ករណីលិចទូកចម្លងនៅស្រុកលើកដែក សមត្ថកិច្ចរកឃើញជនរងគ្រោះ ១២នាក់ ស្លាប់៨នាក់ និងកំពុងរុករក ៣នាក់ទៀត
ភ្នំពេញ៖ ករណីលិចទូកចម្លងនៅស្រុកលើកដែក ខេត្តកណ្តាល ក្រុមសមត្ថកិច្ចជំនាញនៃស្នងការនគរបាលខេត្តកណ្តាល បានរកឃើញរកជនរងគ្រោះសរុប ១២នាក់ហើយ ក្នុងចំណោម ១៥នាក់ដែលសមត្ថកិច្ចបានប៉ាន់ស្មាន ក្នុងនោះរកឃើញអ្នកស្លាប់ចំនួនប្រាំបីនាក់ បួននាក់ត្រូវបានជួយសង្គ្រោះ និងបន្តបាត់ខ្លួន បីនាក់ទៀត។ នេះបើគិតត្រឹមព្រឹកថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២។
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានគូសបញ្ជាក់នៅព្រឹកថ្ងៃសុក្រនេះថា សមត្ថកិច្ចជំនាញ បានរកឃើញសាកសពជនរងគ្រោះចំនួនបួននាក់បន្ថែមទៀត ដែលតួលេខនេះបូករួមនឹងព្រហស្បតិ៍ម្សិលមិញ។ ដូច្នោះ ចំនួនអ្នកស្លាប់កើនដល់ប្រាំបីនាក់ ខណៈ បួននាក់កំពុងជួយសង្គ្រោះ និងបីនាក់ផ្សេងទៀតសមត្ថកិច្ចកំពុងរុករក។
តាមការវាយតម្លៃបឋម នៃមន្ត្រីជំនាញដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ឧបទ្ទវហេតុលិចទូកដែលបានកើតឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍ទី១៣ខែតុលានៅឃុំកំពង់ភ្នំ ស្រុកលើកដែក បណ្ដាលមកពីម្ចាស់ទូកដាក់មនុស្សលើសចំណុះ ធ្វេសប្រហែស គ្មានភាពប្រុងប្រយ័ត្ន ព្រមទាំងគ្មានអាវពោងសម្រាប់ការពារផង។
យ៉ាងណាក៏ដោយសម្រាប់មូលហេតុជាក់លាក់នៃការលិចទូកចម្លងនេះ នៅមិនទាន់វាយតម្លៃបាននៅឡើយទេ ដោយហេតុមន្ត្រីជំនាញកំពុងខិតខំស្វែងរកជនរងគ្រោះដែលបាត់ខ្លួនជាមុនសិន។ នេះបានតាមការគូសបញ្ជាក់ពីលោក នូវប៉ែង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល។
នៅព្រឹកថ្ងៃទី១៤ ខែតុលានេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានផ្ញើសាររំលែកទុក្ខដល់ជនរងគ្រោះ ក្នុងឧបទ្ទវហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះនេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ៖ «ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយបងប្អូនក្រុមគ្រួសារដែលបានបាត់បង់កូនៗនិងចៅៗជាទីស្រឡាញ់ នៅក្នុងឧបទ្ទវហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដែលបានបណ្តាលឱ្យស្លាប់ជាច្រើននាក់ និងមួយចំនួនត្រូវបានជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងមួយចំនួនទៀតនៅកំពុងបាត់ខ្លួននៅឡើយ»។
ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវឱ្យសមត្ថកិច្ចនិងអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់បន្តចូលរួមស្វែងរកនិងសង្គ្រោះជនរងគ្រោះឱ្យទាន់ពេលវេលានិងអំពាវដល់ពលរដ្ឋ ជាពិសេសអ្នករស់នៅក្បែរមាត់ទន្លេឱ្យមានការប្រុងប្រយ័ត្នក្នុងស្ថានភាពទឹកជំនន់នេះ។
គួរជម្រាបថា ផ្អែកតាមការសន្និដ្ឋានបឋមរបស់ស្នងការខេត្តកណ្តាលលោក ឈឿន សុចិត្ត មានការបាត់ខ្លួនជនរងគ្រោះដែលជាសិស្សសាលាប្រមាណ ១៤ ទៅ ១៥ នាក់ ដែលបានចេញពីសាលារៀន រួចក៏ជិះទូកដឆ្លងទៅកាន់ផ្ទះរបស់ពួកគេ នៅលើកូនកោះក្នុងភូមិកោះចំរើន។ ប៉ុន្តែជាអកុសល ក៏ជួបប្រទះគ្រោះថ្នាក់នេះ ដែលលោកថា កន្លងមក គ្មានគ្រោះថ្នាក់បែបនេះកើតឡើងនោះឡើយ តែលើកនេះ ដោយសារបញ្ហាទឹកជន់ឡើងពេក ទើបជួបហេតុការណ៍អាក្រក់បែបនេះ។
គួររំឭកដែរថា នៅយប់ថ្ងៃព្រហស្បតិ៍ ថ្ងៃទី១៣ ខែតុលា មានសេចក្តីរាយការណ៍ពីករណីលិចទូកដទទឹង ដែលបានកើតឡើងនៅវេលាម៉ោងប្រមាណ ៧យប់ ស្ថិតនៅចំណុចកំពង់ចម្លងទូកដទទឹងស្ថិតក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក។ ប៉ុន្មានម៉ោងក្រោយមក លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានដឹកនាំកម្លាំងចុះត្រួតពិនិត្យនិងជួយសង្គ្រោះករណីលិចទូកនេះ រួមសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកលើដែក កម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំ ប្រជាការពារ និងប្រជាពលរដ្ឋមូលដ្ឋាន៕
ដោយ៖ សំបាន ច័ន្ទដារ៉ា