អង្គការសុខភាពអំពាវនាវឱ្យមានវិធានការថ្មីដើម្បីដោះស្រាយបញ្ហាសុខភាពផ្លូវចិត្តនៅកន្លែងធ្វើការ
អន្តរជាតិ៖អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឱ្យមានសកម្មភាពជាក់ស្តែង ដើម្បីដោះស្រាយបញ្ហាសុខភាពផ្លូវចិត្តសម្រាប់បុគ្គលិកនៅកន្លែងធ្វើការងារ។ ការអំពាវនាវនេះ កើតឡើងក្រោយអង្គការសុខភាពពិភពលោករកឃើញពីការខាតបង់យ៉ាងច្រើនលើសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺធ្លាក់ទឹកចិត្ត និងការថប់អារម្មណ៍។
តាមការប៉ាន់ស្មាន ថ្ងៃធ្វើការចំនួនចំនួន ១២ពាន់លានថ្ងៃ ត្រូវបានបាត់បង់ជារៀងរាល់ឆ្នាំដោយសារតែជំងឺធ្លាក់ទឹកចិត្ត ក្តីបារម្ភ និងការថប់អាម្មណ៍ដែលធ្វើឱ្យសេដ្ឋកិច្ចពិភពលោក ខាតបង់ជិតថវិកាជិត មួយទ្រីលានដុល្លារ។គោលការណ៍ណែនាំរបស់ WHO ស្តីពីសុខភាពផ្លូវចិត្តដែលមានគោលបំណងឆ្លើយតបនឹងបញ្ហានេះ ត្រូវបានចេញផ្សាយកាលពីចុងខែកញ្ញាកន្លងទៅ។
គោលការណ៍ណែនាំជាសកលរបស់ WHO ស្តីពីសុខភាពផ្លូវចិត្តនៅកន្លែងធ្វើការ ណែនាំសកម្មភាពដើម្បីដោះស្រាយហានិភ័យចំពោះសុខភាពផ្លូវចិត្ត ដូចជាបន្ទុកការងារធ្ងន់ អាកប្បកិរិយាអវិជ្ជមាន និងកត្តាផ្សេងទៀតដែលបង្កើតទុក្ខព្រួយនៅកន្លែងធ្វើការ។
ជាលើកដំបូងគេ WHO ណែនាំការបណ្តុះបណ្តាលដល់អ្នកគ្រប់គ្រង ដើម្បីកសាងសមត្ថភាពរបស់ពួកគេ ក្នុងការជៀសវាងនូវបរិយាកាសការងារដែលមានភាពតានតឹង និងត្រូវដោះស្រាយចំពោះករណីបុគ្គលិកណាដែលមានទុក្ខព្រួយ ឬប៉ះពាល់ផ្នែកអាម្មណ៍។
របាយការណ៍សុខភាពផ្លូវចិត្តរបស់ WHO ដែលបានបោះពុម្ពផ្សាយក្នុងខែមិថុនាឆ្នាំ ២០២២នេះ បង្ហាញថា ក្នុងចំណោមមនុស្សមួយពាន់លាននាក់ដែលរស់នៅជាមួយជំងឺផ្លូវចិត្តក្នុងឆ្នាំ ២០១៩ មាន ១៥ភាគរយ ជាមនុស្សពេញវ័យដែលមានអាយុធ្វើការបានជួបប្រទះបញ្ហាផ្លូវចិត្ត។
ការរើសអើង និងវិសមភាព ត្រូវបានរកឃើញថាជាកត្តាដែលជះឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវចិត្ត ។ ក្រៅពីនេះ ការគំរាមកំហែង និងអំពើហិង្សាផ្លូវចិត្ត នៅកន្លែងធ្វើការ ក៏ជះឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវចិត្តដែរ។ ប៉ុន្តែ ការពិភាក្សា ឬការបង្ហាញអំពីសុខភាពផ្លូវចិត្ត នៅតែជាបម្រាមនៅក្នុងការកំណត់នៃការងារនៅទូទាំងពិភពលោក។
គោលការណ៍ណែនាំ ក៏បានណែនាំផងដែរនូវវិធីល្អប្រសើរជាងមុន ក្នុងការបំពេញតម្រូវការរបស់បុគ្គិលិកដែលមានស្ថានភាពសុខភាពផ្លូវចិត្តមិនល្អ ដោយស្នើអន្តរាគមន៍ដែលគាំទ្រដល់ការវិលត្រឡប់របស់ពួកគេឲ្យទៅធ្វើការវិញ។ ហើយសម្រាប់អ្នកដែលមានស្ថានភាពសុខភាពផ្លូវចិត្តធ្ងន់ធ្ងរ ត្រូវផ្តល់អន្តរាគមន៍ដែលជួយសម្រួលដល់ការចូលធ្វើការនៅកន្លែងដែលមានប្រាក់ឈ្នួល។ សំខាន់ផងដែរនោះ គោលការណ៍ណែនាំនេះ បានអំពាវនាវឱ្យមានអន្តរាគមន៍សំដៅលើការការពារសុខភាព មនុស្សធម៌ និងបុគ្គលិកសង្គ្រោះបន្ទាន់។
លោកវេជ្ជបណ្ឌិត តេដ្រូស ប្រធានអង្គការសុខភាពពិភពលោក បាននិយាយថា៖ «វាដល់ពេលហើយ ដែលត្រូវផ្តោតលើបញ្ហាការងារដែលប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់យើងគ្រប់គ្នា»។ លោកបន្តថា សុខុមាលភាពរបស់បុគ្គលម្នាក់ៗ គឺជាហេតុផលគ្រប់គ្រាន់ដើម្បីធ្វើសកម្មភាពឆ្លើយតបនឹងបញ្ហាសុខភាពផ្លូវចិត្តនៅកន្លែងធ្វើការ។ សុខភាពផ្លូវចិត្តមិនល្អ អាចជះឥទ្ធិពលអាក្រក់ដល់ដំណើរការ និងផលិតភាពរបស់បុគ្គលម្នាក់ៗផងដែរ។
សម្រាប់លោកប្រធានអង្គការសុខភាពពិភពលោក គោលការណ៍ណែនាំថ្មីទាំងនេះ អាចជួយការពារស្ថានភាពការងារ និងវប្បធម៌អវិជ្ជមាន និងផ្តល់ការការពារ និងជំនួយសុខភាពផ្លូវចិត្តដែលត្រូវការច្រើនសម្រាប់អ្នកធ្វើការគ្រប់ៗគ្នា៕
ដោយៈលី លីយ៉ា
ប្រភពព័ត៌មាន៖
https://www.who.int/news/item/28-09-2022-who-and-ilo-call-for-new-measures-to-tackle-mental-health-issues-at-work