ប្រមុខការពារជាតិអ៊ុយក្រែនថា អ៊ុយក្រែនបានក្លាយជាសមាជិកជាក់ស្តែងរបស់ណាតូរួចទៅហើយ បើទោះបីជាមិនទាន់ជាផ្លូវការក៏ដោយ
ព្រុចសែល៖ រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន លោក Aleksey Reznikov ថ្លែងថា អ៊ុយក្រែនគឺជាសមាជិកជាក់ស្តែងរបស់អង្គការណាតូ បើទោះបីជាមិនទាន់បានចូលរួមជាផ្លូវការក្នុងប្លុកយោធាដឹកនាំដោយសហរដ្ឋអាមេរិកនេះក៏ដោយ។
លោក Reznikov បានធ្វើសេចក្តីថ្លែងការណ៍ខាងលើនេះនៅលើបណ្តាញសង្គមធ្វីតធើរបស់គាត់ បន្ទាប់ពីកិច្ចប្រជុំជាមួយអគ្គលេខាធិការអង្គការណាតូលោក ជែន ស្តូលធិនប៊ឺគ នៅទីស្នាក់ការកណ្តាលរបស់អង្គការណាតូនៅទីក្រុងប្រ៊ុចសែល ក្នុងថ្ងៃពុធសប្តាហ៍នេះ។ ប្រមុខការពារជាតិអ៊ុយក្រែនរូបនេះបានបញ្ជាក់នៅលើធ្វីតធើយ៉ាងដូច្នេះថា យើងបានមកដល់ផ្លូវឆ្ងាយហើយ ហើយបានចូលរួមជាមួយសម្ព័ន្ធភាពយោធា ហើយអ៊ុយក្រែនសូមអរគុណដល់លោក ស្តូលធិនប៊ឺគ សម្រាប់ការគាំទ្ររបស់គាត់ដល់អ៊ុយក្រែន ចំពេលមានជម្លោះដែលកំពុងបន្តជាមួយរុស្ស៊ី។ លោកថា អ៊ុយក្រែនបានចូលរួមចំណែកយ៉ាងសំខាន់ដល់សន្តិសុខនៃពិភពលោកសេរីរួចហើយ។
លោក Reznikov ក៏បានបង្ហាញទំនុកចិត្តដែរថា ជ័យជំនះលើរុស្ស៊ី និង ការកែទម្រង់ដ៏ជោគជ័យក្នុងស្រុក នឹងបើកចំហរជើងមេឃថ្មីសម្រាប់ប្រទេសរបស់គាត់ ដែលហាក់ដូចជាចង់សំដៅដល់អ៊ុយក្រែន ក្នុងការចូលរួមជាមួយអង្គការណាតូជាផ្លូវការ នៅពេលណាមួយនាពេលអនាគត។
គួរបញ្ជាក់ផងដែរថា រុស្ស៊ីបានចាត់ទុកការពង្រីកខ្លួនទៅទិសខាងកើតរបស់អង្គការណាតូថា ជាការគំរាមកំហែងសន្តិសុខដ៏សំខាន់របស់ខ្លួន។ នៅពេលដែលរុស្ស៊ីចាប់ផ្តើមការវាយលុកយោធាប្រឆាំងនឹងអ៊ុយក្រែនកាលពីចុងខែកុម្ភៈ ការទាមទារដ៏សំខាន់មួយរបស់ខ្លួន នោះគឺអ៊ុយក្រែនត្រូវប្រកាសជាផ្លូវការថា ខ្លួនជាប្រទេសអព្យាក្រឹត ដែលមិនចូលរួមជាមួយសម្ព័ន្ធមិត្តយោធាលោកខាងលិចណាមួយឡើយ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា