ក្រសួងកសិកម្ម នឹងរៀបចំប្រារព្ធខួបលើកទី៤២ ទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២២ ក្រោម ប្រធានបទ “មិនទុកឱ្យនរណាម្នាក់អត់ស្បៀង ផលិតកម្មកើនឡើង អាហារូបត្ថម្ភល្អបរិស្ថានល្អ នាំឱ្យជីវិតកាន់តែ ប្រសើរ”
ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) និងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា(WFP) ព្រមទាំងមានការគាំទ្រ និងឧបត្ថម្ភពីមជ្ឈមណ្ឌលកសិកម្ម អន្តរជាតិកូរ៉េនៅកម្ពុជា KOPIA នឹងរៀបចំប្រារព្ធខួបលើកទី៤២ ទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២២ ក្រោម ប្រធានបទ “មិនទុកឱ្យនរណាម្នាក់អត់ស្បៀងផលិតកម្មកើនឡើង អាហារូបត្ថម្ភល្អបរិស្ថានល្អ នាំឱ្យជីវិតកាន់តែ ប្រសើរ”។
ប្រធានបទនៃទិវានេះបានបំផុសស្មារតីឱ្យយើងទាំងអស់គ្នាយល់ដឹង និងទទួលស្គាល់អំពីតួនាទីដ៏មានសារៈ សំខាន់នៃវិស័យកសិកម្មក្នុងការធានាសុវត្ថិភាពស្បៀង ព្រមទាំងការបង្កើនអាហារូបត្ថម្ភកាន់តែមានគុណភាពល្អ ដោយ គិតគូរពីសុខុមាលភាព និងបរិស្ថាន ដើម្បីធ្វើឱ្យប្រសើរឡើងដល់ជីវិតរស់នៅរបស់ប្រជាជននៃបណ្តាប្រទេសនៅទូទាំង សកលលោក។
ពិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅក្នុងសាលាឃុំក្រាំងលាវ ភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ចាប់ពីម៉ោង៧៖០០ព្រឹកតទៅ ក្រោមអធិបតីភាពឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការជួបជុំថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ អង្គទូត ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីរាជការ តំណាងកសិករ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានប្រមាណជាង៦០០នាក់៕សេឌី+លីដា