គម្រោងពិព័រណ៍សហគមន៍ ជួយសហគមន៍តំបន់ការពារធម្មជាតិ មានជម្រើសជំនាញ និងមុខរបរថ្មី សម្រាប់បង្កើនជីវភាពគ្រួសារនៅតាមមូលដ្ឋាន
ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋ នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិក្បិតចង្អូរខ្នា នៅក្នុងឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានសំដែងសេចក្តីត្រេកអរ និងបានបង្ហាញពីការពង្រឹងបានការអភិរក្សប្រពៃណីជាតិ ជាពិសេសប្រពៃណីជនជាតិដើមភាគតិច«កួយ» ដែលរស់នៅភាគច្រើនក្នុងតំបន់ ព្រមទាំងអាចបង្កើតបានមុខរបរចិញ្ចឹមជីវិតថ្មីបន្ថែមទៀត។
បន្ទាប់ពីបានបញ្ចប់វគ្គសិក្សាផ្នែកភ្លេងប្រពៃណី រយៈពេល៣ខែ ពីអ្នកជំនាញភ្លេងបុរាណនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បះខេត្តកំពង់ធំ សមាជិកសហគមន៍តំបន់ការពារធម្មជាតិក្បិតចង្អូរខ្នា ទទួលបានការឧបត្ថម្ភជាឧបករណ៍ភ្លេងខ្មែរ១ឈុត ពីក្រសួងបរិស្ថាន តាមរយៈគម្រោងពិព័រណ៍សហគមន៍បន្ថែមទៀត។
លោក ហ៊ាន ហៀក តំណាងក្រុមភ្លេងបុរាណ នៃសហគមន៍តំបន់ការពារធម្មជាតិក្បិតចង្អូរខ្នា បានឱ្យដឹងថា ការជួយឧបត្ថម្ភគាំទ្រ នូវឧបករណ៍ភ្លេងបុរាណរបស់គម្រោងរបស់ក្រសួងបរិស្ថាន នាពេលកន្លងទៅ ដល់ប្រជាពលរដ្ឋជនជាតិដើមភាគតិច បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា អភិរក្សភ្លេងប្រពៃណីបុរាណ ខណៈដែលពួកគាត់ មានការព្រួយបារម្ភខ្លាចបាត់បង់។ លោកបន្ថែមថា ការចេះជំនាញលេងភ្លេងបុរាណ គឺជាការបន្ថែមនូវរបរមួយទៀត សំរាប់ជាចំណូលក្នុងគ្រួសារ តាមរយៈការចេញទៅប្រគុំតាមបណ្តាកម្មវិធីផ្សេងៗនៅតាមមូលដ្ឋាន។
នៅក្នុងឱកាសជួបសំណេះសំណាល ក្រុមតន្រ្តីបុរាណសហគមន៍តំបន់ការពារធម្មជាតិក្បិតចង្អូរខ្នា ក្នុងខេត្តកំពង់ធំ កាលពីរសៀលថ្ងៃព្រហស្បតិ៍ទី១៣ ខែតុលា ឆ្នាំ២០២២ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ នៃគម្រោងពិព័រណ៍សហគមន៍ បានលើកឡើងថា ដើម្បីលើកកម្ពស់ជីវភាពប្រជាសហគមន៍ នៅក្នុងតំបន់ការពារធម្មជាតិ ឲ្យមានជីវភាពល្អប្រសើរ រស់នៅដោយសេចក្តីថ្លៃថ្នូរ និងមានសុភមង្គល ហើយមានមុរបរជាជម្រើសថ្មីៗ បន្ថែមទៀតក្រៅពីការអាស្រ័យផល ទៅលើការចូលព្រៃប្រមូលអនុផលព្រៃឈើ ដែលមិនទាន់គ្រប់គ្រាន់នៅឡើយសំរាប់ផ្គត់ផ្គង់នៅក្នុងជីភាពគ្រួសារ គឺចាំបាច់ប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ត្រូវមានជំនាញ បន្ថែមទៀត ដើម្បីរកប្រាក់ចំណូលយកមកចិញ្ចឹមជីវិត និងអាចមានថវិកាសំរាប់ផ្គត់ផ្គង់ទៅលើការសិក្សារបស់កូនៗ បន្ថែមទៀត។ លោកជំទាវ បានបន្ថែមថា ទាំងអស់នេះហើយគឺជាការគិតគូររបស់ក្រសួងបរិស្ថាន ជុំវិញជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជា។
លោកជំទាវ បានលើកឡើងថា គម្រោងពិព័រណ៍សហគមន៍ បង្កើតឡើងតាំងពីខែមេសា ឆ្នាំ២០២០ ក្នុងគោលបំណង សំដៅឆ្ពោះទៅធ្វើការថែរក្សា ការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ឱ្យមាននិរន្តរភាព តាមរយៈការធ្វើពិពិធកម្មមុខរបរ ក្នុងកំរិតសហគមន៍មូលដ្ឋាន ក្នុងគោលដៅលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋនៅទីនោះ ឱ្យមានជីវភាពល្អប្រសើរឡើង។
សូមបញ្ជាក់ថា ក្នុងពេលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ក្នុងខេត្តកំពង់ធំ លោកជំទាវ បានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់ក្រុមភ្លេងបុរាណរបស់សហគមន៍ និងក្រុមជំនាញសិល្បះ នៃមន្ទីរវប្បធម៌និងវិចិត្រសិល្បះខេត្តកំពង់ធំ និងបានទស្សនាការសំដែងភ្លេងបុរាណ និងរបាំរបស់ក្រុមសិល្បះរបស់ជនជាតិដើមភាគតិច«កួយ» និងនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បះ ព្រមទាំងបានចុះចែកសម្ភារសិក្សាជូនកុមារ នៃប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំសំបូរ ស្រុកសំបូរ ខេត្តកំពង់ធំ ជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំផងដែរ។
សូមបញ្ជាក់ថា គិតរហូតមកដល់បច្ចុប្បន្ននេះមានចំនួន១៩០សហគមន៍តំបន់ការពារធម្មជាតិ ហើយក្នុងចំណោមនោះ ខេត្តកំពង់ធំយើងនេះ មានសហគមន៍តំបន់ការពារធម្មជាតិ សរុបចំនួន១៧ ដែលសហគមន៍មួយចំនួន មានបងប្អូនជនជាតិដើមរស់នៅទីនោះផងដែរ។
កន្លងមក គម្រោងពិព័រណ៍សហគមន៍របស់ក្រសួងបរិស្ថាន បានចុះស្រង់ទិន្ន័យព័ត៌មាន ជួបពិគ្រោះយោបល់ ជាមួយប្រជាសហគមន៍ទាំង១៧ នៅក្នុងខេត្តកំពង់ធំ ពីតម្រូវការពិតប្រាកដ របស់ពួកគាត់ ដើម្បីជួយបង្កើតនូវមុខរបរថ្មីៗ អាចរកចំណូលសម្រាប់ជីវភាពគ្រួសារកាន់តែប្រសើរ។ តាមរយៈគម្រោងពិព័រណ៍សហគមន៍ ប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ក្នុងខេត្តកំពង់ធំ បានសម្រេចជ្រើសរើសយកមុខរបរចំនួន៩ ដើម្បីធ្វើការអភិវឌ្ឍជីវភាពរស់នៅ របស់ពួកគាត់ ដែលភាគច្រើនបានជ្រើសរើសយកការអភិវឌ្ឍមុខរបរផ្នែកកសិកម្ម មានដូចជា ការចិញ្ចឹមសត្វ ការដាំដុះ និងការព្យាបាលជម្ងឺសត្វ ឬពេទ្យសត្វ ជាដើម៕ដោយ៖ម៉ាដេប៉ូ