លោក ម៉ាក្រុង បញ្ជាក់អំពីគោលជំហរនៃការប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងរុស្ស៊ី
ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ថ្លែងថា ប្រទេសរបស់លោកនឹងមិនឆ្លើយតបដោយអាវុធនុយក្លេអ៊ែរវិញនោះទេ ប្រសិនបើរុស្ស៊ីដាក់ពង្រាយអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៊ុយក្រែន។
ថ្លែងទៅកាន់ទូរទស្សន៍បារាំង France 2 ក្នុងថ្ងៃពុធសប្តាហ៍នេះ លោក ម៉ាក្រុង បាននិយាយថា បារាំងមានគោលលទ្ធិនុយក្លេអ៊ែរដែលបានកំណត់យ៉ាងច្បាស់ ដែលផ្អែកលើផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រទេស។ លោកថា ទាំងនេះត្រូវបានកំណត់យ៉ាងច្បាស់ ហើយនឹងមិនរងផលប៉ះពាល់ដោយផ្ទាល់ទាល់តែសោះ ប្រសិនបើឧទាហរណ៍ មានការវាយប្រហារនុយក្លេអ៊ែរផ្លោងនៅអ៊ុយក្រែន។ លោក ម៉ាក្រុង ក៏បានបង្ហោះសារនៅលើ Twitter កាលពីថ្ងៃពុធសប្តាហ៍នេះដែរថា ប្រទេសបារាំងមិនចង់បានសង្រ្គាមលោកទេ។
បន្ថែមលើនេះ លោក ម៉ាក្រុង ក៏បានធ្វើការអំពាវនាវឲ្យប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បញ្ឈប់សង្គ្រាមផងដែរ ហើយត្រឡប់មករកតុចរចាវិញ ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធីជាមួយអ៊ុយក្រែន។ ខណៈពេលដែលអ៊ុយក្រែនបានច្រានចោលការចរចាជាមួយរុស្ស៊ីនោះ ប្រធានាធិបតីបារាំងរូបនេះ បានអះអាងថា នៅចំណុចណាមួយ.. វានឹងក្លាយជារឿងចាំបាច់៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា