លោក ម៉ារ៉ា សុជាតិ៖ កីឡាជាតិ លើកទី៣ គឺជាឪកាសសម្រាប់អត្តពលិក និងមន្រ្តីបច្ចេកទេសកីឡាប៊ីយ៉ា និងស្នុកឃ័រ ដុសខាត់សមត្ថភាព ត្រៀមស៊ីហ្គេម
ភ្នំពេញ៖ លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការសហព័ន្ធកីឡាប៊ីយ៉ា និងស្នុកឃ័រកម្ពុជា បានថ្លែងប្រាប់ទួរទស្សន៍អប្សរាថា ព្រឹត្តការណ៍កីឡាជាតិលើកទី៣ គឺឪកាសសម្រាប់អត្តពលិក និងមន្រ្តីបច្ចេកទេស ដុសខាត់សមត្ថភាព ត្រៀមព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ។
លោក ម៉ារ៉ា សុជាតិ បញ្ជាក់ទៀតថា កីឡាជាតិលើកទី៣នេះ សហព័ន្ធបានដាក់៦វិញ្ញាសា ស្នុកឃ័រ ៤វិញ្ញាសា ប៊ីយ៉ាភូល ២វិញ្ញាសា អោយអត្តពលិកដែលមានសក្តានុពល២០នាក់ មកពីបណ្តារាជធានី-ខេត្តចំនួន៦ធ្វើការប្រកួតប្រជែង។ លោកអគ្គលេខាធិការ បន្តថា ការប្រកួតខាងលើនេះ នឹងអាចស្វែងរកកីឡាករល្អ មកបណ្តារាជាធានី-ខេត្ត ជ្រើសរើសយកមកធ្វើការហ្វឹកហាត់ពីគ្រូជំនាញរបស់សហព័ន្ធជាមួយក្រុមជម្រើសរើសជាតិ ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ និងការប្រកួតកម្រិតអន្តរជាតិធំៗ ជាពិសេសស៊ីហ្គេមបន្តបន្ទាប់ ដើម្បីដណ្តើមមេដាយ និងមោទកភាពជូនជាតិ។
សម្រាប់កីឡាជាតិនេះដែរ សហព័ន្ធបានត្រៀមទីតាំងចំនួន៣ គឺក្លឹបដែលមានកម្រិតស្តង់ដារចំនួន២ និងសណ្ឋាគារធំមួយ ជាមួយនឹងការរៀបចំយ៉ាងយកចិត្តទុកដាក់ ពីមន្រ្តីបច្ចេកទេស ចៅក្រម អាជ្ញាកណ្តាលរបស់សហព័ន្ធ ដើម្បីអោយការប្រកួតនេះ ទទួលបានជោគជ័យ។
នេះជាការបញ្ជាក់បន្ថែមរបស់លោក ម៉ារ៉ា សុជាតិ។ លោក បន្ថែមទៀតថា បញ្ហាប្រឈមខ្លះៗរបស់សហព័ន្ធ គឺកីឡាការិនីមិនមានច្រើនអាចចូលរួមប្រកួតកម្រិតជាតិ និងអន្តរជាតិទេ តែក្នុងនាមសហព័ន្ធ និងជួសមុខអោយឯកឧត្តម ជុំ កុសល ជាប្រធានសហព័ន្ធ យើងនឹងខិតខំប្រឹងប្រែងបណ្តុះបណ្តាលស្វែងរក និងលើកទឹកចិត្តអោយស្រ្តីចូលរួមលេង និងហ្វឹកហាត់កីឡាប៊ីយ៉ា និងស្នុកឃ័រអោយបានច្រើន ដើម្បីស្វែងរកកីឡាការិនីតំណាងកម្ពុជាធ្វើការប្រកួតកម្រិតអន្តរជាតិដូចកីឡាការិនី ស្រួង ភាវី ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅប្រទេសកូរ៉េខាងត្បូង និងជាជម្រើសរើសជាតិផ្នែកនារីដែលមានសក្តានុពលលើវិញ្ញាសា ប៊ីយ៉ាការ៉ុម ត្រៀមដណ្តើមេដាយជូនកម្ពុជា នៅព្រឹត្តការណ៍ជាប្រវត្តិសាស្រ្តដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។
លោក ម៉ារ៉ា សុជាតិ បន្តថា បញ្ហាប្រឈមមួយទៀត ដោយសារថាបច្ចុប្បន្នមានអ្នកលេងប៊ីយ៉ាច្រើន តែមិនមានអ្នកចង់ធ្វើជាអាជ្ញាកណ្តាល ចៅក្រមនោះទេ គឺពិបាក ពួកគាត់ចង់តែលេងខ្លួនឯង តែចំពោះសហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា បានត្រៀមលក្ខណរួចរាល់ចំពោះអាជ្ញាកណ្តាល មន្រ្តីបច្ចេកទេស សម្រាប់ការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ដោយគ្រោងនឹងជ្រើសរើសពីតំណាងក្លឹបទាំងអស់ទូទាំងប្រទេសពី៤នាក់ទៅ៦នាក់ដែលមានជំនាញផ្នែកកីឡាប៊ីយ៉ា និងចេះភាសាអោយចូលរួមវគ្គបណ្តុះបណ្តាលពីគ្រូឧទ្ទេសមកអន្តរជាតិមកពីសហព័ន្ធកីឡាប៊ីយ៉ាអាស៊ី ដើម្បីអោយសិក្ខាកាមទទួលបានចំណេះជំនាញច្បាស់លាស់ពីច្បាប់ និងនិយាមបច្ចេកទេស ពីការដាក់ពិន្ទុអោយបានត្រឹមត្រូវលើវិញ្ញាសានីមួយៗ ជាពិសេសទទួលបានវិញ្ញាប័នបត្រ និងទទួលស្គាល់ពីកម្រិតអន្តរជាតិ។
សូមបញ្ជាក់ថា ព្រឹត្តការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២៣ គ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី១៩ដល់ថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ លើ៣៨ប្រភេទកីឡា និងកីឡាប៉ារ៉ាឡាំពិក៧ប្រភេទកីឡា ស្មើនឹង៤០៥វិញ្ញាសា នៅទីតាំង៥កន្លែង រាជធានីភ្នំពេញ ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាពហុកីឡដ្ឋានជាតិ មរតកតេជោ ។ ចំពោះកីឡាប៊ីយ៉ា និងស្នុកឃ័រ បានត្រៀមអត្តពលិកចំនួន២០នាក់ មកពី៦បណ្តារាជធានី-ខេត្ត ចូលរួមប្រកួតលើ៦វិញ្ញាសា៕ចាន់ វិចិត្រ