លោក ពូទីន ស្នើបង្កើតមជ្ឈមណ្ឌលថាមពលដ៏សំខាន់មួយនៅតួកគី
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានស្នើសាងសង់មជ្ឈមណ្ឌលឧស្ម័នដ៏សំខាន់មួយនៅក្នុងប្រទេសតួកគី ដើម្បីដោះស្រាយការផ្គត់ផ្គង់ថាមពល ដែលពីមុនបញ្ជូនតាមរយៈបំពង់បង្ហូរឧស្ម័ន Nord Steam ដែលទើបរងការខូចខាតធ្ងន់ធ្ងរ ដោយសារករណីផ្ទុះក្នុងពេលថ្មីៗនេះ។
ផែនការនេះត្រូវបានដាក់ចេញ ក្នុងអំឡុងកិច្ចប្រជុំជាមួយប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្គាន់ ក្នុងប្រទេសកាហ្សាក់ស្ថាន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ សំណើនេះដែរ កើតឡើងនៅពេលដែលរុស្ស៊ីសម្លឹងមើលការបង្វែរការផ្គត់ផ្គង់ដែលនៅឆ្ងាយពីបំពង់បង្ហូរឧស្ម័ន Nord Stream ដែលខូចខាតព្រោះការផ្ទុះកាលពីខែមុន។
លោក ពូទីន បានប្រាប់លោក អឺដូហ្គាន់ ថាថា មជ្ឈមណ្ឌលនេះក៏អាចក្លាយជាវេទិកាសម្រាប់កំណត់តម្លៃឧស្ម័ន ដើម្បីជៀសវាងការធ្វើនយោបាយពាក់ព័ន្ធនឹងបញ្ហានេះ។ លោក ពូទីន បន្តថា នៅក្នុងដំណើរការនៃការងាររបស់មជ្ឈមណ្ឌល ដែលយើងអាចបង្កើតរួមគ្នានេះ ជាការពិត វាក៏នឹងក្លាយជាវេទិកាមិនត្រឹមតែសម្រាប់ការផ្គត់ផ្គង់ថាមពលប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ការកំណត់តម្លៃផងដែរ ពីព្រោះវាគឺជាបញ្ហាសំខាន់ណាស់ ពោលគឺបញ្ហាតម្លៃ។ ជាមួយគ្នានេះ លោក ពូទីន បានហៅតម្លៃឧស្ម័នបច្ចុប្បន្នថា «ខ្ពស់កប់ពពក» ដោយបន្ថែមថា យើងអាចគ្រប់គ្រងបានយ៉ាងងាយស្រួលក្នុងកម្រិតទីផ្សារធម្មតា ដោយមិនមានការឡើងសម្ពាធខាងនយោបាយអ្វីឡើយ។
ប្រធានាធិបតីរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ទៀតថា រុស្ស៊ីផ្គត់ផ្គង់ឧស្ម័នដល់តួកគីក្នុងកម្រិតពេញលេញ ដោយបន្ថែមថា ទីក្រុងអង់ការ៉ាបានក្លាយជាដៃគូដែលគួរឱ្យទុកចិត្តបំផុត សម្រាប់ការផ្ទេរធនធានថាមពលរបស់រុស្ស៊ីទៅកាន់អឺរ៉ុប៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា