កូរ៉េខាងជើងបាញ់មីស៊ីលចូលសមុទ្រ ក្រោយបញ្ជាយន្តហោះចម្បាំងហោះក្បែរព្រំដែនកូរ៉េខាងត្បូង
ព្យុងយ៉ាង៖ យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លី ចូលទៅក្នុងសមុទ្រ ពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន កាលពីព្រឹកថ្ងៃសុក្រ ទី១៤ ខែតុលានេះ ដែលជាការបាញ់បង្ហោះចុងក្រោយបង្អស់ដោយប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរ។
មុននេះ យោធាកូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានចល័តយន្តហោះយោធាយ៉ាងឆាប់រហ័ស នៅពេលដែលយន្តហោះយោធាកូរ៉េខាងជើង ប្រហែល ១០គ្រឿងបានហោះទៅជិតព្រំដែន ដែលបែងចែកប្រទេសទាំងពីរ ចំពេលមានភាពតានតឹងកាន់តែខ្លាំងចំពោះការសាកល្បងមីស៊ីលកូរ៉េខាងជើង ម្តងហើយម្តងទៀត។
ទីភ្នាក់ងារសារព័ត៌មាន KCNA ផ្លូវការរបស់កូរ៉េខាងជើង បានដកស្រង់សម្តីយោធារបស់ប្រទេសនេះ ដោយនិយាយថា ខ្លួនបានចាត់វិធានការតបតយោធាយ៉ាងខ្លាំងក្លា បន្ទាប់ពីសមយុទ្ធបាញ់កាំភ្លើងធំរបស់កូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍។
ឧប្បត្តិហេតុនេះបានធ្វើឡើងបន្ទាប់ពីរបាយការណ៍របស់ KCNA កាលពីថ្ងៃព្រហស្បតិ៍ថា មេដឹកនាំ គីម ជុងអ៊ុន បានត្រួតពិនិត្យការបាញ់បង្ហោះកាំជ្រួចយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយចំនួនពីរ កាលពីថ្ងៃពុធ ដើម្បីបញ្ជាក់ពីភាពជឿជាក់នៃអាវុធនុយក្លេអ៊ែរ។
ភាពញឹកញាប់នៃការបាញ់កាំជ្រួចរបស់កូរ៉េខាងជើងបានធ្វើឱ្យមានការព្រួយបារម្ភថា ខ្លួនអាចនឹងកំពុងរៀបចំឡើងវិញនូវការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧៕ ប្រភពពី CNA, ដោយ៖ សារ៉ាត