពាក់ព័ន្ធ និងការគ្រប់គ្រង បុគ្គលិក រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរៀបចំឡើងនៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២២ ដោយរដ្ឋបាលខេត្តកែប នៅសាលាខេត្ត ដែលមានវត្តមានចូលរួម អំពីថ្នាក់ដិកនាំខេត្ត និងមន្ត្រី ពាក់ព័ន្ធ ជាង ១០០នាក់ ។
ឯកឧត្តម រដ្ឋលេខាធិការ ក៍បានបញ្ជាក់បន្ថែមថា សេចក្តីណែនាំ លេខ១៦៩ មស.សណន ស្តីពីគោលការ បែបបទ និងនិតិវិធី នៃការគ្រប់គ្រងបុគ្គលិក រដ្ឋបាលក្រុងស្រុក ដែលនឹងធ្វើការផ្សព្វផ្សាយនេះ គឺជាការពង្រឹងនូវសមត្ថភាពមន្ត្រីរាជការ ក្នុងការអភិវឌ្ឍចំណេះដឹងជំនាញ បទពិសោធន៍ ការងារបន្ថែមទៀត សម្រាប់មន្ត្រីជំនាញ អនុវត្តមុខងារប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើឱ្យសមាជិក សមាជិកា នៃអង្គប្រជុំផ្សព្វផ្សាយ ចូលរួមផ្តល់នូវធាតុចូលបន្ថែមទៀត នូវបញ្ហាដែលបានជួបប្រទះកន្លងមក និងចូលរួមចោទសួរនិងឆ្លើយសំនួរ ឱ្យបានផុលផុស សំដៅរកឱ្យឃើញនូវដំណោះស្រាយ លើការងារគ្រប់គ្រង ការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងគ្រួសារមន្ត្រីរាជការស៊ីវិល នៃរដ្ឋបាលខេត្តក្រុង ស្រុក និងមន្ទីរអង្គភាពជំនាញនានាជុំវិញខេត្ត ឱ្យទទួលបានជោគជ័យ ៕ Sila Sarin