សម្តេចតេជោ ហ៊ុន សែន ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារ ដែលបានបាត់បង់កូនៗ និងចៅៗជាទីស្រឡាញ់ នៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លងដឹកសិស្សចេញពីសាលាទៅផ្ទះ នៅឃុំកំពង់ភ្នំ ស្រុកលើកដែក
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ បានចូលរួមរំលែកទុក្ខយ៉ាងក្រំបំផុតជាមួយក្រុមគ្រួសារ ដែលបានបាត់បង់កូនៗ និងចៅៗជាទីស្រឡាញ់ នៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លងដឹកសិស្សចេញពីសាលាទៅផ្ទះ នៅឃុំកំពង់ភ្នំ។
តាមរយៈសារតាមបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រំបំផុតជាមួយបងប្អូនក្រុមគ្រួសារ ដែលបានបាត់បង់កូនៗនិងចៅៗជាទីស្រឡាញ់នៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដែលបានបណ្តាលអោយស្លាប់ជាច្រើននាក់ និងមួយចំនួនត្រូវបានជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងមួយចំនួនទៀតនៅកំពុងបាត់ខ្លួននៅឡើយ»។
សម្តេចបានបង្គាប់ឱ្យ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ចូលរួមបន្តស្វែងរកអ្នករងគ្រោះ និងចូលរួមដោះស្រាយជួយដល់បងប្អូនក្រុមគ្រួសារនៃសពនិងជនរងគ្រោះឱ្យបានទាន់ពេលវេលដ៏លំបាកបំផុតនេះ។
ជាមួយគ្នានេះ សម្តេចបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសដែលរស់នៅតាមមាត់ទន្លេមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលដែលស្ថានភាពទឹកជំនន់កំពុងកើនឡើង។
សូមបញ្ជាក់ថា កាលពីព្រលប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ មានករណីលិចទូកចម្លងនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល បានបណ្តាលឲ្យសិស្សានុសិស្ស ដែលជិះលើទូកប្រមាណ១៥នាក់ បានធ្លាក់ចូលទឹក។ របាយការណ៍ចុងក្រោយរបស់សមត្ថកិច្ច រហូតដល់ព្រឹកនេះ បានឱ្យដឹងថា សមត្ថកិច្ចបានរកឃើញសាកសពក្មេងលង់ទឹកនេះ៧នាក់ សង្គ្រោះ៤នាក់ និងកំពុងបាត់ខ្លួន៤នាក់ផងដែរ ៕ សេឌី+លីដា